តំណាងពាណិជ្ជកម្មអាមេរិកបានលើកឡើងពីផលប្រយោជន៍ដែលកម្ពុជាទទួលបានតាមរយៈប្រព័ន្ធអនុគ្រោះពន្ធ GSP របស់ខ្លួន ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា។
ហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម ឲ្យដឹងថា កាលពីថ្ងៃទី៥ ខែមិថុនា កន្លងទៅ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្កិ បានទទួលជួបជាមួយមន្ត្រីតំណាងពាណិជ្ជកម្មអាមេរិក លោក Karl Ehlers ដោយក្នុងកិច្ចពិភាក្សានោះ តំណាងក្រសួងពាណិជ្ជកម្មអាមេរិកបានលើកឡើងពីប្រយោជន៍ដែលកម្ពុជាទទួលបានពីប្រព័ន្ធអនុគ្រោះពន្ធ GSP របស់ខ្លួន។
ក្រសួងពាណិជ្ជកម្មបានដកស្រង់ប្រសាសន៍របស់លោក Karl Ehlers ថា៖ «ប្រទេសកម្ពុជា ជាប្រទេសទទួលផលធំទី៨ ពីកម្មវិធី GSP ហើយការរីកចម្រើននេះផងដែរ ក៏បានឆ្លុះបញ្ចាំងពីចំណុចវិជ្ជមានជាច្រើនក្នុងវិស័យកាត់ដេរ ស្បែកជើង និងកាបូបនៅកម្ពុជា»។
ក្រសួងពាណិជ្ជកម្មក៏បានដកស្រង់ប្រសាសន៍របស់រដ្ឋមន្ត្រី ប៉ាន សូរស័ក្កិ ផងដែរថា លោកទទួលស្គាល់ពីសារៈសំខាន់នៃទំនាក់ទំនងពាណិជ្ជកម្មអាមេរិកនេះ និងសន្យាបន្តកិច្ចសន្ទនាពាណិជ្ជកម្មជិតស្និទ្ធជាមួយប្រទេសនេះបន្ថែមទៀតផងដែរ។
បើតាមលោក ប៉ាន សូរស័ក្កិ តាមរយៈកម្មវិធីអនុគ្រោះពន្ធ GSP របស់អាមេរិកនេះ បានធ្វើឲ្យទំហំនៃការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកកើនឡើងជាលំដាប់ខណៈក្នុងឆ្នាំ២០១៨ ការនាំចេញទៅកាន់ប្រទេសនេះ មានតម្លៃប្រមាណ ៥០០លានដុល្លារអាមេរិក លើសពីនេះ វាបានទាក់ទាញក្រុមហ៊ុនផលិតកាបូបជាច្រើនចូលមក ផ្ដល់ការងារដល់កម្មករកម្ពុជាផងដែរ។
កាលពីខែមីនា ឆ្នាំ២០១៨កន្លងទៅ សហរដ្ឋអាមេរិកបានសម្រេចបន្តប្រព័ន្ធអនុគ្រោះពន្ធ GSP មកកាន់កម្ពុជារហូតដល់ឆ្នាំ២០២០បន្តទៀត ដើម្បីជួយជ្រោមជ្រែងផលិតផលកាត់ដេរកម្ពុជាទៅកាន់ប្រទេសនេះ។ តែទោះជាយ៉ាងណា ដោយសារបញ្ហានយោបាយរវាងប្រទេសទាំងពីរ ថ្មីៗនេះសមាជិកសភាអាមេរិក ដែលមានលោក Chris Coons លោក Ted Cruz លោក Alan Lowenthal និងលោក Steve Chabot បានស្នើច្បាប់មួយទៅឱ្យរដ្ឋបាលប្រធានាធិបតីអាមេរិកដើម្បីផ្អាកការអនុគ្រោះពាណិជ្ជកម្មពីកម្ពុជានេះវិញ ដោយលើកឡើងពីបញ្ហារំលោភសិទ្ធិមនុស្ស៕










