កម្ពុជា ​រក្សា​ជំហរ​ស្វាគមន៍​ទីម័រ​ខាង​កើត​ចូល​ជា​សមាជិក​អាស៊ាន

ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នេះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក​ Dionisio Babo Soares រដ្ឋមន្ត្រីការបរទេស នៃប្រទេស​ទីម័រលេស​ (​Timor-Leste) នៅវិមានសន្តិភាព។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

ប្រទេស​កម្ពុជា ​ប្រកាស​រក្សា​ជំហរ​ក្នុង​ការ​គាំទ្រ​សាធារណរដ្ឋ​ទីម័រ​ខាង​កើត​ចូល​ជា​សមាជិក​អាស៊ាន​ ដោយ​ថា​ ដើម្បី​ឲ្យ​ប្រទេស​ដែល​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ទាំង​អស់​អាច​រួម​គ្នា​​តែ​មួយ។

ប្រទេស​ទី​ម័រ​ខាង​កើត​បាន​ព្យាយាម​ម្ដង​ហើយ​ម្ដង​ទៀត​ ដើម្បី​ទទួល​តំណែង​ជា​សមាជិក​អាស៊ាន ​ចាប់​តាំង​ពី​ឆ្នាំ២០១១​មក​ ទោះ​ជា​យ៉ាង​ណា​ មាន​តែ​ប្រទេស​កម្ពុជា ថៃ ឥណ្ឌូណេស៊ី និង​ហ្វីលីពីន ប៉ុណ្ណោះ​ដែល​គាំទ្រ​ដល់​ប្រទេស​នេះ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ លោក កេត សោផាន់ មាន​ប្រសាសន៍​ប្រាប់ ​VOD ថា ​ប្រទេស​កម្ពុជា​នៅ​តែ​រក្សា​ជំហរ​ដដែល​ក្នុង​ការ​គាំទ្រ​សាធារណរដ្ឋ​ទីម័រ​ខាង​កើត​ជា​សមាជិក​អាស៊ាន​ ដោយ​ថា​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គោល​គំនិត​របស់​អាស៊ាន​ និង​ឃើញ​ពី​ស្ថាន​ភាព​ប្រទេស​នេះ​ដូច​ទៅ​នឹងអតីតកាល​​របស់​កម្ពុជា​មុន​ចូល​អាស៊ាន។

លោក​ថា៖ «សុំ​រម្លឹក​ផង​ដែរ​ថា ​នៅ​ឆ្នាំ​២០១៦ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ លោក​បាន​អញ្ជើញ​ទៅ​ទីម័រឡេស្តេ ហើយ​ថ្នាក់​ដឹក​នាំ​ លោក​បាន​កត់​សម្គាល់​ទីម័រឡេស្តេ គឺដូច​ទៅ​នឹង​ពេល​ដែល​កម្ពុជា​ដាក់​ពាក្យ​ចូល​ជា​សមាជិក​អាស៊ាន​ដំបូង​ផង​ដែរ។ អ៊ីចឹង​ ទើប​បាន​ជា​ថ្នាក់​ដឹក​នាំ​កម្ពុជា​ លោក​ឃើញ​ថា​ អាស៊ាន​គួរ​តែ​គាំទ្រ​បេក្ខភាព​ទីម័រឡេស្តេ​ចូល​ជា​សមាជិក​អាស៊ាន​ផង​ដែរ​ »។

​​ការ​លើក​ឡើង​របស់​ក្រសួង​ការបរទេស​នេះ​នៅ​ពេល​នេះ ​គឺ​បន្ទាប់​ពី​រដ្ឋមន្ត្រី​ការបរទេស​ទីម័រ​ខាងកើត​លោក​ Dionisio Babo Soares បាន​ជួប​ជា​មួយ​នាយករដ្ឋមន្ត្រី​កម្ពុជា និង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​កាល​ពី​ម្សិលមិញ។

​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​កាល​ពី​ម្សិលមិញ ​ក៏​បាន​លើក​ឡើង​ផង​ដែរថា​​ លោក​នាយករដ្ឋមន្ត្រី​បាន​គាំទ្រ​ចំពោះ​ប្រទេស​ទីម័រ​ខាង​កើត នឹង​បាន​លើក​ឡើង​ថា ប្រទេស​នេះ​បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​ចូល​ជា​សមាជិក​អាស៊ាន​រួច​រាល់​ហើយ។

ក្នុង​ហ្វេសប៊ុក ​លោក ហ៊ុន សែន សរសេរ​ថា៖ «សម្ដេច​តេជោ​បាន​កត់​សម្គាល់​ថា​ ប្រទេស​ទីម័រ​លេស​បាន​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ​សម្រាប់​ការ​ចូល​ខ្លួន​ជា​សមាជិក​អាស៊ាន​ ទាំង​ការ​រៀបចំ​ឲ្យ​មាន​ស្ថាន​ទូត​នៅ​គ្រប់​ប្រទេស​ទាំងអស់​នៅ​ក្នុង​បណ្ដា​ប្រទេស​អាស៊ាន ក៏​ដូចជា ​សមត្ថភាព​របស់​មន្ត្រី​រាជការ រួម​ទាំង​ផ្នែក​សេដ្ឋកិច្ច​  និង​ហិរញ្ញវត្ថុ​របស់​ប្រទេស​ទីម័រលេស​ផង​ដែរ»។

អ្នក​វិភាគ​នយោបាយ លោក ឯម សុវណ្ណារ៉ា គាំទ្រ​ចំពោះ​នយោបាយ​ការទូតរបស់​កម្ពុជា​​បែប​នេះ​ដោយ​ថា ​វា​នឹង​ផ្ដល់​ប្រយោជន៍​ដល់​ប្រទេស​កម្ពុជា​វិញ​នៅ​លើ​ឆាក​អន្តរជាតិ។

លោក មានប្រសាសន៍​ថា៖ «កាល​ណា​យើង​មាន​គោល​នយោបាយ​ការបរទេស​គាំទ្រ​រដ្ឋ​មួយ រដ្ឋ​មួយ​ទៀត​ក៏​មាន​កាតព្វកិច្ច​ និង​ទំនាក់​ទំនង​ការទូត​ តប​ស្នង​ ឬ​ក៏​រក្សា​នូវ​មិត្តភាព​ដូច​ដែល​កម្ពុជា​ធ្វើ​ចំពោះ​ទីម័រ​ខាង​កើត​ដែរ។ ដូច្នេះ​ បើ​គិត​ត្រឹម​ក្រប​ខណ្ឌ​តំបន់ ​អាស៊ាន​ត្រូវ​ការ​ការ​គាំទ្រ​ទាំង​១០​ប្រទេស​ អនុម័ត​ឯកច្ឆន្ទ​តែ​ក្នុង​ក្រប​ខណ្ឌ​អន្តរជាតិ​ កម្ពុជា​អាច​បាន​ផល​ចំណេញ​ច្រើន​ពាក់ព័ន្ធ​ទៅ​នឹង​នយោបាយ​ការ​បរទេស។ ថ្វីត្បិត​តែ​រដ្ឋ​តូច ​តែ​ក្នុង​អង្គការ​សហប្រជាជាតិ​មាន​មួយ​សំឡេង​ដូច​គ្នា»។  ​​

ចាប់​តាំង​ពី​ទទួល​ឯករាជ្យ​ពី​​ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ឆ្នាំ​២០០២​មក​ សាធារណរដ្ឋ​ទីម័រ​ខាងកើត​បាន​បង្ហាញ​ពី​បំណង​ជា​បន្តបន្ទាប់​ក្នុង​ការ​ចូល​ជា​សមាជិក​អាស៊ាន។

ក្នុង​ឆ្នាំ​២០១១ ​ប្រទេស​នេះ​បាន​ដាក់​ឯកសារ​ជា​ផ្លូវ​ការ ដើម្បី​សុំ​ចូល​ជា​សមាជិក​អាស៊ាន​ តែ​ទោះ​ជា​យ៉ាង​ណា បំណង​នេះ​មិន​ត្រូវ​បាន​ស្វាគមន៍​ដោយ​សមាជិក​ភាគ​ច្រើន​នោះ​ទេ​។ បច្ចុប្បន្ន​សាធារណរដ្ឋ​ទីម័រខាង​កើត​មាន​ឋានៈ​ជា​អ្នក​សង្កេត​ការណ៍​អាស៊ាន ខណៈ​ក្រុម​ការងារ​អាស៊ាន​កំពុង​ពិនិត្យ​ទៅ​លើ​ស្ថានភាព​​នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌របស់​ប្រទេស​នេះ​ មុន​នឹង​សម្រេច​ថា​អនុញ្ញាត ​ឬ​មិន​អនុញ្ញាតឲ្យចូលជាសមាជិក​៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ