ក្រុមអ្នកសារព័ត៌មានកម្ពុជា ស្នើទៅសាលាឧទ្ធរណ៍ឱ្យទម្លាក់ចោលបទចោទប្រកាន់ និងបញ្ចប់ការដាក់ឱ្យស្ថិតនៅក្រោមការតាមដានរបស់តុលាការលើអតីតបុគ្គលិកអាស៊ីសេរីពីររូប។
ការស្នើនេះធ្វើឡើងចំពេលដែលសាលាឧទ្ធរណ៍គ្រោងនឹងបើកសវនាការជំនុំជម្រះបណ្តឹងទាស់របស់បុគ្គលិកអាស៊ីសេរីនៅថ្ងៃស្អែកនេះ។
អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា ត្រូវបានតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលបង្កឲ្យមានការអន្តរាយដល់ការការពារជាតិ» តាមមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ។
ក្នុងលិខិតចំហរមួយនៅថ្ងៃទី២០ ខែមិថុនានេះ ក្រុមអ្នកសារព័ត៌មានមកពីស្ថាប័នសារព័ត៌មានផ្សេងៗគ្នាចំនួន៥០នាក់ បានលើកឡើងថា ការចោទប្រកាន់ទៅលើអតីតអ្នកសារព័ត៌មានអាស៊ីសេរី គឺជាការប្រកាន់ដ៏«ធ្ងន់ធ្ងរ» ហើយថា ការចោទប្រកាន់បែបនេះកំពុងបង្កភាពភ័យខ្លាចដល់អ្នកសារព័ត៌មានដែលកំពុងបំពេញវិជ្ជាជីវៈ និងធ្វើឱ្យសេរីភាពសារព័ត៌មាននៅកម្ពុជាធ្លាក់ចុះ។
ក្រុមអ្នកសារព័ត៌មានស្នើទៅតុលាការឱ្យទម្លាក់ការចោទប្រកាន់ទៅលើអតីតអ្នកសារព័ត៌មានទាំងពីរ និងបញ្ចប់ការដាក់ឱ្យស្ថិតនៅក្រោមការតាមដានរបស់តុលាការបន្តទៀត ដោយថា ការដាក់ក្រោមការពិនិត្យបែបនេះ បានធ្វើឱ្យពួកគេទាំងពីរពិបាកក្នុងការរស់នៅ និងមិនអាចបំពេញការងារជាអ្នកសារព័ត៌មានបន្តទៀត។
ក្នុងលិខិតចំហរនោះសរសេរថា៖ «យើងខ្ញុំដែលបានភ្ជាប់ឈ្មោះនៅក្នុងលិខិតចំហរមួយនេះ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចោទប្រកាន់ដ៏ធ្ងន់ធ្ងរលើអ្នកទាំងពីរ។ លើសពីនេះទៅទៀត ការដាក់ឲ្យស្ថិតនៅក្រោមការតាមដានរបស់តុលាការ ធ្វើឲ្យពួកគេទាំងពីរពិបាកក្នុងការរស់នៅ និងមិនអាចបំពេញការងារជាអ្នកកាសែតបន្តទៀតនោះទេ។ ពួកគេមិនអាចផ្លាស់ប្តូរទីលំនៅដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ មិនអាចធ្វើដំណើរទៅក្រៅប្រទេស និងត្រូវបង្ហាញខ្លួនជារៀងរាល់ខែនៅប៉ុស្តិ៍នគរបាលផងដែរ»។
លិខិតដដែលបន្តថា សារព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ព័ត៌មានពិតដល់ប្រជាពលរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យ។
អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក យាង សុធារិន ស្នើទៅតុលាការឱ្យលើកលែងត្រួតពិនិត្យចំពោះពួកគាត់ទាំងពីររូបវិញ ដោយថា សព្វថ្ងៃនេះ ពួកគាត់មានការលំបាកក្នុងការប្រកបរបរចិញ្ចឹមជីវិត។
លោក មានប្រសាសន៍ថា៖ «វាជាការលំបាកសម្រាប់យើងខ្ញុំទាំងពីរនាក់ នៅក្នុងការប្រកបរបរ ហើយវាប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់យើងខ្ញុំទាំងពីរ។ ហើយទាក់ទងនឹងការហាមឃាត់មិនឱ្យធ្វើដំណើរទៅក្រៅប្រទេសហ្នឹង ខ្ញុំនឹកស្រុកកំណើតណាស់។ ខ្ញុំចង់ទៅលេងស្រុកកំណើតសួរសុខទុក្ខឪពុកម្ដាយអត់បាន អ៊ីចឹង។ យើងចង់ធ្វើដំណើរទៅក្រៅប្រទេសក្នុងការស្វែងរកចំណេះដឹងបន្ថែមសម្រាប់ខ្លួនឯងក៏អត់បានទៀត ហើយធ្វើការបច្ចុប្បន្នហ្នឹង ត្រូវសុំច្បាប់គេទៅបង្ហាញខ្លួននៅចំពោះមុខសមត្ថកិច្ចជារៀងរាល់ខែ»។
អ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធិ ចាត់ទុកថា ការទាមទារនេះ វាជាសិទ្ធិរបស់ក្រុមអ្នកសារព័ត៌មាន ប៉ុន្តែ ការសម្រេចយ៉ាងណានោះ គឺជាឆន្ទានុសិទ្ធិរបស់ចៅក្រម។
លោក ថា៖ «ខ្ញុំចាត់បញ្ជូនឯកឧត្តមប្រធាន ដើម្បីបញ្ជូនទៅក្រុមប្រឹក្សាជំនុំជម្រះ ដើម្បីគាត់សម្រេចទៅតាមផ្លូវច្បាប់»។
កាលពីម្សិលមិញ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ Human Rights Watch បានចេញសេចក្ដីថ្លែងការណ៍ដោយទាមទារឱ្យតុលាការទម្លាក់ការចោទប្រកាន់លើអតីតអ្នកកាសែតវិទ្យុអាស៊ីសេរីពីររូប (RFA) និងបញ្ឈប់ការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការបន្តទៀត។
នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស លោក ប៊្រែដ អាដាំ បាននិយាយថា៖ «អតីតអ្នកកាសែតវិទ្យុអាស៊ីសេរីទាំងពីររូប គឺជាជនរងគ្រោះនៃការវាយប្រហារមិនចេះចប់មិនចេះហើយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកលើបណ្តាញព័ត៌មានណាដែលហ៊ានផ្សព្វផ្សាយសេចក្តីរាយការណ៍រិះគន់រដ្ឋាភិបាល»។
អតីតបុគ្គលិកអាស៊ីសេរីពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៧ ករណីដែលពួកគាត់បង្កើតស្ទូឌីយូថតចម្រៀងដោយគ្មានការអនុញ្ញាត។ ប៉ុន្តែ ក្រោយជាប់ពន្ធនាគារអស់រយៈពេលជាង ៩ខែ នៅចុងខែសីហា ឆ្នាំ២០១៨ លោក អ៊ួន ឈិន និងលោក យាង សុធារិន ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នវិញ។
របាយការណ៍អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនបានចាត់ថ្នាក់សម្រាប់ឆ្នាំ២០១៩ ឱ្យកម្ពុជាជាប់លេខ ១៤៣ ក្នុងចំណោម ១៨០ប្រទេស។ ចំណាត់ថ្នាក់នេះធ្លាក់ចុះមួយលេខ បើប្រៀបធៀបឆ្នាំ២០១៨ ដោយសារតែការបិទស្ថានីយ៍វិទ្យុជាង៣០ កាលពីចុងឆ្នាំ២០១៧ និងបង្ខំកាសែត ឌឹខេមបូឌាដេលី បិទទ្វារ និងការផ្លាស់ប្តូរម្ចាស់កាសែត ភ្នំពេញប៉ុស្តិ៍៕









