រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ថៃ នរៈសត្យា ត្រូវបានព្រះមហាក្សត្រកម្ពុជាត្រាស់បង្គាប់បញ្ចប់មុខតំណែងកាលពីម្សិលមិញ។ នេះ បើយោងតាមព្រះរាជក្រឹត្យដែលឡាយព្រះហស្តលេខាដោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
ព្រះរាជក្រឹត្យ យសរសេរបន្តថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។ ទោះយ៉ាងណា ក្នុងព្រះរាជក្រឹត្យ មិនបានបញ្ជាក់ពីមូលហេតុនៃការបញ្ចប់មុខតំណែងរបស់លោក ថៃ នរៈសត្យា នោះទេ។
លោក ថៃ នរៈសត្យា បានប្រាប់ វី.អូ.ឌី តាមទូរសព្ទបន្ថែមថា លោកមិនទាមទាររកមូលហេតុនៃការបញ្ចប់តំណែងរបស់លោកនោះទេ។ លោក ក៏បានបញ្ជាក់ថា លោកនឹងអនុវត្ដតាមព្រះរាជក្រឹត្យនេះ។ តាមការឱ្យដឹងពីលោក ថៃ នរៈសត្យា លោកបានទទួលតំណែងជារដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាំងពីឆ្នាំ២០១១មកម្ល៉េះ៕









