ក្រសួងការបរទេសកម្ពុជានៅថ្ងៃនេះ បានផ្ដល់ទិដ្ឋាការឱ្យស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិច ហ្គូនសាឡេស ដាវិដសុន ប៉ុន្តែ បានលុបចោលវិញរយៈពេល១០ម៉ោងក្រោយមក។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កេត សោផាន់ បានបញ្ជាក់ប្រាប់ វី.អូ.ឌី ថា ការផ្ដល់ទិដ្ឋាការឱ្យលោក អាឡិច ហ្គូនសាឡេស ដាវិដសុន នៅថ្ងៃនេះ ដោយសារបញ្ហាបច្ចេកទេស ហើយស្ថាបនិកចលនាមាតាធម្មជាតិរូបនេះបានប្រើលិខិតឆ្លងដែនថ្មី តែពេលនេះក្រសួងបានធ្វើអសុពលភាពវិញហើយ។
លោក កេត សោផាន់ សរសេរថា៖ «គាត់ (អាឡិច ហ្គូនសាឡេស ដាវិដសុន) នៅតែស្ថិតក្នុងបញ្ជីហាមឃាត់ចូលប្រទេសកម្ពុជាដដែល។ ពេលនេះ ក្រសួងបានធ្វើអសុពលភាពទិដ្ឋាការនេះ ហើយបានជូនព័ត៌មានតាមអ៊ីម៉េលទៅគាត់វិញរួចហើយដែរ។»
ស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិច ហ្គូនសាឡេស ដាវិដសុន បានប្រាប់ VOD ថា នៅប្រហែលម៉ោង៧កន្លះព្រឹក លោកត្រូវបានផ្ដល់ទិដ្ឋាការឲ្យចូលប្រទេសកម្ពុជាពីថ្ងៃទី២១ ខែមិថុនានេះ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩។ លោក បន្តថា ម៉ោង៥កន្លះល្ងាចថ្ងៃដដែលនេះ ក្រសួងការបរទេសកម្ពុជាបានលុបចោលទិដ្ឋាការនេះទៅវិញ។
លោក អាឡិច ហ្គូនសាឡេស ដាវិដសុន ថារឿងនេះធ្លាប់កើតមានលើលោកម្តងរួចទៅហើយកាលពីឆ្នាំ២០១៦។ លោក ចាត់ទុកថា ការបដិសេធជាលើកទីពីរបស់ក្រសួងកាបរទេសនេះ គឺជាចេតនារបស់រដ្ឋាភិបាលក្នុងការរារាំងមិនឲ្យលោកចូលខ្លួនតាមដីកាកោះរបស់តុលាការ ដែលលោកចាត់ទុកថា ប្រព័ន្ធរដ្ឋបាលរបស់កម្ពុជាជាប្រព័ន្ធមួយដែលមិនអាចទុកចិត្តបាន។
លោក ថា៖ «ក្រមព្រហ្មទណ្ឌ នៅពេលដែលមន្ត្រីរាជការសាធារណៈ មិនព្រមអនុវត្តតាមសាលដីការចៅក្រម គឺមានទោសជាប់ពន្ធនាគារពី២ ទៅ៥ឆ្នាំ។ អញ្ចឹង ខ្ញុំនឹងពិចារណាជជែកជាមួយមេធាវី ថាដាក់ពាក្យប្ដឹងទាក់ទងនឹងការមិនផ្ដល់វីសាពីក្រសួងការបរទេសទៅតុលាការ ឬយ៉ាងណា? ព្រោះរឿងនេះជារឿងខុសច្បាប់។»
តុលាការខេត្តកោះកុងចេញដីកា បានកោះហៅលោក អាឡិច ហ្គូនសាឡេស ដាវិដសុន ឲ្យចូលសវនាការនៅថ្ងៃទី៣០ ខែកក្កដា ខាងមុខ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោកបានសមគំនិតក្នុងអំពើគំរាមកំហែងមួយដែលប្រព្រឹត្តិនៅក្នុងស្រុកបុទុមសាគរ។
កាលពីខែមេសា ឆ្នាំ២០១៦ ក្រោយពីចេញទិដ្ឋាការឲ្យលោក អាឡិច ហ្គូនសាឡេស ដាវិដសុន ហើយ រដ្ឋាភិបាលបានលុបចោលវិញ ដោយលើកហេតុផលថា ប្រព័ន្ធត្រួតពិនិត្យបញ្ជីខ្មៅ E Visa របស់ក្រសួងមានភាពរអាក់រអួល។
ចលនាមាតាធម្មជាតិ លោក លោក អាឡិច ហ្គូនសាឡេស ដាវិដសុន ត្រូវបានចាប់បញ្ជូនទៅប្រទេសលោកវិញកាលពីឆ្នាំ២០១៥៕









