ធនាគារវិនិយោគរបស់ជប៉ុនឈ្មោះ Nomura បានហៅវៀតណាមថា ជាប្រទេសឈ្នះធំធេងជាងគេក្នុងសង្គ្រាមពាណិជ្ជកម្មចិន និងអាមេរិក ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចកើនឡើងដល់ ៧,៩% ក្នុងត្រីមាសទី១ ឆ្នាំ២០១៩នេះ។
សង្គ្រាមពាណិជ្ជកម្មដែលអាមេរិកកំពុងតែសង្កត់ចិន ហើយបើកដៃឱ្យវៀតណាមនេះ ធ្វើឱ្យក្រុមហ៊ុននៅតាមបណ្តាប្រទេសផ្សេងៗសម្រុកទៅបោះទុននៅវៀតណាមជាបន្តបន្ទាប់។
របាយការណ៍របស់ធនាគារជប៉ុនបង្ហាញទៀតថា ប្រទេសទទួលផលពីសង្គ្រាមពាណិជ្ជកម្មបន្ទាប់ពីវៀតណាម គឺតៃវ៉ាន់។ តៃវ៉ាន់ទទួលបានផលជួយដល់កំណើនសេដ្ឋកិច្ច (២,១%) ហើយបន្តបន្ទាប់ទៀតមាន ឈឺលី(១,៥% ) ម៉ាឡេស៊ី(១,៣%) អាហ្សង់ទីន( ១,២%) សិង្ហបុរី(០,៧%) ថៃ(០,៥%) និង ហ្វីលីពីន(០,១%)។
វៀតណាមជាប្រទេសដែលនាំទំនិញទៅលក់ឱ្យសហរដ្ឋអាមេរិកកើនឡើងច្រើនបំផុតក្នុងរយៈពេលចុងក្រោយនេះ។ ការិយាល័យត្រួតពិនិត្យការនាំចូលរបស់អាមេរិកបង្ហាញថា ក្នុងរយៈ៣ខែដើមឆ្នាំ២០១៩ វៀតណាមនាំទំនិញទៅលក់នៅអាមេរិកកើនឡើង ៤០,២%។
បើទោះជាចិន និងសហរដ្ឋអាមេរិក កើតជម្លោះពាណិជ្ជកម្ម ហើយវៀតណាមមានជម្លោះទឹកដីជាមួយចិន ប៉ុន្តែ វៀតណាមនៅតែចាប់យកអាមេរិកជាមហាអំណាចសេដ្ឋកិច្ចទី១ និងចិនជាមហាអំណាចសេដ្ឋកិច្ចទី២លើពិភពលោក ធ្វើជាដៃគូពាណិជ្ជកម្ម។
ការរីកចម្រើនសេដ្ឋកិច្ចរបស់វៀតណាមនៅពេលនេះ កំពុងតែត្រៀមខ្លួនដើរទៅមុនប្រទេសសិង្ហបុរី។
DBS គឺជាធនាគារថ្នាក់តំបន់មួយដែលមានការិយាល័យកណ្តាលនៅក្នុងប្រទេសសិង្ហបុរី បានបង្ហាញរបាយការណ៍សិក្សាមួយកាលពីថ្ងៃទី២៨ ខែឧសភា ថា វៀតណាមនៅតែមានការរីកចម្រើនសេដ្ឋកិច្ចក្នុងរង្វង់ពី៦ ទៅ៦,៥% ក្នុងរយៈពេល ១០ឆ្នាំទៅមុខទៀត ហើយអាចមានសេដ្ឋកិច្ចធំជាងសិង្ហបុរីនៅឆ្នាំ២០២៩។
របាយការណ៍បញ្ជាក់ថា ប្រទេសនេះក៏កំពុងតែមានសក្តានុពលក្នុងការទាក់ទាញអ្នកវិនិយោគបរទេសដែរ ដោយសារ កម្លាំងពលកម្មច្រើនរហូតដល់ ៥៤លាននាក់នៃមនុស្សពេញកម្លាំង ស្ថានភាពនយោបាយមានស្ថិរភាព នយោបាយការបរទេសមានភាពទាក់ទាញ ជាដើម។
បច្ចុប្បន្ន វៀតណាមកំពុងដំណើរការផលិតគ្រឿងបំណែកយន្តហោះ ផលិតរថយន្តទំនើប និង ទូរសព្ទទំនើប។ ក្រុមហ៊ុនធំៗលំដាប់ពិភពលោកក៏បើកការិយាល័យនៅវៀតណាមដែរ ដូចជា ក្រុមហ៊ុន Facebook ក្រុមហ៊ុន Google និង ក្រុមហ៊ុន Samsung ជាដើម។
ដោយសារតែនយោបាយការបរទេសមានភាពបត់បែននោះ ក្រៅពីទទួលផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច គឺនយោបាយនៅលើឆាកអន្តរជាតិរបស់វៀតណាមក៏កំពុងលេចធ្លោដែរ។
កាលពីថ្ងៃទី៧ ខែមិថុនា នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ វៀតណាមទទួលបានការបោះឆ្នោតគាំទ្រក្នុងសំឡេង១៩២ ក្នុងចំណោម១៩៣ ដើម្បីឱ្យក្លាយជាសមាជិកក្រុមប្រឹក្សាសន្តិសុខមិនអចិន្ត្រៃយ៍ ពីឆ្នាំ២០២០ ដល់២០២១។
នេះជាលើកទី២ហើយដែលវៀតណាមទទួលបានការគាំទ្រជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លើកទី១ វៀតណាមទទួលបានតួនាទីនេះ ពីឆ្នាំ២០០៨ ដល់២០០៩។









