ហេតុអ្វី​រដ្ឋាភិបាល​ហុងកុង​មិន​ចោទ​បាតុករ​ថាធ្វើបដិវត្តន៍?

រូបភាពបង្ហាញពីសកម្មភាពតវ៉ាប្រឆាំងនឹងច្បាប់ធ្វើបត្យាប័នរបស់ពលរដ្ឋហុងកុង ក្នុងអំឡុងខែមិថុនា ឆ្នាំ២០១៩។ រូបភាព៖ វេបសាយបរទេស

ប្រជាពលរដ្ឋហុងកុងក្នុងរយៈពេលប្រមាណ ១០ថ្ងៃចុងក្រោយនេះ បាននាំគ្នាស្លៀកពាក់ខ្មៅមានគ្នារហូតដល់ ២លាននាក់ដើរក្នុងតំបន់សំខាន់ៗក្នុងប្រទេស ដើម្បីទាមទារឱ្យរដ្ឋាភិបាលទម្លាក់ចោលច្បាប់ធ្វើបត្យាប័ន។​

ចាប់តាំងពីថ្ងៃទី៩ ដល់ថ្ងៃទី១៦ ខែមិថុនា ពលរដ្ឋហុងកុងធ្វើបាតុកម្មបន្តបន្ទាប់ រហូតដល់មានការពិពណ៌នាថា ហុងកុងដូចជាទឹកពណ៌ខ្មៅហូរនៅលើដងផ្លូវដូចបាក់ទំនប់។​

អំឡុងពេលការធ្វើបាតុកម្មនេះ សមត្ថកិច្ចបានប្រើប្រាស់ដំបង បាញ់ទឹកម្រេច បាញ់ឧស្ម័នបង្ហូរទឹកភ្នែកលើបាតុករ។ ចំណែកបាតុករនាំគ្នារើរបាំងដែលសមត្ថកិច្ចដាក់បិទផ្លូវ ខ្លះយកឆ័ត្រដែលពួកគេកាន់ប្រើទប់ទល់ជាមួយសមត្ថកិច្ចពេលប៉ះទង្គិចគ្នា។

សមត្ថកិច្ច និងបាតុករប្រមាណ ៨០នាក់បានរងរបួស ហើយក្នុងចំណោមនោះបាតុករពីរនាក់រងបួសធ្ងន់ធ្ងរ។​

លោកស្រី ការី ឡាំ មេដឹកនាំហុងកុងថ្លែងបញ្ជាក់ជំហរមុនដំបូងថា ក្នុងស្ថានភាពណាក៏មិនទម្លាក់ចោល ឬផ្អាកច្បាប់ធ្វើបត្យាប័ននេះដែរ ព្រោះថា ជាផ្នែកនៃការពង្រឹងប្រព័ន្ធយុត្តិធម៌ និងជាការបំពេញលក្ខខណ្ឌតាមបទដ្ឋានអន្តរជាតិ។​ លោកស្រីក៏បញ្ជាក់ដែរថា នឹងប្រើប្រាស់ច្បាប់ដើម្បីដោះស្រាយលើការតវ៉ានេះ។​

ទោះយ៉ាងណា រហូតដល់ថ្ងៃទី១៥ ខែមិថុនា ស្ត្រីមេដឹកនាំហុងកុងរូបនេះ ចេញមុខប្រកាសថា នឹងផ្អាកដំណើរការសេចក្តីព្រាងច្បាប់ធ្វើបត្យាប័ន ដើម្បីទុកពេលពិភាក្សាជាមួយភាគីពាក់ព័ន្ធលើខ្លឹមសារសេចក្តីព្រាងនេះ។​ លុះដល់ថ្ងៃអាទិត្យទី១៦ ខែមិថុនា លោកស្រី ឡាំ បានប្រកាសសុំទោសជាសាធារណៈ ចំពោះការដឹកនាំដែលបណ្តាលឱ្យពលរដ្ឋមិនសុខចិត្តកើតមានការតវ៉ារបៀបនេះឡើង។​

នៅតាមបណ្តាប្រទេសមួយចំនួន បើមានរូបភាពប្រើប្រាស់ឯកសណ្ឋាន ឬសញ្ញាតែមួយរបស់មហាជនដើម្បីប្រឆាំងរដ្ឋាភិបាលបែបនេះគឺនឹងរងការចោទថា ធ្វើបដិវត្តន៍ ហើយប្រើប្រាស់កម្លាំងបង្ក្រាប ឬប្តឹងទៅតុលាការដើម្បីចាប់ខ្លួនអ្នករៀបចំ។​

ចុះហេតុអ្វីរដ្ឋាភិបាលហុងកុងមិនដើរផ្លូវនេះ?

យើងអាចពិនិត្យលើមនុស្សបីក្រុម គឺឥរិយាបថរបស់ក្រុមបាតុករ ក្រុមអ្នកច្បាប់ និងឥរិយាបថរបស់រដ្ឋាភិបាលនៅហុងកុង។​

បាតុករហុងកុងបានប្រើប្រាស់សារច្បាស់លាស់គឺទាមទារឱ្យលុបចោលច្បាប់ធ្វើបត្យាប័ន។ ពលរដ្ឋនៅលើដែនដីនេះ ហាក់ដូចជាស្រលាញ់យុត្តិធម៌សង្គមជាជាងជីវិតពួកគេទៅទៀត ព្រោះពួកគេយល់ថា បើបាត់បង់យុត្តិធម៌សង្គម នោះនឹងកើតវិបត្តិឡើង ហើយកូនចៅជំនាន់ក្រោយនឹងរងទុក្ខវេទនា។​

ដូច្នេះ បើសិនជារដ្ឋាភិបាលយកលេសផ្សេងមកចោទប្រកាន់ ហើយមិនដោះស្រាយបញ្ហាចំពោះមុខនោះ គឺមិនអាចដោះស្រាយបញ្ហាបានទេ ហើយកាន់តែដុតកំហឹងពលរដ្ឋថែមមួយកម្រិតទៀត។​

បើពិនិត្យលើរដ្ឋាភិបាលវិញ ហាក់ដូចជាចូលចិត្តដោះស្រាយបញ្ហាចំពោះមុខឆ្លើយតបតម្រូវការពិតរបស់ពលរដ្ឋ មិនចូលចិត្តបង្កើតព្រឹត្តិការណ៍ផ្សេង ដើម្បីគេចចេញពីបញ្ហាចំពោះមុខនោះទេ។​

ចំណែកក្រុមអ្នកច្បាប់ រួមទាំងចៅក្រម និងមេធាវី គឺពួកគេមិនរងឥទ្ធិពលពីអ្នកនយោបាយនោះទេ ដូច្នេះ បើរដ្ឋាភិបាលចង់ចោទប្រកាន់ ក៏ត្រូវក្រុមអ្នកច្បាប់ច្រានចោលដដែល។ ចៅក្រម និងក្រុមមេធាវី ក៏បានចេញតវ៉ាប្រឆាំងច្បាប់ធ្វើបត្យាប័ននេះដែរកាលពីដើមខែមិថុនា។

ចំណែកការបង្ក្រាបរបស់កម្លាំងសមត្ថកិច្ច គឺគ្រាន់តែជាការទប់សភាពការណ៍កុំឱ្យមានហិង្សាកើតឡើងធ្ងន់ធ្ងរតែប៉ុណ្ណោះ ពួកគេមិនបានចាត់ទុកពលរដ្ឋជាសត្រូវ ឬហៅគ្នាថា ក្បត់ជាតិ នោះទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ