កីឡាករ ខេម ចាន់ ទទួលបានតំណែងជើងឯករងដោយស្វ័យប្រវត្តិ

ការប្រកួតជ្រើសរើសជើងឯក TV5 Knock out Series by K-Cement រដូវកាលទី៥ ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម បានឈានជិតចប់ការប្រកួតហើយ ដោយការប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២២ មិថុនា កីឡាករបង្គោលខៀវ ខេម ចាន់ គឺជាអ្នកបានឡើងទៅប្រកួតយកលេខ១។ បើទោះជាការប្រកួតនេះ មិនទាន់ចប់ តែកីឡាកររូបនេះ ទទួលបានតំណែងជើងឯករងដោយស្វ័យប្រវត្តិ ប្រសិនបើសំណាងអាក្រក់ នៅមួយប្រកួតចុងក្រោយ។

ឱកាសបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ដែលជាក្ដីស្រម៉ៃនេះ គឺបន្ទាប់ពីបង្គោលខៀវ ខេម ចាន់ យកឈ្នះបង្គោលក្រហម ឡុង ណងសាវ ក្រោយពីការប្រកួតពេញ៣ទឹកមានភាពស្វិតស្វាញ។

កីឡាករ ខេម ចាន់ បានថ្លែងក្រោយចប់ការប្រកួតដែលបានធ្វើឡើងនៅសង្វៀនប៉ុស្តិ៍លេខ៥ព្រែកកំពិសថា លោកពិតជាសប្បាយចិត្តយ៉ាងខ្លាំង ដែលលោកមានឱកាសត្រូវបានគណកម្មការជ្រើសអោយប្រកួតជ្រើសរើសជើងឯកនៅប៉ុស្តិ៍លេខ៥ ហើយទទួលបានជើងឯករងដោយស្វ័យប្រវត្តិ បើទោះជាលោកចាញ់មួយប្រកួតក្នុងពេលខាងមុខ។ យ៉ាងណាមិញលោកថា តំណែងជើងឯក ទើបជាក្ដីស្រម៉ៃរបស់លោក ដោយលោកនឹងប្រឹងអោយអស់ពីសមត្ថភាព។

 លោកបាននិយាយថា៖ «ខ្ញុំឡើងមកដល់វគ្គនេះ ខ្ញុំអត់ចង់បានលទ្ធផលចាញ់ទេ ប៉ុន្តែបើខ្ញុំចាញ់ក៍ខ្ញុំពេញចិត្ត ព្រោះក្នុងចំណោមបេក្ខជនប្រកួតសរុប៣២រូប ខ្ញុំដណ្ដើមបានលេខ២ ក៍ជាមោទនភាពដែរ»។

 កីឡាករ ខេម ចាន់ បានប្តេជ្ញាថានឹងសម្រុកហាត់រត់ និងហ្វឹកហាត់អោយអស់ពីលទ្ធភាព ដើម្បីត្រៀមខ្លួនប្រកួតដណ្ដើមយកលេខ១ និងទឹកប្រាក់៤ពាន់ដុល្លារនៅវគ្គផ្ដាច់ព្រ័ត្រ ថ្ងៃទី៦ ខែកក្កដា ខាងមុខនេះ។

លោកបន្តថា៖ «មួយប្រកួតចុងក្រោយ បើខ្ញុំត្រូវចាញ់ ជី ឆៃលី ក៍ត្រូវតែធ្វើអស់ចិត្តដែរ ព្រោះខ្ញុំមានការត្រៀមទុកច្បាស់លាស់»។

លោក សេង កដិកា អ្នករៀបចំកម្មវិធី បានថ្លែងបញ្ជាក់ថា ក្រោយបញ្ចប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កីឡាករ ខេម ចាន់ ត្រូវប៉ះយកលេខ១ ជាមួយកីឡាករជី ឆៃលី ដោយលោកប្រកាសថា ជើងខ្លាំងវ័យក្មេងទាំងពីរ គឺសុទ្ធតែមិនធ្លាប់ចាញ់ និងជើងខ្លាំងជំនាន់ថ្មីល្អៗដូចគ្នា។

 លោកនិយាយថា៖ «ពីរនាក់ហ្នឹង បើអោយខ្ញុំរើសគឺពិបាក ព្រោះ ខេម ចាន់ ល្អកែង តែម្ខាងទៀតក៍ខ្លាំងម៉ាត់ និងជង្គង់»។ លោកបន្ថែមថា៖ «ខ្ញុំជឿថា អ្នកណាកាន់ពានជើងឯកក៍សមដែរ ប៉ុន្តែបើបានលើ ខេម ចាន់ ក៍ជារឿងល្អមួយ ដោយសារគាត់មើលទៅមានឆន្ទៈខ្ពស់ក្នុងវិស័យប្រដាល់ ស្រួលបណ្ដុះ»។

គួរបញ្ជាក់ផងដែរថា ការប្រកួតជ្រើសរើសជើងឯកនេះ ផ្ដើមឡើងពីការប្រកួតរបស់កីឡាករ៣២រូប ដោយតម្រូវអោយប្រកួតគ្នាចាញ់ធ្លាក់ៗ។ ពីលេខ១ ដល់ដល់លេខ៣ សុទ្ធតែទទួលបានពានតូចធំខុសៗគ្នាម្នាក់មួយ អមដោយទឹកប្រាក់៤ពាន់ដុល្លារ ២ពាន់ដុល្លារ និង៧៥០ដុល្លារ ខណៈដែលការប្រកួតនៅថ្ងៃទី៦ កក្កដា ខាងមុខ នឹងកំណត់ថា រវាង ខេម ចាន់ និងម្នាក់ទៀត តើអ្នកណាជាជើងឯក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ