មេធាវីការពារក្ដីអតីតបុគ្គលិកអាស៊ីសេរី អះអាងថា កូនក្ដីរបស់លោកមិនត្រូវដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការបន្តទៀតនោះទេ ចាប់តាំងពីចៅក្រមស៊ើបសួរបិទការស៊ើបអង្កេតក្នុងសំណុំរឿងនេះកាលពីខែមីនា។
នៅថ្ងៃនេះ សាលាឧទ្ធរណ៍បានបើកសវនាការបណ្តឹងជំទាស់របស់អតីតបុគ្គលិកអាស៊ីសេរី ពាក់ព័ន្ធនឹងការសុំឱ្យបញ្ចប់ការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
មេធាវីការពារក្ដីឱ្យលោក អ៊ួន ឈិន និងលោក យាង សុធារិន គឺលោក សំ ចំរើន អះអាងថា បើតាមការជជែកដេញដោលព្រឹកមិញនេះ ចៅក្រមប្រាប់ថា កូនក្ដីរបស់លោកទាំងពីររូបមិនចាំបាច់ទៅបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាលជារៀងរាល់ខែបន្តទៀតទេ ដោយសារដីកាដែលចៅក្រមស៊ើបសួរឱ្យចេញកន្លងមកនោះ គឺអស់សុពលភាពហើយ ចាប់តាំងពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញបិទការស៊ើបអង្កេតក្នុងសំណុំរឿងនេះកាលពីខែមីនា។
លោកថា៖ «ផ្អែកតាមការជជែកដេញដោលនៅពេលសវនាការនេះ តុលាការបានបង្ហាញសេចក្ដីសម្រេចនៅក្នុងដីកាដោះស្រាយមិនមានអានុភាពបន្តទៀតទេ ទាក់ទងនឹងការដាក់ត្រួតពិនិត្យហ្នឹង»។
អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក យាង សុធារិន មានប្រសាសន៍ថា លោកសប្បាយចិត្តនៅពេលចៅក្រមសាលាឧទ្ធរណ៍បញ្ជាក់ថា ពួកគាត់មិនចាំបាច់ទៅបង្ហាញខ្លួនបន្តទៀតទេ ដោយថា កាតព្វកិច្ចនេះបានបញ្ចប់ចាប់តាំងពីចៅក្រមស៊ើបសួរបញ្ជូនសំណុំរឿងរបស់ពួកគាត់ទៅចៅក្រមជំនុំជម្រះមកម្លេះ។
លោកថា៖ «ឥឡូវនេះ ខាងចៅក្រមបានបញ្ជាក់ច្បាស់ហើយថា នៅពេលមានដីកាដំណោះស្រាយបញ្ជូនទៅចៅក្រមជំនុំជម្រះគឺថា ការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ វាត្រូវបញ្ចប់ហើយ»។
លោកបន្តថា លោកនឹងពិភាក្សារជាមួយមេធាវី ដើម្បីដាក់លិខិតទៅសាលាដំបូងដោយស្នើសុំសម្ភាសន៍ និងលិខិតឆ្លងដែនមកវិញ។
អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន លើកឡើងថា ទោះបីជាចៅក្រមសាលាឧទ្ធរណ៍បញ្ជាក់បែបនេះក្ដី ប៉ុន្តែ ពួកគាត់នៅតែមានការព្រួយបារម្ភដដែល ដោយសារ សាលាឧទ្ធរណ៍មិនបានចេញលិខិតបញ្ជាក់ចំពោះរឿងនេះ។
លោក បន្តថា៖ «យើងបានអ្វីដែលជាសក្ខីប័ណ្ណមក ដើម្បីបង្ហាញថា ពីរនាក់ហ្នឹងឈប់ឱ្យនៅក្រោមការត្រួតពិនិត្យ មិនចាំបាច់ទៅបង្ហាញនៅប៉ុស្តិ៍ប៉ូលីសអីបន្តទៀតទេ ហើយការផ្លាស់ប្ដូរអីហ្នឹង មិនចាំបាច់ជម្រាបទៅចៅក្រមអីហ្នឹង»។
អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា ស្វាគមន៍ចំពោះការបកស្រាយរបស់សាលាឧទ្ធរណ៍ ប៉ុន្តែ លោកថា អ្នកសារព័ត៌មានទាំងពីរនាក់គួរតែត្រូវបានទម្លាក់បទចោទប្រកាន់។
លោក ថា៖ «សំណុំរឿងហ្នឹងចេះតែបន្តការលំបាកដល់អ្នកទាំងពីរទៀត មានន័យថា សេរីភាពសារព័ត៌មានដែលរដ្ឋាភិបាលតែងបានផ្ដើមបើកឱ្យទូលំទូលាយហើយ យើងឃើញដូចជាអត់ឃើញមានជាផ្លែផ្កាអី ក្នុងការរកដំណោះស្រាយហ្នឹងទេ។ អ៊ីចឹង នៅតែបន្ត ពីព្រោះអ្នកសារព័ត៌មានទាំងអស់នៅតែជាប់បណ្ដឹងតុលាការដដែល។ អ៊ីចឹង ដើម្បីបង្ហាញមានន័យថា ទម្លាក់បទចោទប្រកាន់ ហើយប្រគល់សម្ភាសន៍ឱ្យពួកគាត់វិញ»។
អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៧ ករណីដែលពួកគាត់បង្កើតស្ទូឌីយូថតចម្រៀងដោយគ្មានការអនុញ្ញាត។ ក្រោយចាប់ពីខ្លួននោះ អ្នកទាំងពីរ ត្រូវបានតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលបង្កឲ្យមានការអន្តរាយដល់ការការពារជាតិ» តាមមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ។
ប៉ុន្តែ ក្រោយជាប់ពន្ធនាគារអស់រយៈពេលជាង ៩ខែ នៅចុងខែសីហា ឆ្នាំ២០១៨ លោក អ៊ួន ឈិន និងលោក យាង សុធារិន ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នវិញ។
របាយការណ៍អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនបានចាត់ថ្នាក់សម្រាប់ឆ្នាំ២០១៩ ឱ្យកម្ពុជាជាប់លេខ ១៤៣ ក្នុងចំណោម ១៨០ប្រទេស។ ចំណាត់ថ្នាក់នេះធ្លាក់ចុះមួយលេខ បើប្រៀបធៀបឆ្នាំ២០១៨ ដោយសារតែការបិទស្ថានីយ៍វិទ្យុជាង៣០ កាលពីចុងឆ្នាំ២០១៧ និងបង្ខំកាសែត ឌឹខេមបូឌាដេលី បិទទ្វារ និងការផ្លាស់ប្តូរម្ចាស់កាសែត ភ្នំពេញប៉ុស្តិ៍៕