លីកាដូរក​ឃើញ​ថា សិប្បកម្ម​ឡ​ឥដ្ឋ​មួយ​ដែល​ប្រើ​កម្លាំង​ពលកម្ម​កុមារ​នៅ​បន្ត​ដំណើរការ​អាជីវកម្ម

ទិដ្ឋភាពនៅសិប្បកម្មឡឥដ្ឋមួយកន្លែង នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ថ្ងៃទី១២ ខែមីនា ឆ្នា២០១៩។ រូបភាព៖ ហ៊ី ឆាយ

អង្គការលីកាដូជំរុញទៅរដ្ឋាភិបាលឱ្យពង្រឹងការអនុវត្តច្បាប់ស្ដីពីពលកម្មកុមារឱ្យមានប្រសិទ្ធភាព ក្រោយពីអង្គការមួយនេះ រកឃើញថា សិប្បកម្មផលិតឥដ្ឋមួយដែលបាន​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​កុមារ​នោះ នៅតែបន្តដំណើរការដដែល។

សិប្បកម្ម​ឡ​ឥដ្ឋ លាង ស៊្រុន ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ត្រូវ​បាន​អាជ្ញាធរ​សម្រេច​បញ្ជា​ឲ្យ​បិទ​អាជីវកម្ម បន្ទាប់​ពី​កុមារី​​ម្នាក់​វ័យ ១០​ឆ្នាំ បាន​រង​គ្រោះ​ថ្នាក់​ដាច់​ដៃ​ម្ខាង​អំឡុង​ពេល​ធ្វើការងារ​ជាមួយ​ម្ដាយ​របស់​នាង​នៅ​ក្នុង​សិប្បកម្ម​មួយ​នេះ ​កាល​ពី​ខែ​មីនា​កន្លង​មក។

ប៉ុន្តែ អង្គការលីកាដូ បាន​លើក​ឡើង​នូវ​សេចក្ដីថ្លែងការណ៍កាលពីម្សិលមិញនេះថា សិប្បកម្ម​ឡ​ឥដ្ឋ​មួយ​នេះ មិនបានផ្អាកដំណើរការ​ទាំង​ស្រុង​ទេ បើទោះបីជាកន្លងមក ក្រសួងសម្រេច​បិទសិប្បកម្មនោះហើយក៏ដោយ។

អង្គការលីកាដូ ជំរុញទៅអាជ្ញាធរ​ និងមន្រ្តីពាក់ព័ន្ធ​ ឲ្យ​​ពង្រឹងការអនុវត្ត​ច្បាប់ ដោយចាត់វិធានការឱ្យហ្មត់ចត់ និង​ការធ្វើអធិការកិច្ច​ឱ្យបានតឹងរ៉ឹង​ និងទៀងទាត់ ដើម្បី​បញ្ឈប់​ពលកម្ម​កុមារ ​និងទាសភាព​បំណុល​នៅក្នុង​សិប្បកម្មផលិតឥដ្ឋ។​

ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៅ​អង្គការ​លី​កាដូ​ លោក​ អំ​ សំអាត​ បាន​បញ្ជាក់​ថា​ អង្គការ​របស់​លោក​ជំរុញ​ទៅ​អាជ្ញាធរ​​ឲ្យ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​បែប​នេះ ដើម្បី​ទុក​ជា​គំរូ​​សម្រាប់​សិប្បកម្ម​ឡ​ឥដ្ឋ​ដទៃ​ទៀត។

លោក អំ សំអាត មានប្រសាសន៍ថា៖ «ត្រូវតែអនុវត្តទៅតាមផ្លូវច្បាប់ អាចឱ្យក្លាយទៅជាបទល្មើសព្រហ្មទណ្ឌជាដើមអីចឹងទៅ។ អីចឹង បើសិនយើងអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង អាហ្នឹងវាអាចនឹងមានប្រសិទ្ធភាពទៅលើបញ្ហាទាំងអស់ហ្នឹង ពីព្រោះអានេះ វាជាគំរូមួយសម្រាប់សិប្បកម្មឡឥដ្ឋដទៃទៀត។ បើសិនជាឡឥដ្ឋណាដែលមានបញ្ហាអីចឹង ហើយយើងអនុវត្តឱ្យបានតឹងរ៉ឹងទៅ ឡឥដ្ឋដទៃនឹងខ្លាចរអា ហើយឡឥដ្ឋដទៃមិនធ្វើអ្វីខុសដូចឡឥដ្ឋមុនៗទេ»។

វី.អូ.ឌី មិនអាចសុំការអត្ថាធិប្បាយពីប្រធានមន្ទីរការងារខេត្តកណ្ដាល លោក ធុល នាង បានទេ ដោយទូរសព្ទចូលគ្មានទទួល។ 

អភិបាលខេត្តកណ្ដាល លោក ម៉ៅ ភិរុណ បាន​ឲ្យ​ដឹង​ថា លោកមិនទាន់ទទួលបានព័ត៌មាននេះនៅ​ឡើយ​ទេ ប៉ុន្តែ លោក​ថា​ ប្រសិនបើជាសិប្បកម្មផលិត​នោះ​នៅតែបន្តដំណើរ​ការ​នោះ អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់។

លោក ម៉ៅ ភិរុណ មាន​ប្រសាសន៍ថា៖ «ខ្ញុំអត់ទាន់បានទទូល ទើបលឺនិយាយ។ យើងមើលពីវិធានការកន្លងមក គេដាក់ម៉េច ក្រសួងគេឱ្យឈប់ ត្រូវតែឱ្យឈប់ តែបើបំពាន ត្រូវមានវិធានការតាមច្បាប់ វាអត់មានវិធានការអីក្រៅនេះទេ។ ចាំខ្ញុំត្រួតពិនិត្យរឿងហ្នឹង»

កាលពីថ្ងៃទី៥ ខែមិថុនា​​កន្លង​មក ក្រសួងការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ បាន​ព្រមាន​បិទ​អាជីវកម្ម​ឡ​ឥដ្ឋ​ណា​ដែល​​ពុំ​អនុវត្ត​តាម​សេចក្ដី​ណែនាំ​ថ្មី ដើម្បី​ទប់​ស្កាត់​រាល់​ទម្រង់​នៃ​ពលកម្ម​កុមារ​នៅ​តាម​សិប្បកម្ម​ឡ​ឥដ្ឋ រួមទាំងការបង្ខំឱ្យកុមារធ្វើការងារដើម្បីដោះបំណុលផងដែរ។

ក្រសួងការងារក៏បានតម្រូវឱ្យម្ចាស់សិប្បកម្មផលិតឥដ្ឋទាំងអស់ ត្រូវរៀបចំកន្លែងស្នាក់នៅឱ្យឆ្ងាយពីខ្សែសង្វាក់ផលិតកម្ម និងត្រូវមានរបងការពារដោយខណ្ឌចែកបរិវេណខ្សែសង្វាក់ផលិតកម្ម និងកន្លែងស្នាក់នៅឱ្យដាច់ពីគ្នា។

​ប្រធាន​នាយកដ្ឋាន​ការងារ​កុមារ​នៃ​ក្រសួង​ការងារ លោក វ៉ែង ហៀង ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដោយ​កាសែត​ភ្នំពេញប៉ុស្តិ៍ ​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ ដែល​បាន​ថ្លែង​ថា កុមារ​កម្ពុជា​ចំនួន ៣​ម៉ឺន ត្រូវ​បាន​ដក​ហូត និង​ទប់​ស្កាត់​ពី​ទម្រង់​ធ្ងន់​ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ ហើយ​កុមារ​កម្ពុជា​ប្រមាណ ១៨​ម៉ឺន​នាក់​ទៀត ត្រូវ​បាន​ទប់ស្កាត់​ពីការ​ប្រើ​ប្រា​ស់​ពលកម្ម​កុមារ ​ដើម្បី​ផ្តល់​ឱកា​ស​ឱ្យពួក​គេ​ទទួល​បាន​ការអប់រំ​ បំណិន​ជីវិត និង​បណ្តុះ​បណ្តា​ល​​ជំនាញ នៅ​ចន្លោះ​ឆ្នាំ​២០១៣ រហូត​ដល់​ឆ្នាំ​២០១៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ