ក្រសួងធនធានទឹក និងឧតុនិយម ណែនាំឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតរន្ទះ និងខ្យល់កន្រ្តាក់ ខណៈក្រសួងព្យាករថា នឹងមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី១២នេះ រហូតដល់សប្តាហ៍ក្រោយ។
ក្នុងសេចក្តីជូនដំណឹង កាលពីម្សិលមិញ ក្រសួងធនធានទឹក បានឱ្យដឹងថា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមិថុនា ខាងមុខនេះ ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយច្រើននៅទូទាំងប្រទេស។
ករណីនេះ ក្រសួងបានអំពាវនាវទៅពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន ដោយថា រយៈពេលមានភ្លៀងធ្លាក់នោះ នឹងមានបាតុភូតផ្គររន្ទះ ខ្យល់កន្រ្តាក់ និងរលកសមុទ្រកើតឡើងផងដែរ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី បានប្រាប់ VOD នៅថ្ងៃនេះថា រយៈពេល៥ខែ ក្នុងឆ្នាំ២០១៩ មនុស្សស្លាប់ដោយសាររន្ទះបាញ់មានចំនួន ៥៩នាក់ និងរបួស ៥៦នាក់។
លោកបន្តថា ដើម្បីការពារខ្លួនពីរន្ទះ នៅពេលមេឃរកភ្លៀង ប្រជាពលរដ្ឋត្រូវប្រញាប់ត្រឡប់ទៅផ្ទះ ឬរកកន្លែងជ្រកឱ្យបានត្រឹមត្រូវ មិនត្រូវជ្រកក្រោមដើមឈើ ហើយជ្រកត្រូវនៅឱ្យឆ្ងាយចម្ងាយ ៣ ម៉ែត្រពីគល់ឈើ មិនគួរបើកទូរទស្សន៍ ប្រើទូរសព្ទដៃ បើកវិទ្យុ ជាដើម ដោយថា វត្ថុទាំងអស់នោះ ងាយចម្លងអគ្គិសនីនៅពេលមេឃភ្លៀង។