សហភាពអឺរ៉ុបបានសម្រេចផ្តល់កម្ចីជិត១០០លានដុល្លារដល់កម្ពុជា ដើម្បីផលិតទឹកស្អាតឱ្យប្រជាជនប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញ និងនៅជាយៗក្រុង។
តាមសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុបកាលពីម្សិលមិញគឺ ធនាគារវិនិយោគអឺរ៉ុប (EIB) បានចុះហត្ថលេខាផ្តល់កម្ចីឱ្យអាជ្ញាធរផ្គត់ផ្គង់ទឹកក្នុងរាជធានីភ្នំពេញនូវទឹកប្រាក់ចំនួន៨៥,៩លានអឺរ៉ូ (៩៦,១៤ លានដុល្លារអាមេរិក)។
តាមរកកម្ចីនេះ អាជ្ញាធររាជធានីភ្នំពេញរៀបចំបង្កើតកន្លែងចម្រោះទឹកមួយនៅភាគខាងជើងរាជធានីភ្នំពេញ ដែលមានលទ្ធភាពអាចផលិតទឹកស្អាតបាន ៧១ប៊ីលានលីត្រ ក្នុង១ឆ្នាំ ដែលអាចផ្គត់ផ្គង់ទឹកដល់អ្នកប្រើប្រាស់ ២លាន ៥សែននាក់។
តាមរបាយការណ៍ដែលសហភាពអឺរ៉ុបលើកឡើងនៅក្នុងសេចក្តីប្រកាសនេះ គឺប្រជាជនកម្ពុជា ៤០% នៅមិនទាន់មានទឹកស្អាតប្រើប្រាស់នៅឡើយទេ។