សហរដ្ឋអាមេរិកបានចេញរបាយការណ៍មួយដោយបានដាក់កម្ពុជាក្នុងបញ្ជីតាមដានរបស់ខ្លួន ដោយថា ប្រទេសនេះមិនបានបំពេញ និងមិនបានតាំងចិត្តខ្ពស់ក្នុងការលុបបំបាត់អំពើជួញដូរមនុស្សចេញពីប្រទេសនៅឡើយទេ។
ក្នុងរបាយការណ៍ស្ដីពីការជួញដូរមនុស្សក្នុងពិភពលោកវាយតម្លៃដោយសហរដ្ឋអាមេរិក ដែល VOD ទើបទទួលបាន បង្ហាញកម្ពុជានៅតែស្ថិតក្នុងចំណោមប្រទេសដែលមិនបានបំពេញបទដ្ឋានគ្រប់គ្រាន់ក្នុងការលុបបំបាត់ការជួយដូរមនុស្សដូចឆ្នាំ២០១៨ដដែល ប៉ុន្តែ ចំណាត់ថ្នាក់នៅឆ្នាំនេះបានធ្លាក់ចុះមួយកម្រិតទៀត ពោលគឺស្ថិតក្នុងបញ្ជីប្រទេសដែលត្រូវឃ្លាំមើល។
របាយការណ៍នោះបានលើកឡើងថា ការទម្លាក់ចំណាត់ថ្នាក់នេះបណ្ដាលមកពីអាជ្ញាធរកម្ពុជាមិនបានបង្កើនសកម្មភាពរបស់ខ្លួនឲ្យខ្លាំងក្លាដូចកាលពីឆ្នាំមុន បញ្ហាអំពើពុករលួយ និងការស៊ើបអង្កេតដោយគ្មានតម្លាភាពរបស់អាជ្ញាធរ ជាដើម។
របាយការណ៍នោះ សរសេរបន្តថា៖ «[…] រដ្ឋាភិបាល(កម្ពុជា) មិនបានបង្ហាញពីការបង្កើនកិច្ចខិតខំប្រឹងប្រែងឲ្យដូចរបាយការណ៍កាលពីឆ្នាំមុននោះទេ។ អាជ្ញាធរមិនបានប្រមូលឬចែករំលែកព័ត៌មានសំខាន់ៗទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តច្បាប់។ អំពើពុករលួយនៅតែរារាំងដល់ប្រតិការអនុវត្តន៍ច្បាប់ ដំណើរការនៃការកាត់ទោសឧក្រិដ្ឋជន និងការផ្ដល់សេវាដល់ជនរងគ្រោះ។ […] អាជ្ញាធរមិនបានអនុញ្ញាតឲ្យប្រើវិធីសាស្ត្របន្លំខ្លួនក្នុងការប្រតិបត្តិការប្រឆាំងការជួញដូរមនុស្សនោះទេ ដែលជាកត្តាមួយកាត់ផ្ដាច់ព័ត៌មានពីការជួញដូរមនុស្ស»។
របាយការណ៍ដដែល ក៏បានលើកឡើងផងដែរថា រដ្ឋាភិបាលមិនបានស៊ើបអង្កេតពីភាពជឿជាក់បាននៃរបាយការណ៍បទល្មើសទាក់ទងនឹងម្ចាស់ជំនួញនោះទេ ដែលបណ្ដាលឲ្យបុរស ស្ត្រី និងកុមាររាប់ពាន់នាក់នៅទូទាំងប្រទេសក្លាយជាជនរងគ្រោះនៃការជួញដូរតាមរយៈបំណុល ជាពិសេសក្នុងអាជីវកម្មឡឥដ្ឋ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោក យឹម វិរៈ សោកស្ដាយចំពោះការវាយតម្លៃនេះ ដោយថា វាខុសពីកិច្ចខិតខំរបស់កម្ពុជាទាំងស្រុង។
លោក ថា៖ «យើងធ្វើបានច្រើននៅឆ្នាំនេះ តែការវាយតម្លៃរបស់អាមេរិកដែលស្ថិតនៅក្នុងបទដ្ឋានអប្បបរមានៃការវាយតម្លៃរបស់គេ គឺយើងអត់យល់ដែររឿងហ្នឹង។ តែគ្រាន់ថាជាទស្សនៈរបស់ខ្ញុំ ដែលយើងស្ថិតនៅក្នុងគណៈកម្មាធិការជាតិ យើងយល់ថាការខិតខំរបស់កម្ពុជា វាផ្ទុយពីអ្វីដែលគាត់វាយតម្លៃ។ ប្រសិនជាគាត់វាយតម្លៃនៅឆ្នាំ២០១៩ស្ថិតនៅលេខ២ឃ្លាំមើល យើងគិតថាវាជាជ្រុងមួយដែលមិនសមរម្យនោះទេ »។
ទោះជាយ៉ាង លោកថា គណៈកម្មាធិការនឹងពិនិត្យទៅលើការផ្ដល់មតិយោបល់ក្នុងរបាយការណ៍ បើទោះបីមិនពេញចិត្តចំពោះការវាយតម្លៃនេះក៏ដោយ។
អ្នកនាំពាក្យសមាគមអាដហុក លោក សឹង សែនករុណា មានប្រសាសន៍ថា ការវាយតម្លៃរបស់អាមេរិកនៅពេលនេះ វាអាចប៉ះពាល់ដល់មុខមាត់របស់កម្ពុជាក្នុងការប្រឆាំងការជួញដូរមនុស្ស។ លើសពីនេះទៀត វាកាន់តែដាក់បន្ទុកបន្ថែមទៀតដល់កម្ពុជា ស្របពេលដែលសមាជិកព្រឹទ្ធសភា ៤រូបរបស់អាមេរិកបានដាក់សំណើសុំដកប្រព័ន្ធអនុគ្រោះពន្ធ GSP ពីកម្ពុជាទៅកាន់ប្រធានាធិបតីអាមេរិកកាលពីខែកុម្ភៈកន្លងទៅនោះ។
លោកថា៖ «វាជាផ្នែកមួយក្នុងបញ្ហាសិទ្ធិមនុស្សដែរ។ អញ្ចឹង បើសិនជាគេមើលមកយើងថាកម្ពុជានៅតែមានបញ្ហានៃការជួញដូរមនុស្ស ឬក៏កម្លាំងពលកម្មអីហ្នឹង។ ខ្ញុំគិតថា វានឹងធ្វើឲ្យកាន់តែមានភាពផុយស្រួយក្នុងការពិចារណាទៅលើការផ្ដាច់ប្រព័ន្ធ GSP ហ្នឹងទៅទៀត »។
លោក ករុណា ជំរុញដល់រដ្ឋាភិបាលឲ្យទទួលយក និងអនុវត្តតាមអនុសាសន៍ដែលអាមេរិកបានលើកឡើងក្នុងរបាយការណ៍នេះ ដើម្បីរក្សាមុខមាត់ប្រទេស និងកិច្ចសហការល្អរវាងប្រទេសទាំងពីរ។
អនុសាសន៍របស់អាមេរិកក្នុងរបាយការណ៍នេះមានចំនួន ១០ចំណុចដែលជំរុញឲ្យកម្ពុជាមានការបង្កើតភ្នាក់ងារស៊ើបអង្កេតសម្ងាត់ និងមន្ត្រីតាមមើលដំណើរការតុលាការ កំណត់មុខសញ្ញាជនងាយរងគ្រោះ ពិសេសអ្នកធ្វើការនៅឡឥដ្ឋ នេសាទ និងចម្ការ ជាដើម។ រដ្ឋាភិបាល ក៏ត្រូវបង្កើនការស្ដារនីតិសម្បទាដល់ជនរងគ្រោះ និងត្រួតពិនិត្យលើស្ថាប័នផ្ដល់ប្រាក់កម្ចីឯកជនដើម្បីកាត់បន្ថយភាពងាយរងគ្រោះនៃបំណុល លើកទឹកចិត្តដល់ជនរងគ្រោះទាំងក្នុង និងក្រៅប្រទេស កែសម្រួលច្បាប់ដើម្បីឲ្យមានការសងជំងឺចិត្តដល់ជនរងគ្រោះ បង្កើនការយល់ដឹងជាសាធារណៈពីការធ្វើចំណាកស្រុក និងពង្រឹងការត្រួតពិនិត្យលើភ្នាក់ងារជ្រើសរើសពលករ។ ក្រៅពីនេះ កម្ពុជាក៏ត្រូវបង្កើតប្រព័ន្ធទទួលរាយការណ៍ព័ត៌មាន និងការពារអត្តសញ្ញាណអ្នករាយការណ៍ រួមទាំងបង្កើនឲ្យមានការចូលរួមរបស់អង្គការសង្គមស៊ីវិលក្នុងសកម្មភាពប្រឆាំងការជួញដូរមនុស្ស ជាដើម។
ប្រទេសនៅតំបន់អាស៊ានចំនួន៤ ដែលស្ថិតនៅចំណាត់ថ្នាក់ជាមួយកម្ពុជា នៅឆ្នាំនេះមាន ប្រ៊ុយណេ ឡាវ ម៉ាឡេស៊ី និងវៀតណាម ខណៈមានតែប្រទេសហ្វីលីពីនមួយប៉ុណ្ណោះដែលទទួលបានចំណាត់ថ្នាក់គ្មានការជួញដូរមនុស្សដែលត្រូវបានវាយតម្លៃដោយសហរដ្ឋអាមេរិកនេះ៕









