អាជ្ញាធរ​ខេត្ត​ព្រះសីហនុព្រមាន​បិទ​អាជីកម្ម​កែច្នៃ​​សំណល់​ធ្យូង​ថ្ម​មួយ​កន្លែង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​

ទីតាំងអាជីវកម្មកែឆ្នៃកាកសំណល់ផេះធ្យូងថ្ម ស៊ីម៉ាវ ដែលស្ថិតនៅក្រុមទី៤ ភូមិ២ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ រូបភាព៖ គង់ ប៊ុនថា Buntha KONG

អាជ្ញាធរខេត្តព្រះសីហនុ ព្រមានបិទអាជីវកម្មកែច្នៃ​កាកសំណល់ធ្យូងថ្មមួយកន្លែង ស្ថិតក្នុងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ក្រោយពីរកឃើញថា អាជីវកម្មមួយនេះធ្វើឲ្យប៉ះពាល់ដល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋជុំវិញនោះ។

កាលពីពេលថ្មីៗនេះ អ្នកភូមិប្រមាណ ៤៤គ្រួសារ រស់នៅក្រុម៤ ភូមិ២ បានអំពាវនាវទៅអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរខេត្តជួយអន្តរាគមន៍ទប់ស្កាត់ ឬផ្អាកដំណើរការអាជីវកម្មកែឆ្នៃកាកសំណល់ផេះធ្យូងថ្ម ស៊ីម៉ាវ ដោយថា អាជីវកម្មនេះបានធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋនៅជុំវិញនោះ។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ មានប្រសាសន៍ថា ក្រោយទទួលបានព័ត៌មានពីអ្នកភូមិ គឺកាលពីម្សិលមិញនេះ លោកអភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធបានចុះទៅពិនិត្យដល់ទីតាំងអាជីវកម្មផ្ទាល់ គឺពិនិត្យឃើញថា អាជីវកម្មមួយនេះមានអាជ្ញាប័ណ្ណត្រឹមត្រូវ ប៉ុន្តែបានបង្កផលប៉ះពាល់ដល់បរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា អាជ្ញាធរពាក់ព័ន្ធបានតម្រូវឱ្យម្ចាស់អាជីវកម្មធ្វើការកែលម្អលក្ខណ:បច្ចេកទេសគ្រប់គ្រងឡើងវិញ ដើម្បីកុំឲ្យបន្តប៉ះពាល់ដល់ប្រជាពលរដ្ឋទៀត ដោយទុករយៈពេល៣ខែ។

លោក បន្ថែមថា៖ «អ្វីដែលក្រុមការងារខេត្តរកឃើញ គឺបញ្ហាបច្ចេកទេសទៅលើការគ្រប់ធូលីដែលធ្វើឲ្យហុយទៅប៉ះពាល់ទៅដល់ប្រជាពលរដ្ឋរស់នៅជុំវិញនោះ។ អីចឹងហើយ លោកអភិបាលខេត្តជាមួយនិងមន្ទីរជំនាញពាក់ព័ន្ធ បានណែនាំទៅដល់ម្ចាស់ក្រុមហ៊ុនហ្នឹងឲ្យកែសម្រួលរៀបចំបច្ចេកទេសជាបន្ទាន់ ដោយទុករយៈពេលឲ្យបីខែ ប្រសិនក្នុងរយៈពេលហ្នឹង ម្ចាស់អាជីវកម្មគាត់ធ្វើអត់បានល្អ ហើយមិនអាចបញ្ចៀសផលប៉ះពាល់បានទេ យើងនឹងបិទអាជីកម្មរបស់គាត់»

អនុប្រធានភូមិ២ លោក ខៀវ វុទ្ធី អះអាងថា អាជីវកម្មកែឆ្នៃកាកសំណល់ធ្យូងថ្មមួយនេះ បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងភូមិតាំងពីឆ្នាំ២០១៣ ដោយបញ្ហាហុយពិបាកដកដង្ហើម មានសំឡេងរំខាន ហុយធ្លាក់មកលើផ្ទះប្រជាពលរដ្ឋ និងបង្ហូរទឹកកាកសំណល់អូរ ជាដើម។

លោក បន្ថែមថា៖ «បញ្ហាខ្លាំងជាងគេគឺវាបង្កជាបញ្ហាហុយ វាហុយខ្លាំងណាស់ ដូចដីយើងហុយអីចឹង។ វាចូលផ្ទះប្រជាពលរដ្ឋ វាធ្វើពិបាកដង្ហើម ពិបាកក្នុងការរស់នៅ»

មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី បានសាទរទៅនឹងវិធានការរបស់អាជ្ញាធរខេត្តនេះ ប៉ុន្តែ អ្នកស្រីស្នើទៅអាជ្ញាធរ ឬមន្រ្តីជំនាញត្រូវពិនិត្យឲ្យបានច្បាស់លាស់មុនអនុញ្ញាត ឬផ្តល់កន្លែងណាមួយឲ្យក្រុមហ៊ុនធ្វើការកែច្នៃ​ និងរក្សាកាកសំណល់ធ្យូងថ្ម ដើម្បីកុំបង្កផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋនៅក្បែរៗនោះ។

អ្នកស្រី បន្ថែមថា៖ «អ្វីដែលយើងព្រួយបារម្ភគឺបញ្ហាកាកសំណល់ហ្នឹងហើយ ប្រសិនបើអត់មានការទុកដាក់ត្រឹមត្រូវ វានឹងធ្វើឲ្យប៉ះពាល់ដល់សុខុមាលភាពប្រជាពលរដ្ឋ និងគុណភាពដី ជាដើម។ ខ្ញុំថា អាជ្ញាធរគួរគិតពីផលប្រយោជន៍ និងសុខភាពប្រជាពលរដ្ឋជាចំបងព្រោះថា ប្រជាពលរដ្ឋនៅពេលដែលគាត់មានបញ្ហាប៉ះពាល់សុខភាព ពួកគាត់ពិបាករកទិញសុខភាពគាត់មកវិញណាស់ ព្រោះប្រជាពលរដ្ឋរស់នៅជុំវិញហ្នឹងជាប្រជាពលរដ្ឋក្រីក្រណាស់»។

វី.អូ.ឌី មិនអាចសុំការឆ្លើយតបពីម្ចាស់អាជីវកម្មកែឆ្នៃកាកសំណល់ធ្យូថ្មបានទេជុំវិញបញ្ហានេះ ប៉ុន្តែ អ្នកនាំពាក្យសាលាខេត្តព្រះសីហុនឲ្យដឹងថា ក្រោយពីអាជ្ញាធរពាក់ព័ន្ធចុះត្រួតពិនិត្យ ឃើញថា មានផលប៉ះពាល់ដល់បរិស្ថាន និងពលរដ្ឋជុំវិញនោះ គឺម្ចាស់អាជីវកម្មបានធ្វើកិច្ចសន្យា​ និងសន្យាចំពោះអភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធថា មិនធ្វើឲ្យប៉ះពាល់ទៀតឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ