ក្រុមហ៊ុនផ្តល់ប្រាក់កម្ចីខុសច្បាប់ដែលគ្មានប្រភពច្បាស់លាស់ កំពុងដំណើរការ និងផ្សព្វផ្សាយទាក់ទាញឲ្យអ្នករស់នៅក្នុងរាជធានីភ្នំពេញ ឲ្យខ្ចីប្រាក់ពីពួកគេតាមគ្រប់រូបភាព។
ក្រុមហ៊ុនមួយចំនួន បានបិទផ្លាកឃោសនានៅលើរបងផ្ទះ លូទឹក របងការដ្ឋានសំណង់នានា។ ក្រុមហ៊ុនខ្លះទៀត បានផ្សាយតាមបណ្តាញសង្គម ដោយផ្ញើសារផ្ទាល់ទៅកាន់គណនេយ្យហ្វេសប៊ុករបស់ប្រជាពលរដ្ឋ លើសពីនេះ ពួកគេថែមទាំងផ្ញើសារតាមទូរសព្ទ ទៅកាន់លេខទូរសព្ទទៀតផង។
ស្ត្រីអ្នកលើកទូរសព្ទ តំណាងក្រុមហ៊ុនខ្ចីប្រាក់មួយឈ្មោះថា ជំនាញឥណទាន ដែលបានបិទផ្សាយលើរបងលូ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន បានប្រាប់អ្នកសារព័ត៌មានតាមទូរសព្ទថា ក្រុមហ៊ុនយកការប្រាក់ត្រឹម ៣ភាគរយ ប៉ុណ្ណោះក្នុងមួយឆ្នាំ បើសិនជាមានអ្នកណាចង់ខ្ចីប្រាក់។ ស្ត្រីរូបនោះបដិសេធមិនប្រាប់ទីតាំង និងប្រភពប្រាក់របស់ក្រុមហ៊ុនខ្លួនឡើយ គ្រាន់តែថា ខិតបណ្ណផ្សាយនោះមានបិទអក្សរចិននៅពីលើ។ អ្នកទទួលទូរសព្ទរូបនេះ បញ្ជាក់ថា ក្រុមហ៊ុនត្រូវប្រមូលព័ត៌មានមួយចំនួនពីអ្នកខ្ចីជាមុនសិន ដូចជា អាស័យដ្ឋាន ការងារ និងប្រាក់ខែ ជាដើម។
ស្រ្តីរូបនេះ បានបន្ថែមថា៖ «យើងអាចខ្ចីបានពី ៥០០ រហូតដល់ ៣០ម៉ឺនដុល្លារ អាស្រ័យលើប្រាក់ចំណូល និងប្រាក់ខែ បង! បើចង់ខ្ចី អាចខ្ចីតាមរយៈទូរសព្ទនេះ មេខ្ញុំពិនិត្យជាមុនសិន។»
ចំពោះក្រុមហ៊ុនខ្ចីប្រាក់មួយទៀត ដែលផ្ញើសារទៅតាមទូរសព្ទប្រជាពលរដ្ឋ ដោយប្រើប្រាស់លេខ ០៩៥ ២៣ ៩៧ ០០ បានសរសេរក្នុងសារថា៖ «សេវាកម្មខ្ចីប្រាក់រហ័សទាន់ចិត្តត្រឹមតែមួយម៉ោងនឹងទទួលបានប្រាក់($$$)ភ្លាម»។
ក្រុមហ៊ុននេះបានដាក់លេខទូរសព្ទបីប្រព័ន្ធ រួមមាន ស្មាត (Smart ) សែលខាត (Cell Card) និងមិត្តហ្វូន (Metfone) ដើម្បីឱ្យទាក់ទងផង។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងជាប្រធានប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី លោក សុខ វឿន មានប្រសាសន៍ថា ក្រុមហ៊ុនខ្ចីប្រាក់ទាំងនេះភាគច្រើនជាក្រុមហ៊ុនរបស់ជនជាតិចិន ដែលរកស៊ីមិនស្របច្បាប់។ លោកបន្តថា អតិថិជនដែលខ្ចីប្រាក់ក្រុមហ៊ុនទាំងអស់នេះ អាចប្រឈមបញ្ហាមួយចំនួនដែលជាប់ពាក់ព័ន្ធផ្លូវច្បាប់ផងក៏មាន ដូច្នេះ ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ន។ លោកបញ្ជាក់ថា វាជាប្រការមួយគួរឱ្យបារម្ភ ប្រសិនណាមិនមានវិធានការឱ្យបានជាក់ស្តែង និងម៉ឺងម៉ាត់ចំពោះក្រុមហ៊ុនចងការប្រាក់ក្រៅច្បាប់ទាំងនោះ។
លោក សុខ វឿន មានប្រសាសន៍ថា៖ «សមាគមធ្លាប់បានប្រមូលព័ត៌មានស្តីពីស្ថានភាពក្រុមហ៊ុនចងការប្រាក់ (ក្រៅច្បាប់) ទៅកាន់ធនាគារជាតិរួចមកហើយ ប៉ុន្តែ មិនទាន់មានដំណោះស្រាយនៅឡើយ។ ខ្ញុំគិតថា ចាំបាច់ត្រូវមានដំណោះស្រាយជាក់ស្តែង លើសពីសមត្ថកិច្ចរបស់ធនាគារជាតិទៀតទើបបាន។»
មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា នៅដើមឆ្នាំ២០១៩នេះ បានប្រកាសឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការខ្ចីប្រាក់តាមប្រព័ន្ធអនឡាញ និងតាមទូរសព្ទ ព្រោះក្រុមហ៊ុនកម្ចីទាំងអស់នោះ មិនមានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជានោះទេ។
លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «ការផ្តល់ឥណទានទាំងនោះ មិនស្របតាមច្បាប់ឡើយ។ ដូច្នេះ ប្រសិនបើមានបញ្ហាអ្វីដែលកើតឡើងជាយថាហេតុ យើងនឹងពិបាកក្នុងការជួយអន្តរាគមន៍ ដោយក្រុមហ៊ុនទាំងនោះមិនមានច្បាប់អនុញ្ញាត និងគ្មានទីតាំងច្បាស់លាស់»។
តាមការប្រមូលព័ត៌មាន យ៉ាងហោចណាស់ មានក្រុមហ៊ុនផ្តល់ប្រាក់កម្ចីជាង១០ ពុំបានចុះបញ្ជីស្របច្បាប់នៅធនាគារជាតិ ដែលបានផ្ញើសារតាមហ្វេសប៊ុក ផ្ញើសារតាមទូរសព្ទ និងបិទផ្សាយតាមទីសាធារណៈនានា។ ក្រុមហ៊ុនផ្តល់ប្រាក់កម្ចីទាំងនោះ មានដូចជា៖ ក្រុមហ៊ុនខ្ចីប្រាក់រហ័ស ក្រុមហ៊ុន ទីហ្វ៊ុងមី, ក្រុមហ៊ុនប្រាក់កម្ចី ហួល៊ាន, Faster Loan លឿនជាង, ឥណទានខ្នាតតូចបំផុត, ក្រុមហ៊ុនកម្ចីប្រាក់ JLH តាមអ៊ិនធឺណេត, ក្រុមហ៊ុន ហ័ងហ័ង, ក្រុមហ៊ុនកម្ចីប្រាក់ អិលស៊ី ភ្នំពេញ, ក្រុមហ៊ុនកម្ចីដំបូងគេនៅកម្ពុជា, កម្ចីរហ័ស អ៊ី ឡូន, ក្រុមហ៊ុនកម្ចីប្រាក់ឯកជន, ឥណទានហេងៗ, អស្ចារ្យ ១៦៨ និងកម្ចីសំណាង Lucky Loan Co. ជាដើម។
របាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិ បង្ហាញថា កម្ពុជាមានធនាគារពាណិជ្ជជាង៣០ ដែលផ្តល់ប្រាក់កម្ចីប្រមាណជាង ១៩ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះ ធនាគារមានសាខាប្រតិបិត្តិសរុបប្រមាណ ៨៨៧សាខា។ ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានសរុប ៧៩ ដែលផ្តល់ឱ្យអតិថិជនខ្ចីប្រមាណជាង ៥ពាន់ ៤រយលានដុល្លារ ដែលគ្របដណ្តប់លើអតិថិជនប្រមាណជាង ១លាន ៨សែនគ្រួសារ នៅទូទាំងប្រទេស៕