បង្គោលខៀវ ជី ឆៃលី មានសំណាងឡើងវគ្គ១/៤ ដោយស្វ័យប្រវត្តិ

បង្គោលខៀវ ជី ឆៃលី ទទួលបានជ័យជម្នះសម្រាប់ការប្រកួតជ្រើសរើសជើងឯក TV5 Knock out Series by K-Cement រដូវកាលទី៥ ក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម កាលពីល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩។ រូបភាព៖ វង្ស សុម៉ាលីន

មកទល់ពេលនេះ នៅតែមានការសរសើរពីសំណាងរបស់កីឡាករបង្គោលខៀវ ជី ឆៃលី ដែលបានឡើងទៅកាន់វគ្គ១ភាគ៤ ដោយស្វ័យប្រវត្តិ ខណៈដែលគូប្រកួតរបស់លោកគឺជាកីឡាករល្អម្នាក់ និងមានសមត្ថភាពល្អជាង ត្រូវបានគណកម្មការកំណត់ឲ្យចាញ់។

បង្គោលក្រហម សូត្រ ប៊ុនធី ប្រសិនបើមិនត្រូវបានគណកម្មការកំណត់ឲ្យចាញ់ ក៏ប្រហែលជាមិនបណ្ដោយការប្រកួតបង្គ្រប់កិច្ចនៅក្នុងថ្ងៃនោះ ចាញ់ពិន្ទុបែបនោះដែរ។

លោក សេង កដិកា អ្នករៀបចំការប្រកួត បានអះអាងថា ការប្រកួតដែលបានធ្វើឡើងកាលពីល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ សង្វៀនប៉ុស្តិ៍លេខ៥ បានសម្រេចឲ្យកីឡាករបង្គោលក្រហម សូត្រ ប៊ុនធី ចាញ់ដោយស្វ័យប្រវត្តិតែម្ដង បើទោះជាគេប្រកួតឈ្នះ។ លោកថា សម្រាប់ការប្រកួតជ្រើសរើសជើងឯក TV5 Knock out Series by K-Cement រដូវកាលទី៥ ក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម គឺឲ្យតែកីឡាករណាម្នាក់បណ្ដោយឲ្យគីឡូស្រក ឬក៏ឡើងខុសពីការកំណត់ ៣គីឡូឡើង គឺត្រូវតែអោយចាញ់។

លោក សេង កដិកា បញ្ជាក់ថា សូត្រ ប៊ុនធី លើសដល់ជិត៥គីឡូ ទើបលោកកំណត់ឲ្យចាញ់ ហើយតម្រូវឲ្យគេមកប្រកួតគ្រាន់តែបង្គ្រប់កិច្ច តែត្រូវប្រកួតដែលអាចទទួលយកបាន ដើម្បីដណ្ដើមទឹកប្រាក់តម្លៃខ្លួនវិញ។ អ៊ីចឹងហើយ ទើបការប្រកួតឃើញថា មានការសាទរយ៉ាងច្រើនពីសំណាក់អ្នកមកមើលដោយបានលើកសរសើរថា ម្នាក់ៗមិនគិតរឿងឈ្នះចាញ់ក្រៅពីខំវាយយកស្នាដៃឲ្យទស្សនិកជនកោតសរសើរ។ ពេញរយៈពេល៣ទឹក មួយគូពានរង្វាន់នេះ វាយគ្នាតាមក្បាច់គុនប្លែកៗគួរឲ្យទាក់ទាញ មិនខកបំណងឡើយ។

កីឡាករ សូត្រ ប៊ុនធី មកពីក្លិបបក្សីស្លាបដែក បានបង្ហាញនូវអារម្មណ៍សោកស្តាយដែលគេលើសគីឡូ បើទោះជាខំហាត់ឲ្យស្រកបែបណា។ លោកត្រូវគេមើលឃើញថា សុខចិត្តប្រកួតបន្ធូរដៃ ឲ្យបង្គោលខៀវឈ្នះពិន្ទុ គឺដោយសារតែដឹងថា ខ្លួនត្រូវចាញ់ ហើយមិនអាចបានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ។

កីឡាករ ជី ឆៃលី មកពីក្លិបកងពលធំអន្តរាគមន៍លេខ២ និយាយដែរថា លោកដ្បិតបានឱកាសឈ្នះឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមែន តែក៏មិនមែនមកវាយលើរេញលំៗឡើយ គឺវាយដោយលក្ខណៈបច្ចេកទេសល្អ ដើម្បីកុំអោយមានការរិះគន់។ យ៉ាងណាមិញ លោកពិតជាទទួលស្គាល់ថា ការឈ្នះពិន្ទុបន្ថែមពីលើដៃគូនៅក្នុងថ្ងៃនោះ គឺដោយសារតែគូប្រកួត គ្រាន់តែប្រឹងបង្គ្រប់កិច្ច។

ក្រោយឱកាសបានឡើងវគ្គ១/៤នេះ គឺមានន័យថា កីឡាករ ជី ឆៃលី បើទោះជាចាញ់ការប្រកួតបន្តបន្ទាប់ ក៏បានទទួលចំណាត់ថ្នាក់លេខ៤ ក្នុងព្រឹត្តិការណ៍ជើងឯកនេះដែរ តែបើឈ្នះមួយប្រកួតទៀត នឹងក្លាយជាម្ចាស់ពាន ឬបានត្រឹមលេខ២ ដែលជាតំណែងមួយសំខាន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ