ស្នងការខេត្តព្រះសីហនុ ឱ្យដឹងថា សមត្ថកិច្ចនឹងបញ្ជូនជនជាតិចិនចំនួន៤នាក់ទៅតុលាការ នៅថ្ងៃនេះ ករណីដែលពួកគេសាងសង់អគារកម្ពស់៧ជាន់ ដោយថាគ្មានច្បាប់អនុញ្ញាត បណ្ដាលឱ្យមានអ្នកស្លាប់ចំនួន២៥ និងរបួស២៤នាក់។
កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ អគារកម្ពស់៧ជាន់មួយ នៅខេត្តព្រះសីហនុបានបាក់រលំបណ្ដាលឱ្យកម្មករដែលរស់នៅក្នុងអគារស្លាប់ និងរបួស។ ក្រោយហេតុការណ៍នេះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់ ក្នុងនោះមានស្រីម្នាក់។
ស្នងការខេត្តព្រះសីហនុលោក ជូន ណារិន ប្រាប់វីអូឌីនៅថ្ងៃនេះថា សមត្ថកិច្ចកំពុងរៀបចំឯកសារនិងជនជាតិចិនទាំង៤នាក់ទៅតុលាការ ដើម្បីឱ្យចាត់ការតាមនីតិវិធី។
លោកថា៖ «សូមអធ្យាស្រ័យការងារនេះ ត្រូវធ្វើបន្តទៀត! ឥឡូវនេះ យើងនឹងបញ្ជូន [ជនជាតិចិន] ទៅព្រះរាជអាជ្ញាសិន ដើម្បីឱ្យគាត់ពិនិត្យមើល! បញ្ជូនទៅថ្ងៃនេះ»។
ដោយឡែកម្ចាស់ដី លោក ជូន ណារិន ថា មិនបានជាប់ពាក់ព័ន្ធទេ ដោយការជួលនេះមានឯកសារច្បាប់ត្រឹមត្រូវ។
អ្នកនាំពាក្យខេត្តព្រះសីហនុ លោក ឃាង ភារម្យ មានប្រសាន៍ថា សមត្ថកិច្ចកំពុងជួយសង្គ្រោះបានរកឃើញសាកសព និងជនរងគ្រោះជាបន្ដបន្ទាប់ ក្រោយពីសំណង់អគារចិនមួយដែលមានកំពស់៧ជាន់បានបាក់រលំនេះ។
ក្រោយការបាក់អគារនៅក្នុងខេត្តព្រះសីហនុនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អះអាងថា អគារនេះ សាងសង់ឡើងដោយមិនមានច្បាប់អនុញ្ញាតទេ ហើយខាងក្រសួងបានចុះទៅហាមឃាត់ចំនួនពីរលើករួចហើយ ប៉ុន្តែម្ចាស់ការដ្ឋានសាងសង់នេះ មិនឈប់ ដោយនៅតែបន្តសាងសង់៕