រដ្ឋាភិបាលដែនដីហុងកុងសម្រេចផ្អាកដំណើរការបង្កើតច្បាប់ធ្វើបត្យាប័ន ដើម្បីយកពេលពិភាក្សាជាមួយភាគីពាក់ព័ន្ធ ក្រោយពេលដែលចលនាបាតុកម្មទ្រង់ទ្រាយធំប្រឆាំងដំណើរការបង្កើតច្បាប់នេះ។
នៅថ្ងៃសៅរ៍នេះ លោកស្រី ការី ឡាំមេដឹកនាំហុងកុង ថ្លែងថា រដ្ឋាភិបាលសម្រេចផ្អាកដោយមិនកំណត់ពេល ដើម្បីជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធ ពិនិត្យមើលផលប៉ះពាល់ខ្លឹមសារច្បាប់ធ្វើបត្យាប័ន ឬ ច្បាប់បើកឱ្យមានការចាប់បញ្ជូនពលរដ្ឋហុងកុងទៅកាត់ទោសនៅតុលាការចិនដីគោក ឬ នៅប្រទេសផ្សេងៗ។
កាលពីថ្ងៃអាទិត្យទី៩ខែមិថុនា ប្រជាជនហុងកុងជាង១លាននាក់នាំគ្នាដើរលើដងផ្លូវ ដើម្បីទាមទារឱ្យរដ្ឋាភិបាលទម្លាក់ចោលសេចក្តីព្រាងច្បាប់ធ្វើបត្យាប័ននេះ។ មូលហេតុដែលស្នើឱ្យទម្លាក់ចោលច្បាប់នេះ ដោយបារម្ភថា ការបញ្ជូនពលរដ្ឋហុងកុងទៅកាត់ទោសនៅតុលាការចិន មិនទទួលបានយុត្តិធម៌ទេគឺនៅចិនដីគោកមានការធ្វើទារុណកម្មឱ្យជនសង្ស័យសារភាព និងមិនបើកទូលាយឱ្យមេធាវីការពារក្តីនោះទេ។
ចំណែកនៅក្នុងពេលបាតុកម្មទ្រង់ទ្រាយធំបន្ទាប់នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មានការប៉ះទង្គិចគ្នារវាងបាតុករ និងសមត្ថកិច្ចបណ្តាលឱ្យបាតុករជាង៧០នាក់រងរបួស ហើយជាង១០នាក់ត្រូវចាប់ខ្លួន។









