កងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រកាសថា នឹងចល័តកម្លាំងប្រដាប់អាវុធ និង រថពាសដែកចេញពីភ្នំពេញទៅកាន់ខេត្តកំពង់ឆ្នាំងនៅថ្ងៃស្អែកនេះ ដើម្បីហ្វឹកហ្វឺនបើកបររថពាសដែក ប្រើប្រាស់បំពាក់គ្រឿងសព្វាវុធ និងបាញ់គ្រាប់ពិត។
តាមសេចក្តីជូនដំណឹរបស់កងរាជអាវុធហត្ថចុះថ្ងៃទី៣០ខែឧសភា បញ្ជាក់ថា ថ្ងៃទី២ខែមិថុនា នឹងមានការចល័តកងកម្លាំង និងរថពាសដែកនេះ ចេញពីបន្ទាយកងអន្តរាគមន៍(បឹងតាមោក)រាជធានីភ្នំពេញ ទៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ ខេត្តកំពង់ឆ្នាំង។
តាមការបញ្ជាក់របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសការចល័តកម្លាំងប្រដាប់អាវុធ និងរថពាសដែកនេះ ដើម្បីចូលរួមការហ្វឹកហាត់ នឹងបាញ់គ្រាប់ពិតដែលប្រព្រឹត្តិទៅពីថ្ងៃទី៤ខែមិថុនាដល់ថ្ងៃទី២ខែតុលាឆ្នាំ២០១៩នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ។









