ប្រជាពលរដ្ឋ ៣៨គ្រួសារ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានទាមទារទៅក្រសួងរៀបចំដែនដី និងស្ថានប័នពាក់ព័ន្ធចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនពួកគេ ដោយបារម្ភខ្លាចមានការបណ្តេញចេញទាំងបង្ខំ ក្រោយពីអាជ្ញាធរមូលដ្ឋានថា អ្នកភូមិ ៣៨គ្រួសារនេះរស់នៅលើដីរដ្ឋខុសច្បាប់។
អ្នកស្រី ប៉ោ ស្រីម៉ៅ ដែលអះអាងថា ជាតំណាងសគមន៍តាកុក ស្ថិតក្នុងភូមិព្រែកថ្លឹក សង្កាត់ជើងឯក បានឲ្យដឹងថា កន្លងមក អាជ្ញាធរមូលដ្ឋានអះអាងថា ពួកគាត់បានរស់នៅប្រឡាយ០៣ ដែលគ្រោងអភិវឌ្ឍន៍ ប៉ុន្តែ អ្នកស្រីថា អ្នកភូមិបានទៅរស់នៅកន្លែងនោះតាំងពីឆ្នាំ២០០២មក ដោយមិនមានអាជ្ញាធរណាចុះទៅហាមឃាត់នោះទេ។
អ្នកស្រីបន្តថា ប្រសិនជាអ្នកភូមិរស់នៅប៉ះពាល់ដល់ការអភិវឌ្ឍប្រឡាយ ០៣ មែននោះ គឺពួកគាត់សុំទៅអាជ្ញាធរធ្វើការកាត់ឆ្វៀលចេញពីប្រឡាយ និងសុំធ្វើការអភិវឌ្ឍនឹងកន្លែងដោយចេញប័ណ្ណកម្មសិទ្ធិ។
អ្នកស្រី បន្ថែមថា៖ «ពួកខ្ញុំចង់ឲ្យធ្វើការអភិវឌ្ឍកន្លែងដូចនៅស្ទឹងមានជ័យ។ ហើយខ្ញុំចង់ឲ្យពួកគាត់ចុះមកមើលដល់កន្លែងពួកខ្ញុំរស់នៅផ្ទាល់ ថាតើរស់នៅចំលើប្រឡាយអត់? អត់រស់នៅចំប្រឡាយទេ បើអភិវឌ្ឍន៍ប្រឡាយរំដោះទឹក វាធំជាង២ម៉ែត្រទេ ហើយពីមុនមកប្រឡាយនេះតូចទេ ប្រឡាយសម្រាប់គេធ្វើស្រូវប្រាំងទេ»។
តំណាងពលរដ្ឋរូបនេះឲ្យដឹងថា អ្នកភូមិធ្លាប់បានទៅសុំកិច្ចអន្តរាគមន៍ពីមន្ទីររៀបចំដែនដី និងសាលារាជធានីភ្នំពេញដែរ ប៉ុន្តែ មិនទទួលបានដំណោះស្រាយឡើយ។
ក្នុងលិខិតចុះថ្ងៃទី៣ ខែឧសភា ផ្ញើទៅសាលារាជធានីភ្នំពេញ មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ អះអាងថា ប្រជាពលរដ្ឋ ៣៨នៅសហគមន៍តាកុក គឺកំពុងរស់នៅប៉ះពាល់លើដីប្រឡាយ ០៣ ដែលគ្រោងអភិវឌ្ឍ ដើម្បីរំដោះទឹកប្រើប្រាស់នៅរដូវស្សា និងប្រាំង និងជាគម្រោងដែលត្រូវអភិវឌ្ឍនៅពេលអនាគតផងដែរ ដោយមិនអាចចេញប័ណ្ណកម្មសិទ្ធជូនពលរដ្ឋបានឡើយ។
ចំណែកសាលារាជធានីភ្នំពេញ បានគាំទ្រទៅលើសេចក្តីសម្រេចរបស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដោយថា ការសម្រេចនេះដើម្បីបម្រើផលប្រយោជន៍សាធារណៈ។
វី.អូ.ឌី មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានទេជុំវិញបញ្ហានេះ ដោយទូរសព្ទចូលច្រើនដងគ្មានអ្នកទទួល។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធគួរដោះស្រាយបញ្ហានេះតាមនីតិវិធី ដើម្បីកុំឲ្យពលរដ្ឋមានការភ័យខ្លាច និងចៀសវាងបណ្តេញពលរដ្ឋចេញពីលំនៅឋានទាំងបង្ខំដែលធ្វើប៉ះពាល់ដល់ការរំលោភសិទ្ធិមនុស្ស។
លោក បន្ថែមថា៖ «អញ្ចឹង អាជ្ញាធរគួរជជែករកដំណោះស្រាយជាមួយប្រជាពលរដ្ឋ ថាតើគាត់ចង់បានអី? សិក្សាពីពួកគាត់មកក្នុង៣៨គ្រួសារហ្នឹង ថាគ្រួសារណាខ្លះចង់បានអី? ហើយអាជ្ញាធរត្រូវបង្ហាញជំហរផងដែរថា បើទីតាំងនោះមិនអាចផ្តល់កម្មសិទ្ធបាន ត្រូវមានមូលហេតុពន្យល់គាត់ឲ្យបានច្បាស់លាស់ ដើម្បីឲ្យពួកគាត់អាចទទួលយកបាន មិនមែនបណ្តេញពួកគាត់ចេញទាំងបង្ខំនោះទេ ដោយមិនអាចឲ្យពួកគាត់ទៅយកទីតាំងណាមួយស្រេចតែតាមការគូសវាសរបស់អាជ្ញាធរបានទេ»។
របាយការណ៍សង្ខេបមួយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញផ្សាយឆ្នាំ២០១៨ ឲ្យដឹងថា បញ្ហាវិវាទដីធ្លីទូទាំងប្រទេសនៅសល់ជិត ១៥០០ករណីទៀត នៅមិនទាន់ត្រូវបានដោះស្រាយចប់នៅឡើយទេ គិតត្រឹមចុងឆ្នាំ២០១៨៕