ត្រូវការឈ្នះតែមួយលើកទៀត ឡុង ណយសាវ នឹងមានឱកាសគ្រងជើងឯក

បង្គោលខៀវ ឡុង ណងសាវ ក្រោយទទួលបានជ័យជម្នះក្ដៅៗនៅក្នុងការឆ្លងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ត កាលពីថ្ងៃទី១ ខែមិថុនា ក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯក TV5 Knock out Series by K-Cement រដូវកាលទី៥។ រូបភាព៖ វង្ស សុម៉ាលីន

ក្រោយទទួលបានជ័យជម្នះក្ដៅៗនៅក្នុងការឆ្លងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ត កាលពីថ្ងៃទី១ ខែមិថុនា ក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯក TV5 Knock out Series by K-Cement រដូវកាលទី៥ បង្គោលខៀវ ឡុង ណងសាវ បង្ហាញការរំពឹងយ៉ាងខ្លាំង ។

លោកថា ខ្លួនត្រូវការឈ្នះតែមួយប្រកួតទៀតប៉ុណ្ណោះ នឹងបានឡើងទៅប្រកួតដណ្ដើមយកចំណាត់ថ្នាក់ជើងឯក និងទឹកប្រាក់៤ពាន់ដុល្លារដែលខ្លួនស្រម៉ៃ។ បង្គោលខៀវ ឡុង ណងសាវ និយាយថា តាំងពីមានឈ្មោះឡើងប្រកួតក្នុងការជ្រើសរើសជើងឯកមួយនេះ លោកមិនដែលទទួលការប្រកួត ឬធ្វើការអ្វីនោះទេ គឺដឹងតែព្រឹកឡើងហាត់រត់កុំអោយឆាប់ហត់ និងល្ងាចឡើងចូលហាត់ជាមួយគ្រូ ដើម្បីដាក់សម្ពាធខ្លួនឯង។ អុីចឹងហើយទើបលោកសប្បាយចិត្ត ដែលបានឈ្នះទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលមានន័យថា គឺទោះជាបរាជ័យនៅ២ប្រកួតចុងក្រោយ ក៏នៅតែបានលេខ៤ ក្នុងចំណោមអ្នកលើកពាន។

យ៉ាងណាមិញ លោកថា ខ្លួនមិនត្រូវការលេខ៣ ឬលេខ៤ នោះទេ គឺដាច់ខាតត្រូវតែប្រឹងអោយឈ្នះប្រកួតទៀត ក្នុងវគ្គស្វែងរកអ្នកឈ្នះក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីបានឡើងប្រកួតយកលេខ១ និងលេខ២ ដែលលោកប្រកាសថា បើទោះមិនបានជើងឯក ក៏ត្រូវតែយកអោយបានជើងឯករងនោះដែរ។

លោកថា លោកមានជំនឿចិត្តសម្រាប់ការឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ដោយសម្អាងថា អ្វីដែលលោកបានប្រឹងក្នុងរយៈពេលហ្វឹកហាត់ក្នុងមួយរយៈចុងក្រោយ គឺអាចទុកចិត្ត។ លោកប្រកាសទៅកាន់អ្នកគាំទ្រថា សម្រាប់ការប្រកួតជម្រុះយក២នាក់ទៅប្រកួតដណ្ដើមជើងឯក ក្នុងវគ្គផ្ដាច់ព្រ័ត្រ គឺលោកសង្ឃឹមច្រើន ដោយលោកបញ្ជាក់ថា គឺទោះជាលទ្ធផលជាក់ស្ដែងនឹងមានសញ្ញាបែបណាក៏លោកត្រូវតែមានជំនឿចិត្តនោះដែរ ដើម្បីផ្ដល់កម្លាំងចិត្តអោយខ្លួនឯង ដែលខំប្រឹងប្រែងតាំងពីមានឈ្មោះប្រកួតជម្រុះ។

លោក សេង កដិកា អ្នករៀបចំការប្រកួត បានថ្លែងបញ្ជាក់ថា ការប្រកួតក្នុងដំណាក់កាលនេះ នឹងកាន់តែល្អមើល ដោយសារតែអ្នកឈ្នះទាំង៨នាក់ កំពុងចាប់គូគ្នាប្រកួតយកតែ៤នាក់ ហើយ៤នាក់ដែលមានឱកាសបានឡើង ក៏សុទ្ធតែមានមហិច្ឆិតាឡើងទៅដណ្ដើមតំណែងជើងឯក។ លោកថា អ្នកបានឡើងទៅវគ្គ៤នាក់ សុទ្ធតែមានឱកាសកាន់ពានជើងឯក ប៉ុន្តែ នឹងមានតែម្នាក់ប៉ុណ្ណោះ ទទួលបានពានជើងឯក និងទឹកប្រាក់៤ពាន់ដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ