របាយការណ៍ស្ទង់មតិរបស់បណ្ដាញសហជីពអន្តរជាតិដែលចេញនៅថ្ងៃនេះ បានបង្ហាញថា កម្មករកាត់ដេរកម្ពុជា ទទួលបានប្រាក់ឈ្នួលក្នុងកម្រិតស្ថិតនៅយ៉ាងឆ្ងាយពីកម្រិតមួយដែលត្រូវបានវាយតម្លៃថា អាចទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគេបាន។
បើតាមរបាយការណ៍របស់ខ្លួនកម្រាស់ ៧៨ទំព័រ ក្រោមចំណងជើងថា «Tailored Wage 2019» ដែលបកស្រាយអំពីស្ថានភាពកម្រិតប្រាក់ឈ្នួលរបស់កម្មករក្នុងវិស័យកាត់ដេរនៅលើពិភពលោកនោះ សហជីពអន្តរជាតិ Clean Clothes Campaign បានបង្ហាញថា កម្មករកាត់ដេរកម្ពុជាសព្វថ្ងៃនេះ ទទួលបានប្រាក់ឈ្នួលទាបបំផុតចំនួន ១៨២ដុល្លារក្នុងមួយខែ ប៉ុន្តែ នេះជាតួលេខមួយនៅឆ្ងាយពីតួលេខ ៥០៤ដុល្លារ ដែលរបាយការណ៍នេះចាត់ទុកថា ជាកម្រិតប្រាក់ឈ្នួលដែលអាចទ្រទ្រង់ជីវភាពកម្មករឲ្យរស់នៅបានសមរម្យ។
របាយការណ៍នេះ បានឲ្យដឹងថា កម្មករកម្ពុជាគួរតែទទួលបានប្រាក់ឈ្នួលចំនួន ៥០៤ដុល្លារក្នុងមួយខែ ដើម្បីអាចឲ្យពួកគេទ្រទ្រង់ការចំណាយលើម្ហូបអាហារ តម្លៃផ្ទះជួល ការចំណាយលើសេវាថែទាំសុខភាព ការអប់រំកូនចៅ សម្លៀកបំពាក់ ការធ្វើដំណើរ និងប្រាក់សម្រាប់សន្សំទុកខ្លះ។
បើតាមតួលេខក្នុងរបាយការណ៍នេះ កម្មករកាត់ដេរកម្ពុជាទើបតែទទួលបានត្រឹម ១ ភាគ ៣ នៃប្រាក់ឈ្នួលសម្រាប់ទ្រទ្រង់ជីវភាពសមរម្យរបស់ពួកគេប៉ុណ្ណោះ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានយល់ស្របទៅនឹងការរកឃើញក្នុងរបាយការណ៍នេះ ដោយថា ការស្រាវជ្រាវនោះជាលក្ខណៈអន្តរជាតិ ហើយថា Clean Clothes Campaign បានកំណត់និយមន័យនៃការរស់នៅសមរម្យរបស់មនុស្សទៅតាមកម្រិតស្តង់ដាដែលកំណត់ដោយអង្គការមួយនេះ ខណៈកម្ពុជានៅមានភាពស្មុគស្មាញជាច្រើនក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមាជូនកម្មករ។
លោក អាត់ ធន់ បន្តថា បច្ចុប្បន្ន កម្មករកម្ពុជាមិនអាចទទួលបានប្រាក់ឈ្នួលដល់ ៥០៤ដុល្លារក្នុងមួយខែឡើយ ដោយសារបញ្ហាសេដ្ឋកិច្ច និងបញ្ហាស្មុគស្មាញផ្សេងៗទៀត។
លោក អាត់ ធន់ មានប្រសាសន៍ថា៖ «កម្ពុជាមិនអាចមានលទ្ធភាពផ្តល់ប្រាក់ឈ្នួលឲ្យកម្មកររហូតដល់ ៥០៤ដុល្លារនោះទេ ដោយសារតែវិស្ស័យផ្សេងៗហ្នឹងពុំទាន់មានការចរចាគ្នាទេ សូម្បីតែការកំណត់ប្រាក់ឈ្នួលអប្បបរមាក៏ពុំមានផង។ មិនថាវិស័យកាត់ដេរទេ សូម្បីមន្រ្តីរាជការក៏ពុំទាន់បានប្រាក់ខែប៉ុណ្ណឹងដែរ។ អ៊ីចឹង ខ្ញុំគិតថា វាមានឧបសគ្គច្រើនពាក់ព័ន្ធការប្រៀបធៀបអ្នកធ្វើការវិស្ស័យផ្សេងផង ការប្រកួតប្រជែងផង និងលទ្ធភាពនៃការផ្តល់ឲ្យវានៅទាបទៀត»។
វី.អូ.ឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានទេជុំការចេញផ្សាយរបាយការណ៍នេះ។
ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធតែងតែពិភាក្សាគ្នា ដើម្បីដំឡើងប្រាក់ឈ្នួលអប្បបរមាជូនដល់កម្មករក្នុងវិស័យកាត់ដេរ ហើយនៅឆ្នាំ២០១៩នេះ រដ្ឋាភិបាលសម្រេចដំឡើងប្រាក់ឈ្នួលដល់ ១៨២ដុល្លារ ដល់កម្មករដែលលើសឆ្នាំមុន ១២ដុល្លារ៕









