ប្រជាពលរដ្ឋស្ថិតនៅក្នុងឃុំចំនួន២ នៃស្រុកបន្ទាយស្រី ខេត្តសៀមរាប បានរអ៊ូរទាំពីផលលំបាកនៃការធ្វើដំណើរ ខណៈផ្លូវលំមួយខ្សែក្នុងសហគមន៍របស់ពួកគេរងការខូចខាតច្រើនឆ្នាំមកហើយ ប៉ុន្តែ មិនមានមន្ត្រីពាក់ព័ន្ធជួយជួសជុលឡើងវិញនោះទេ។
កំពុងធ្វើដំណើរលើកំណាត់ផ្លូវដែលកំពុងខូចខាតនោះ ពលរដ្ឋម្នាក់រស់នៅភូមិខ្នារសណ្តាយ អ្នកស្រី ប្រេង ថុក ដែលទើបមកពីលក់ដូរថ្នាំបុរាណ បានឲ្យដឹងថា ផ្លូវលំមួយខ្សែដែលឆ្លងកាត់ឃុំចំនួន២ គឺឃុំរំចេក និងឃុំព្រះដាក់ បានរងការខូចខាតរយៈពេលជាង៧ឆ្នាំហើយ ដោយពុំឃើញមានអាជ្ញាធរណាចុះជួសជុលឡើងវិញឡើយ ដែលធ្វើឲ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ។
អ្នកស្រី ប្រេង ថុក៖ «ការធ្វើដំណើរវាពិបាកមែនហ្នឹងឯង ផ្លូវវាក្រឡិកក្រឡុករអិល វាអត់ស្មើ ជូនណាយើងជិះម៉ូតូរអិលដួលក៏មាន។ ខ្ញុំអំពាវនាវទៅអាជ្ញាធរធ្វើផ្លូវនេះឡើងវិញ បានធ្វើដំណើរស្រួលទាំងអស់គ្នា»។
ទើបត្រឡប់មកពីសិក្សា សិស្សសាលាម្នាក់ កញ្ញា បូយ កែវ ដែលធ្វើដំណើរលើកំណាត់ផ្លូវលំនេះជារៀងរាល់ថ្ងៃ បានរៀបរាប់ថា ផ្លូវលំមួយខ្សែនេះរងការខូចខាតដោយសារឡានធំៗបើកឆ្លងកាត់ ដោយនៅរដូវវស្សាមានជង្ហុកជ្រៅៗ និងបែកភក់ ហើយនៅរដូវប្រាំង គឺហុយខ្លាំង។
សិស្សសាលានៃវិទ្យាល័យបន្ទាយស្រីរូបនេះ បន្តថា បញ្ហាផ្លូវខូចនេះបានបង្កផលប៉ះពាល់ដល់អ្នកដំណើរ ដូចជា ធ្វើឲ្យខាតបង់ពេលវេលារកស៊ីរបស់ប្រជាពលរដ្ឋ និងខាតពេលវេលានៃការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស ជាដើម។
កញ្ញាបន្ថែមថា៖ «ផលពិបាកនៃការធ្វើដំណើរ គឺពេលភ្លៀងធ្លាក់ម្តងៗ ហើយមានឡានដឹកដីធំៗបើកឆ្លងកាត់ផ្លូវនេះ ធ្វើផ្លូវខូចក្រឡេកក្រឡុក ហើយវាជះទឹកដូចឃើញស្រាប់ គឺមិត្តភ័ក្តិខ្ញុំត្រូវបានឡានបើកខ្ចាយទឹកធ្វើប្រឡាក់ខោអាវក៏មាន។ ហើយក៏ធ្វើយើងខាតពេលវេលាដែរដោយផ្លូវខូចអីចឹង ជួនកាលយើងចូលក្រោយគ្រូក៏មាន»។
វី.អូ.ឌី មិនអាចសុំការឆ្លើយតបពីមេឃុំរំចេក លោក អ៊ឹម អ៊ីង បានទេជុំវិញបញ្ហាផ្លូវខូចនេះ។ចំណែក មេឃុំប្រដាក់ លោក ទូច ឈន់ បានទទួលស្គាល់ថា ផ្លូវលំមួយខ្សែនោះពិតជារងការខូចខាតមែន ដោយសាររថយន្តធំៗដឹកធ្ងន់ឆ្លងកាត់។
មេឃុំរូបនេះអះអាងថា លោកបានរាយការណ៍ទៅអាជ្ញាធរស្រុកជារៀងរាល់ឆ្នាំអំពីបញ្ហាផ្លូវនេះ ដោយខាងរដ្ឋបាលស្រុកប្រាប់ថា នឹងជួសជុលនៅឆ្នាំនេះ។
លោកបន្ថែមថា៖ «ខ្ញុំបានរាយការណ៍បញ្ហានេះទៅស្រុករាល់តែឆ្នាំ។ ឆ្នាំនេះ លឺស្រុកប្រាប់ថា គេចាប់ផ្តើមធ្វើបណ្តើរៗហើយ គេចាប់ធ្វើនៅឆ្នាំ២០១៩ហ្នឹងឯង»។
អភិបាលរងស្រុកបន្ទាយស្រី លោក ភ័ណ្ឌ សុខុម ឲ្យដឹងថា ផ្លូវលំមួយខ្សែនោះគឺ ខាងមន្ទីរអភិវឌ្ឍន៍ជនបទ កំពុងរៀបចំជួលជុលដោយពង្រីកឲ្យធំជាងមុន។
លោកបន្ថែមថា៖ «គម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទ គេកំពុងរៀបចំជួសជុលឡើងវិញឆាប់ៗនេះហើយ គេអាចនឹងចាក់ជាបេតុង ហើយគេនឹងជួសជុលពីក្រវ៉ាន់ រហូតព្រំប្រទាល់ឃុំប្រដាក់»។
មេឃុំប្រដាក់ លោក ទូច ឈន់ ឲ្យដឹងថា ផ្លូវលំមួយខ្សែចេញពីផ្លូវ ៦៦ ក្នុងឃុំរំចេក ឆ្លងកាត់ឃុំប្រដាក់ ក្នុងស្រុកបន្ទាយស្រី គឺមានប្រវែងប្រហែល ២៨០០ម៉ែត្រ ហើយមួយថ្ងៃៗមានប្រជាពលរដ្ឋរាប់រយនាក់មកពីតំបន់នានាធ្វើដំណើរឆ្លងកាត់៕









