អតីតពលរដ្ឋបឹងកក់ទារប្រាក់បន្ថែមពីរដ្ឋាភិបាល ក្រោយទទួលសំណងទាំងបង្ខំកាល១០ឆ្នាំមុន

នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នេះ តំណាងអតីតពលរដ្ឋបឹងកក់ប្រមាណជិត១០នាក់ បានប្រមូលផ្តុំគ្នាមុខទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីដាក់ញត្តិសុំឲ្យរដ្ឋាភិបាលផ្តល់សំណងបន្ថែមដល់ពួកគេ។ រូបភាព៖ ហ៊ី ឆាយ

អតីតប្រជាពលរដ្ឋបឹងកក់បានទាមទារសំណងបន្ថែមពីរដ្ឋាភិបាល ដោយអះអាងថា ជីវភាពគ្រួសាររបស់ពួកគេកំពុងជួបការលំបាក និងក្រីក្រ បន្ទាប់ពីទទួលយកសំណងទាំងបង្ខំកាល១០ឆ្នាំមុន។

តំណាងអតីតពលរដ្ឋបឹងកក់ប្រមាណជិត១០នាក់ បានប្រមូលផ្តុំគ្នាមុខទីស្តីការគណៈរដ្ឋមន្ត្រីនៅព្រឹកនេះ ដើម្បីដាក់ញត្តិសុំឲ្យរដ្ឋាភិបាលផ្តល់សំណងបន្ថែមដល់ពួកគេ។

កំពុងឈរលើកបដាមុខទីស្តីការគណៈរដ្ឋមន្រ្តី តំណាងអតីតពលរដ្ឋបឹងកក់ កញ្ញា អ៊ឹម ស្រីទូច អះអាងថា អតីតពលរដ្ឋបឹងកក់មួយចំនួនដែលទទួលយកសំណងទាំងបង្ខំក្រោមគម្រោងអភិវឌ្ឍន៍តំបន់បឹងកក់នោះ កំពុងធ្លាក់ខ្លួនក្រីក្រ និងកូនៗបាត់បង់ការសិក្សាដោយសារបាត់បង់មុខរបរ។

តំណាងពលរដ្ឋរូបនេះឲ្យដឹងថា ពួកគេទាមទារសំណងបន្ថែម២ម៉ឺនដុល្លារក្នុងមួយគ្រួសារ ដើម្បីយកទៅផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ពួកគេដែលរងទុក្ខលំបាក។

កញ្ញា បន្ថែមថា៖ «ដោយតែសារតែការអភិវឌ្ឍអត់មានតម្លាភាព អត់គោរពសិទ្ធិមនុស្ស អត់គោរពសិទ្ធិលំនៅឋាន ដែលធ្វើឲ្យពួកយើងអស់ផ្ទះ អស់ដី ដែលធ្វើឲ្យពួកយើងធ្លាក់ខ្លួនក្រីក្ររហូតដល់សព្វថ្ងៃនេះ។ អ៊ីចឹង ភាពក្រីក្ររបស់ពួកខ្ញុំនេះជាបន្ទុករបស់រដ្ឋាភិបាល ពីព្រោះពួកខ្ញុំក្រមិនមែនដោយសារខ្ជិលរកស៊ីនោះទេ គឺធ្លាក់ខ្លួនក្រីក្រដោយសារការអភិវឌ្ឍរបស់រដ្ឋាភិបាល។ អីចឹង រដ្ឋាភិបាលត្រូវជួយបំពេញនូវភាពខ្វះខាត និងភាពក្រីក្រដោយសារការបណ្តេញចេញទាំងបង្ខំកន្លងមកនេះ»

អតីតពលរដ្ឋបឹងកក់ម្នាក់ អ្នកស្រី លាង វណ្ណាត ដែលអះអាងថា កំពុងធ្លាក់ខ្លួនក្រីក្រ និងផ្ទុកមេរោគអេដស៍ផងនោះ បាននិយាយថា កាលពីឆ្នាំ២០០៨ គ្រួសារគាត់សម្រេចចាកចេញទាំងបង្ខំទៅរស់នៅតំបន់ដំណាក់ត្រយឹង ជាយរាជធានីភ្នំពេញ ដោយធ្វើឲ្យគ្រួសារគាត់បានបាត់បង់មុខរបរ ធ្លាក់ខ្លួនក្រីក្ររហូតមកដល់សព្វថ្ងៃ។​

អ្នកស្រី បន្ថែមថា៖ «គ្រួសារខ្ញុំមិនយកសំណងជាលុយទេ។ ខ្ញុំបានផ្ទះនៅដំណាក់ត្រយឹង ប៉ុន្តែ ផ្ទះនៅកន្លែងនោះគ្មានគុណភាព គ្មានបន្ទប់ទឹកផ្ទះបាយទេ។ អញ្ចឹង ខ្ញុំបានទៅខ្ចីលុយធនាគារ ២ពាន់ដុល្លារ ដើម្បីធ្វើបន្ថែម តែស្រាប់ពេលនោះប្តីខ្ញុំក៏ធ្លាក់ខ្លួនឈឺ យកលុយនោះមើលជំងឺរហូតគ្មានលុយសងបំណុលធនាគារ ខ្ញុំក៏លក់ផ្ទះនោះសងគេ។ ទៅនៅផ្ទះជួល ហើយកូនខ្ញុំ៥នាក់បានបែកគ្នាអស់ហើយ អាខ្លះចំណាកស្រុកទៅថៃ អាខ្លះទៅធ្វើកម្មករស៊ីឈ្នួលគេ ឥលូវគ្រួសារខ្ញុំលំបាកវេទនាណាស់»

ការតវ៉ារបស់អ្នកភូមិនៅព្រឹកនេះ ពុំមានមន្រ្តីនៃទីស្តីការគណៈរដ្ឋមន្រ្តីណាចេញមកទទួលញត្តិពីពលរដ្ឋនោះទេ ដោយអ្នកយាមកាមខាងមុនវិមានមួយនេះប្រាប់ថា មន្រ្តីមានតួនាទីទទួលញត្តិអវត្តមានការងារ។

វី.អូ.ឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានទេ ជុំវិញការទាមទារសំណងបន្ថែមរបស់អតីតពលរដ្ឋបឹងកក់នេះ ប៉ុន្តែ កន្លងមក អ្នកនាំពាក្យរូបនេះធ្លាប់អះអាងថា សាលារាជធានីភ្នំពេញពុំមានគោលនយោបាយផ្តល់សំណងបន្ថែមដល់ពលរដ្ឋដែលទទួលយកសំណងរួចហើយនោះទេ។

មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច​ និងសិទ្ធិមនុស្សនៅមជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត ប្រសាសន៍ថា កន្លងមក លោកធ្លាប់បានចុះទៅដល់ទីតាំងថ្មីដែលអតីតពលរដ្ឋបឹងកក់ទៅរស់នៅ ដោយលោកពិនិត្យមើលឃើញថា ទីតាំងថ្មីនោះពុំមានហេដ្ឋារចនាសម្ព័ន្ធ និងពលរដ្ឋមួយចំនួននៅទីនោះគ្មានមុខរបរត្រឹមត្រូវនោះទេ ដែលធ្វើឲ្យពួកគេពិបាកក្នុងការរស់នៅ។

មន្រ្តីការពារសិទ្ធិមនុស្សរូបនេះ បានស្នើទៅអាជ្ញាធរជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ដោយធ្វើយ៉ាងណាឲ្យពលរដ្ឋដែលចាកចេញនោះមានមុខរបរ មានការធ្វើត្រឹមត្រូវ អាចចិញ្ចឹមជីវិតរស់ស្រួល​នោះប្រហែលពួកគេលេងឡើងមកតវ៉ាទៀតហើយ។

លោក បន្ថែមថា៖ «រឿងនេះមានការពិបាកដោះស្រាយណាស់។ អ៊ីចឹង ទាល់តែអាជ្ញាធរហ្នឹងរកវិធីយ៉ាងណាឲ្យកន្លែងគាត់កំពុងរស់នៅហ្នឹងមានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ ​ហើយមានការអភិវឌ្ឍតំបន់ហ្នឹង ដែលអាចធ្វើឲ្យពួកគាត់មានមុខរបរ ដើម្បីធានាជីវភាពរស់នៅរបស់ពួកគាត់បានសមរម្យ ឬដូចកាលនៅកន្លែងចាស់វិញទៅបានហើយ។ បើមិនអ៊ីចឹងទេ ពេលពួកគាត់ជួបការលំបាក ពួកគាត់នឹងឡើងតវ៉ាទៀតហើយ»។

​រ​បាយការណ៍របស់អង្គការលីកាដូ រកឃើញថា ក្រោមគម្រោងអភិវឌ្ឍន៍នៅតំបន់បឹងកក់ គឺបានធ្វើឲ្យប៉ះពា​ល់ដល់​ព​ល​​​រដ្ឋ​ជា​ង ៤ពាន់គ្រួសារ ក្នុងនោះពលរដ្ឋ​ជាង ៣ពាន់​គ្រួសារត្រូវបានបណ្តេញចេ​ញឲ្យទៅរស់​នៅជាយក្រុង និង​​ជិ​​ត ១​ពាន់គ្រួសារទៀតបាន​តវ៉ាទាមទារ​អភិវឌ្ឍន៍​នៅនឹង​កន្លែង ដែលរហូតមកដល់ពេលនេះ បានដោះស្រាយចប់អស់ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ