មេដឹកនាំចិនធ្វើដំណើរបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងជាលើកដំបូងនៅថ្ងៃព្រហស្បតិ៍នេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដើម្បីរឹតចំណងមិត្តភាពស្របពេលដែលប្រទេសទាំងពីរកំពុងប្រឈមមុខជាមួយសហរដ្ឋអាមេរិកដូចគ្នា។
ដំណើរទស្សនកិច្ចនេះគឺជាលើកទី១ហើយ ក្នុងរយៈពេល១៤ឆ្នាំមកនេះ ក្រោយពេលប្រទេសទាំងពីរកើតជម្លោះដោយសារកូរ៉េខាងជើងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរបន្តបន្ទាប់ឈានដល់ទទួលទណ្ឌកម្មពីអង្គការសហប្រជាជាតិ។
លោក ស៊ី ជីនពីង និងលោក គីម ជុងអ៊ុន កំពុងតែខិតខំធ្វើការរួមគ្នាជួសជុលលើជម្លោះកើតមានកន្លងមក។ លោក គីម ជុងអ៊ុន បានបំពេញទស្សនកិច្ច៤ដងកាលពីឆ្នាំមុន ចំណែកមេដឹកនាំចិន លោក ស៊ី ក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិបន្ថយការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង។
ការធ្វើដំណើររបស់មេដឹកនាំចិនទៅកាន់កូរ៉េខាងជើងនេះគឺជាឱកាសល្អមួយ ដោយសារតែជំនួបរវាងលោក ដូណាល់ ត្រាំ មេដឹកនាំអាមេរិក និងលោក គីម ជុងអ៊ុន ក្នុងការដោះស្រាយវិបត្តិនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េមិនទទួលបានផល។
តាមទូរទស្សន៍រដ្ឋចិន CCTV ចុះផ្សាយថា លោក ស៊ី ជីនពីង បានធ្វើដំណើរទស្សនកិច្ចនៅកូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ ហើយនឹងស្នាក់នៅទីនោះរយៈពេល២ថ្ងៃ។
អ្នកអមដំណើរទស្សនកិច្ចនេះជាមួយលោក ស៊ី ជីនពីង រួមមាន លោកស្រី ប៉េង លីយួន ភរិយាលោក និងរដ្ឋមន្ត្រីការបរទេស លោក វ៉ាង យី រួមទាំងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួនទៀត។
កាសែតរបស់រដ្ឋាភិបាលកូរ៉េខាងជើង Rodong Sinmun បានចុះផ្សាយដាក់រូបលោក ស៊ី ជីនពីងក្នុងទំព័រមុខគឺរូបមានពណ៌ស្រស់ស្អាត។ ក្នុងអត្ថបទទស្សនៈសារព័ត៌មាននេះ បានលើកឡើងពីផលប្រយោជន៍មហាសាលនៃការពង្រឹងទំនាក់ទំនងរបស់ប្រទេសទាំងពីរ។
នៅក្នុងទីក្រុងព្យុងយ៉ាងមានការរឹតបន្តឹងសន្តិសុខខ្លាំង អ្នកសារព័ត៌មានបរទេសមិនអាចទៅយកព័ត៌មានក្នុងព្រឹត្តិការណ៍នេះបានទេ។ ចំណែកអ្នកសារព័ត៌មានពីចិនដែលធ្វើដំណើរទៅជាមួយលោក ស៊ី ក៏ត្រូវកាត់បន្ថយផែនការការងាររបស់ពួកគេដែរ។
ដំណើរទស្សនកិច្ចនេះ មិនមែនជាសញ្ញាធម្មតាក្នុងការទំនាក់ទំនងរវាងប្រទេសកុម្មុយនីស្ត និងរបបផ្តាច់ការដែលកំពុងតែប្រឈមមុខជាមួយសហរដ្ឋអាមេរិក។ លោក គីម ជុងអ៊ុន ក៏បានធ្វើដំណើរទស្សនកិច្ចកម្រមួយជាលើកដំបូងទៅជួបជាមួយមេដឹកនាំរុស្ស៊ី លោក វ្លាឌីមៀ ពូទីនកាលពីខែមេសា។
ដំណើរទស្សនកិច្ចហាក់បង្ហាញថា ចិនមានឥទ្ធិពលនៅក្នុងតំបន់ ខណៈដែលសហរដ្ឋអាមេរិកចេញមុខដោះស្រាយ តែមិនទទួលបានលទ្ធផលតាមការគ្រោងទុក។
សាស្ត្រាចារ្យសិក្សាពីកូរ៉េខាងជើងនៅសកលវិទ្យាល័យ Kyungnam របស់កូរ៉េខាងត្បូង លោក Lim Eul-chul លើកឡើងថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំចិននៅពេលនេះជាសញ្ញាដែលកូរ៉េខាងជើងអាចប្រាប់អាមេរិកថា ទីក្រុងប៉េកាំងចាប់ផ្តើមពង្រឹងខ្លួននៅក្នុងតំបន់ ហើយអាមេរិកត្រូវបន្ថយការដាក់សម្ពាធលើគ្រប់រូបភាព។









