កម្ពុជា-ចិន បង្កើតគម្រោងរួមគ្នាក្នុងការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដោយបង្កើនឃ្លាំងស្ដុកស្រូវអង្ករបន្ថែម និងដាក់ឲ្យអនុវត្តយន្តការទទួលយកស្រូវ អង្ករពីកសិករស្ដុកក្នុងឃ្លាំងជាវត្ថុបញ្ចាំសម្រាប់ខ្ចីប្រាក់ពីធនាគារឯកជន។
យោងតាមសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២០ ខែមិថុនានេះ ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងថាគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនេះ នឹងអាចទប់ស្កាត់កុំឲ្យឈ្មួញទុច្ចរិតឆ្លៀតឱកាសទម្លាក់តម្លៃស្រូវរបស់កសិករតទៅទៀត និងអាចជួយដល់កសិករក្នុងការរក្សាទុកស្រូវបានយូរ ជាពិសេសមានលទ្ធភាពទទួលបានឥណទានពេលត្រូវការចាំបាច់តាមរយៈការយកស្រូវស្ដុកក្នុងឃ្លាំងជាវត្ថុបញ្ចាំ ជាដើម។
ក្នុងសេចក្ដីប្រកាសនោះសរសេរថា៖ «បន្ទាប់ពីគម្រោងនេះដាក់ឲ្យប្រតិបត្តិការ កសិករ និងរោងម៉ាស៊ីនកិនស្រូវ នឹងមានឡសម្ងួត ឃ្លាំងស្ដុក និងទុនបង្វិលបន្ថែម ព្រមទាំងជួយបន្ថយចំណាយ (ថ្លៃដើម) ចាប់ពីដំណាក់កាលលក់អង្ករ»។
បើតាមសេចក្ដីប្រកាសនេះ ក្រុមហ៊ុនចិន CTIC construction Co., Ltd និងក្រុមហ៊ុន ហ្គ្រីនត្រេដ របស់កម្ពុជា នឹងធ្វើការសាងសង់ឃ្លាំងស្រូវ-អង្ករ ចំនួន១២ ដែលមានសមត្ថភាពស្ដុកសរុបជាង ៨២ម៉ឺនតោន និងឡសម្ងួត ១០កន្លែង ដែលមានសមត្ថភាពសម្ងួតស្រូវបានជាង១ម៉ឺន៣ពាន់តោនក្នុងមួយថ្ងៃ នៅក្នុងខេត្តពោធិ៍សាត់ បាត់ដំបង តាកែវ បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង កណ្ដាល កំពង់ស្ពឺ និងខេត្តព្រះសីហនុ។
VOD មិនទាក់ទងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ឡុង កែមវិចិត្រ បាននៅឡើយទេ ដោយទូរសព្ទចូលតែគ្មានអ្នកទទួល។
អនុប្រធានសហព័ន្ធស្រូវអង្ករ លោកឧកញ៉ា ហ៊ុន ឡាក់ មានប្រសាសន៍ថា នេះជារឿងល្អសម្រាប់កសិករ និងអ្នកនាំចេញ ដោយថា ក្រៅពីកសិករទទួលបានការធានានូវតម្លៃហើយនោះ អ្នកនាំចេញក៏ទទួលបានស្រូវច្រើនក្នុងការនាំចេញដូចគ្នាតាមរយៈគម្រោងនេះ។
លោក មានប្រសាសន៍ថា៖ «អញ្ចឹង យើងមានរបស់ដែលមានក្នុងដៃក្នុងស្រុក ដែលអាចឲ្យយើងធ្វើជាម្ចាស់ការលើខ្លួនឯងបាន អញ្ចឹង វាអាចធានាភាពកក់ក្ដៅដល់កសិករផលិតហើយអញ្ចឹង កសិករគាត់មានទឹកចិត្តកាន់តែផលិតឲ្យបានច្រើន។ អញ្ចឹង យើងមានទុន យើងមានឃ្លាំង យើងមានឡសម្ងួត អញ្ចឹងយើងមានចំណុចនៃការចាប់ផ្ដើមហើយ។ ដែលអាចទាក់ទាញដល់ផលិតករទាំងអស់ ទាំងរោងម៉ាស៊ីន និងរោងផលិតស្រូវហ្នឹងគាត់នឹងទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងហ្នឹង »។
បើតាមលោក ហ៊ុន ឡាក់ គម្រោងនេះអាចនឹងចេញរូបរាងនៅឆ្នាំ២០១៩នេះ ឬ២០២០ខាងមុខបន្ទាប់ពីប្រទេសទាំងពីរចុះហត្ថលេខានៅថ្ងៃនេះ។
កសិករម្នាក់រស់នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ លោក សុខ កាក់ មានសង្ឃឹមតិចតួចប៉ុណ្ណោះចំពោះគម្រោងនេះ ដោយសារលោកហាក់មានការញញើតក្នុងការធ្វើស្រែក្រោយរងការខាតបង់ច្រើននាឆ្នាំនេះ។
លោក សុខ កាក់៖ «ទាល់តែមើលស្ថានការណ៍សិន ព្រោះឥឡូវក្នុងតំបន់ខ្ញុំមាន១០០ហិកតាជាង តែ១០០ហិតាជាងហ្នឹងនៅតែចាំមើលស្ថានការណ៍ទេ មិនទាន់ហ៊ានដាំច្រើនទេ ចាំមើលស្ថានការណ៍សិន»។
ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន គាំទ្រចំពោះគម្រោងនេះ ដោយថា វានឹងអាចជួយដល់កសិករបានច្រើន រួមទាំងតម្លៃ និងការផលិត តែលោកស្នើដល់រដ្ឋាភិបាលគួរបង្កើនការផ្សព្វផ្សាយឲ្យបានទៅដល់ពលរដ្ឋនៅតាមទីជនបទពីការដាក់អនុវត្តគម្រោងថ្មីនេះផងដែរ។
លោក ថេង សាវឿន៖ «ដូចជា មន្ទីរកសិកម្ម ឬពាណិជ្ជកម្មតាមខេត្តហ្នឹង ចុះទៅឲ្យបានដល់គោលដៅ ហើយនិងជម្រាបអំពីនីតិវិធី ឬក៏ព័ត៌មាននានាដែលទាក់ទងទៅនឹងប្រយោជន៍ ឬទាក់ទងនឹងការអនុវត្តគម្រោងហ្នឹងជូនដល់ប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទទួលបានព័ត៌មានគ្រប់គ្រាន់ក្នុងការទាញយកអត្ថប្រយោជន៍នៃគម្រោងនេះ។ បើសិនជាការអនុវត្តគម្រោងនោះធ្វើដោយស្ងប់ស្ងាត់ស្ងៀមៗ ហើយមិនមានការចូលរួមពីប្រជាពលរដ្ឋ ខ្ញុំគិតថា ការទទួលបានរបស់ប្រជាពលរដ្ឋនៅតែមានបញ្ហាដដែលទេ»។
កម្ពុជាមានផែនការនាំចេញស្រូវឲ្យបានមួយលានតោនក្នុងមួយឆ្នាំ ចាប់តាំងពីឆ្នាំ២០១៥មក តែគម្រោងនេះមិនត្រូវបានសម្រេចផែនការនៅឡើយទេ ដោយសារកង្វះឃ្លាំងស្ដុក និងឡសម្ងួត ខណៈតម្លៃស្រូវ និងទីផ្សាររបស់កសិករភាគច្រើនពឹងលើប្រទេសជិតខាងនៅឡើយរហូតមកដល់ពេលនេះ៕









