សមត្ថកិច្ច ថាម្ចាស់អាជីវកម្មក្លឹប លុច្សសារី​ បានរត់គេចខ្លួនទៅក្រៅ​ប្រទេស

​ប្រតិបត្តិការ​ចុះ​ឆែកឆេរ​ក្លិប​កម្សាន្ត​ «​លុ​ច្ស​សារី​»​ ក្នុង​រាជធានី​ភ្នំពេញ​នេះ​ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ ៤​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨​ ខែមិថុនា​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៤​ កែង​ផ្លូវ​៦៣​ សង្កាត់​បឹង​រាំង​ ខណ្ឌដូនពេញ​។​ រូបភាព៖ អគ្គស្នងការនគរបាលជាតិ

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា សមត្ថកិច្ចមិនទាន់អាចចាប់ខ្លួនម្ចាស់អាជីវកម្មក្លឹបកម្សាន្ត លុច្សសារី ដែលជាប់ពាក់ព័ន្ធគ្រឿងញៀនមកផ្ដន្ទាទោសបានទេ ដោយថា ជនសង្ស័យរូបនោះ បានរត់គេចខ្លួនទៅក្រៅប្រទេស។

អគ្គស្នងការរងនគរបាលជាតិ លោក ម៉ក់ ជីតូ ប្រាប់ វី.អូ.ឌី នៅថ្ងៃនេះថា សមត្ថកិច្ចបានកំណត់មុខសញ្ញាម្ចាស់អាជីវកម្មក្លឹបកម្សាន្ត លុច្សសារី រួចហើយ ប៉ុន្តែ មិនទាន់អាចចាប់ខ្លួនមកផ្ដន្ទាទោសបាន ដោយសារ ម្ចាស់អាជីវកម្មរូបនោះបានរត់គេខ្លួន។

លោកថា៖ «ឥឡូវដឹងតែគេចខ្លួន មិនដឹងនៅក្នុង ឬនៅក្រៅទេ កំពុងស្រាវជ្រាវដែរហ្នឹង ឆ្លើយថា នៅក្រៅក៏ពុំបាន ព្រោះយើងមិនដឹងដែរ ព្រោះគេគេចខ្លួន។ ធម្មតាទេ កន្លែងមួយវាមានម្ចាស់ មានមេការ មានអីហ្នឹង។ យើងបែងចែកជាពី មួយម្ចាស់ទីតាំង ម្ចាស់សំណង់តែគាត់អត់បានធ្វើទេ ។ គាត់ជួលឱ្យគេ អ៊ីចឹងម្ចាស់អាជីវកម្ម[ទេ] អ្នកប្រព្រឹត្ត»។

ស្នងការរាជធានីភ្នំពេញ លោក ស ថេត មានប្រសាសន៍ថា បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងតែស្វែងរកម្ចាស់អាជីវកម្ម លុច្សសារី។

លោក ថា៖ «គេកំពុងតាមរក! បិទ[លិខិតឆ្លងដែន] បិទម៉េច? គាត់មិននៅហ្នឹងណា [ខ្មែរណា] ជាជនជាតិបរទេស គេកំពុងធ្វើការ កុំអាល[សួរ]»។

កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចរាជធានីភ្នំពេញចុះបង្ក្រាបក្លឹបកម្សាន្តឈ្មោះ លុច្សសារី ដោយឃាត់ខ្លួនអ្នកទៅកម្សាន្តប្រមាណ ៤០០នាក់ ដែល​ភាគច្រើនជាជនជាតិចិន និងវៀតណាម សង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន។ ប៉ុន្តែ ក្នុងចំណោមមនុស្សប្រមាណ ៤០០នាក់ គឺមានតែ ១៧នាក់ដែលត្រូវសមត្ថកិច្ចបញ្ជូន​ទៅ​តុលាការ។

កាលពីថ្ងៃទី១៣ ​ខែមិថុនា​ ឆ្នាំ​២០១៩ ព្រះរាអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនមនុស្ស ១៧នាក់ ដោយចោទប្រកាន់ចំនួន ៣បទល្មើសផ្សេងគ្នា។ ក្នុងនោះ អ្នកគ្រប់គ្រងមានពីរនាក់គឺជនជាតិខ្មែរ និងវៀតណាម ដោយព្រះរាជ្ញារងចោទប្រកាន់ពីបទ ផ្ដល់ទីតាំងឱ្យប្រព្រឹត្តបទល្មើសគ្រឿងញៀន។

ចំពោះសន្ដិសុខ ត្រូវបាន​ចោទពីបទ សម្របសម្រួលបង្កលក្ខណៈឱ្យប្រព្រឹត្តបទល្មើសគ្រឿងញៀន និងអ្នកបម្រើសេវាក្នុងក្លឹបពីបទ ផ្សំគំនិតឲ្យប្រព្រឹត្តបទល្មើសគ្រឿងញៀន។

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត ស្វាគមន៍​ចំពោះការបង្រ្កាប គ្រឿងញៀន ប៉ុន្តែ លោកថា សមត្ថកិច្ចហាក់មានភាពយឺតយ៉ាវក្នុងការចាប់ខ្លួនអ្នកនៅពីក្រោយករណីនេះ ដែលធ្វើឱ្យម្ចាស់អាជីវកម្ម ឬអ្នកនៅពីក្រោយខ្នងរត់គេចខ្លួនបាត់នោះ។

លោក មានប្រសាសន៍​ថា៖ «ខ្ញុំគាំទ្រទាំងអស់ហ្នឹង។ ប៉ុន្តែ ការបង្រ្កាបហ្នឹង សូមឱ្យអនុវត្តតាមផ្លូវច្បាប់ដោយមានប្រសិទ្ធិភាព បានន័យថា អ្នកដែលពាក់ព័ន្ធ មុខសញ្ញាដែលពាក់ព័ន្ធទាំងអស់ហ្នឹង ត្រូវកំណត់ ហើយនិងអនុវត្តឱ្យបានភ្លាមៗ ចៀសវាងការទុកពេលគឺជាការអូសបន្លាយសម្រាប់ពួកហ្នឹងមានឱកាសច្រើនហើយ។ ក៏កុំ​បាច់រង់ចាំ បទបញ្ជាថ្នាក់លើអី។ យើងអនុវត្តច្បាប់ អ្នកដែលពាក់ព័ន្ធត្រូវតែហ៊ានពុះពារក្នុងការអនុវត្ត»។

លុច្សសារី គឺ​ជា​ក្លឹប​កម្សាន្ត​ទី៣ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​​ ដែលត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប ចាប់​ខ្លួន​មនុស្ស និង​រឹប​អូស​បាន​គ្រឿង​ញៀន បន្ទាប់​ពី​មជ្ឈ​មណ្ឌល​កម្សាន្ត ​រ៉ក់ ​របស់​ឧកញ៉ា គិត ធាង កាល​ពី​ខែ​កុម្ភៈ​ និងក្លឹបកម្សាន្ត ម៉ៃ អាមី កាលពីខែមេសាកន្លងមក។

កាលពីថ្ងៃទី២៨ ខែកុម្ភៈ នគរបាល​​រាជ​ធានី​ភ្នំ​ពេញ​​ បានបង្ហាញរបាយការណ៍មួយ ដោយបានរកឃើញ​ក្លឹបកម្សាន្ត​ និងបារបារាំងជិត ១៣០០​កន្លែង ងាយ​រងគ្រោះនឹងការប្រើប្រាស់គ្រឿងញៀន ក្នុងនោះក្លឹប​ជាង ១​ពាន់​ក​ន្លែង បានធ្វើកិច្ចសន្យាមិនឲ្យមានការ​ប្រើ​ប្រា​​ស់​ និង​ចែ​ក​ចាយ​គ្រឿង​ញៀន​រួច​ហើយ។

កាលពីថ្ងៃទី១២ ខែមីនា រដ្ឋមន្ត្រីក្រសួ​ងមហា​ផ្ទៃ លោ​ក ​ស ខេង រំ​ឭកម​ន្ត្រីក្រោមឱវាទ​បន្តពង្រឹងប្រសិទ្ធភាពបង្ក្រាបគ្រឿ​ង​ញៀ​​ន ដោយថា មិនត្រូវមាន​ការ​យោ​គ​​​​យ​ល់ណាមួយនោះ​​​ឡើយ​។ បើតាមលោក ស ខេង យុទ្ធនាការបង្ក្រាបគ្រឿងញៀនជិត ២ឆ្នាំមកនេះ សមត្ថកិច្ចរឹបអូសបា​នគ្រឿងញៀ​នជិត ៥០០គីឡូក្រាម៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ