ក្រសួងអប់រំ យុវជន និងកីឡា ចេញបម្រាបមិនឱ្យលក់អាហារចំនួន៦ប្រភេទ នៅគ្រឹះស្ថានសិក្សាទាំងអស់ ដោយថាដើម្បីការពារផលប៉ះពាល់អវិជ្ជមានណាមួយដល់សុខភាពសិស្សានុសិស្ស។
ក្រសួងអប់រំ យុវជន និងកីឡា បានសរសេរនៅលើទំព័រហ្វេសប៊ុក នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ថា ក្រសួង ហាមឃាត់គ្រឹះស្ថានសិក្សាទាំងអស់ លក់អាហារចំនួន៦ប្រភេទ ក្នុងនោះ មានដូចជា ចំណីអាហារគ្រប់ប្រភេទ ដែលហួសកំណត់កាលបរិច្ឆេទប្រើប្រាស់, គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ, ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់, ភេសជ្ជៈប៉ូវកម្លាំង, ភេសជ្ជៈផ្អែម, កាហ្វេ, ការ៉េម និងទឹកសេរ៉ូគ្រប់ប្រភេទ, ស្ករសូកូឡា, ស្ករគ្រាប់ និងស្ករកៅស៊ូគ្រប់ប្រភេទ និងនំដូណាត់ និងនំផ្អែមជាដើម។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក ឌី ខាំបូលី មានប្រសាសន៍ថា ការចេញបម្រាមនេះធ្វើឡើងដើម្បីលើកកម្ពស់អនាម័យ និងសុខភាពរបស់សិស្ស និងជាការក្រើនរំលឹកដល់គ្រឹះស្ថានសិក្សាឲ្យពិនិត្យមើលពីបញ្ហាដែលបានក្រសួងបានលើកឡើង ព្រោះនៅតាមគ្រឹះសា្ថនសិក្សាមួយចំនួននៅតែមានលក់ផលិតផលទាំងនេះ៕









