អាមេរិក​នឹង​លក់​យន្ត​ហោះ​ស៊ើប​ការណ៍​សម្ងាត់​តូចៗ​ឲ្យ​សម្ព័ន្ធ​មិត្ត​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង

យន្តហោះ​ស៊ើបការណ៍​សម្ងាត់​​ឈ្មោះ​ថា ScanEagle។ រូបភាព៖ វេបសាយបរទេស

អាមេរិក​គ្រោង​លក់​យន្ត​ហោះ​ស៊ើប​ការណ៍​សម្ងាត់​គ្មាន​មនុស្ស​បើក​ ទៅ​ឲ្យ​ប្រទេស​សម្ព័ន្ធ​មិត្ត​ចំនួន ៤ នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​ នៅ​ថ្ងៃ​នេះ។

ទីភ្នាក់ងារ​ព័ត៌មាន​មួយ​នេះ បាន​ចុះ​ផ្សាយ​បែប​នេះ​ដោយ​បាន​ដក​ស្រង់​សម្ដី​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ស្ដី​ទី​អាមេរិក លោក Patrick Shanahan ដែល​បាន​ថ្លែង​ថា អាមេរិក​នឹង​មិន​ដើរ​តាម​ដាន​ជើង​ចិន​នៅ​តំបន់​អាស៊ី​នោះ​ឡើយ។

Reuters បាន​ដក​ស្រង់​សម្ដី​មន្ទីរ​បញ្ចកោណ​អាមេរិក ដែល​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ថា ខ្លួន​នឹង​លក់​យន្តហោះ​ស៊ើបការណ៍​សម្ងាត់​​ឈ្មោះ​ថា ScanEagle ចំនួន ៣៤​គ្រឿង ទៅ​ឲ្យ​រដ្ឋាភិបាល​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន និង​វៀតណាម។

បើ​តាម Reuters យន្តហោះ​ស៊ើបការណ៍​សម្ងាត់​គ្មាន​មនុស្ស​បើក​បរ​ទាំង ៣៤​គ្រឿង​នោះ ត្រូវ​បាន​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន Boeing មាន​តម្លៃ​សរុប​ដល់​ទៅ ៤៧​លាន​ដុល្លារ ហើយ​គ្រោង​បញ្ចប់​រួច​រាល់​នៅ​ឆ្នាំ​២០២២។

Reuters បាន​រាយការណ៍​ថា យន្តហោះ​ស៊ើប​ការណ៍​សម្ងាត់​ប្រភេទ​នេះ មាន​សមត្ថភាព​អាច​ប្រមូល​ព័ត៌មាន​សម្ងាត់​បាន​យ៉ាង​ធំធេង អាច​ទប់​ស្កាត់​សកម្មភាព​ចិន​នៅ​ក្នុង​តំបន់​បាន។

ចិន​បាន​អះ​អាង​ជា​ម្ចាស់​លើ​ដែន​ទឹក​ស្ទើ​តែ​ទាំង​អស់​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ហើយ​តែង​តែ​ថ្កោល​ទោស​ចំពោះ​ប្រតិបត្តិការ​កង​ទ័ព​ជើង​ទឹក​របស់​អាមេរិក និង​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​ នៅ​ជិត​បណ្ដា​កោះ​កាន់​កាប់​ដោយ​ចិន។ ទោះជាយ៉ាងណា ប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និង​វៀតណាម សុទ្ធ​តែ​អះ​អាង​ជា​ម្ចាស់​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ