លោក ង្វៀន សួនហ្វុក ប្រាប់លោក លី សៀនឡុង​​ពី​តួនាទី​វៀតណាម​ក្នុងការ​ផ្តួល​​ខ្មែរក្រហម​

លោក ង្វៀន សួនហ្វុក និង លោក លី សៀនឡុង (រូបភាពពី គេហទំព័រ បរទេស)

នាយករដ្ឋមន្រ្តីវៀតណាម​ បាន​បង្ហាញ​ការ​មិន​ពេញចិត្ត​ចំពោះមុខនាយករដ្ឋមន្រ្តី​សឹង្ហបុរីដែលលើកឡើង​ថាវៀតណាម​បាន​ឈ្លាន​ពានកម្ពុជា​នៅឆ្នាំ១៩៧៩។

សារព័ត៌មាន​VN Express របស់​វៀតណាម​ បានចុះផ្សាយ​ថា​ លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម បានប្រាប់​ដោយផ្ទាល់​នៅ​ពេល​ជួប​នាយករដ្ឋមន្រ្តី​សឹង្ហបុរី​លោក លី សៀនឡុងនៅ​ជំនួបកំពូលអាស៊ាន​នាក្រុងបាងកកកាល​ពីថ្ងៃ​សៅរ៍កន្លងទៅ។

ប្រភពពី​សារព័ត៌មាន​VN Express ដដែល​បានឲ្យដឹង​ទៀតថា លោក ង្វៀន សួនហ្វុក បាន​បញ្ជាក់​ប្រាប់​ទៅលី សៀនឡុង ថា​ការលើកឡើង​របស់​​មេដឹកសឹង្ហបុរីមិនត្រឹម​ត្រូវ​នោះទេ។ នាយករដ្ឋមន្រ្តី​វៀតណាម​ បន្ថែម​ថា​ការនិយាយបែបនេះបាន​ប៉ះពាល់​ជាអវិជ្ជមាន​ដល់​កម្ពុជា និងវៀតណាម​ ជាពិសេស​ក្រុមគ្រួសារ​ទាហានស្ម័គ្រចិត្ត​វៀតណាម​ដែល​បាន​បូជា​ជីវិត​ដើម្បី​ជួយរំដោះ​ប្រជាជន​កម្ពុជា​ចេញ​ពី​របបខ្មែរក្រហម។

នាយករដ្ឋមន្រ្តី​សឹង្ហបុរី លោក លី សៀនឡុង បាន​សរសេរ​សាររំលែក​ទុក្ខ​នៃការស្លាប់​របស់​អតីតនាយករដ្ឋមន្រ្តី​ថៃ លោក​ Prem Tinsulanonda លើទំព័រហ្វេសប៊ុក​របស់លោកកាលពីថ្ងៃទី៣១ ខែឧសភា កន្លងទៅ។ ក្នុងសារនោះ លោក Lee Hsien Loong  បាន​រម្លឹក​ដល់​វីរភាព​របស់លោក​​ Prem Tinsulanonda ​ដែលថា ​ហ៊ាន​ប្រឈម​នឹង​វៀតណាម ​នៅ​ពេល​ដែល​វៀតណាម​ធ្វើ​សង្គ្រាម​​ឈ្លាន​ពាន​កម្ពុជា និង​បានរក្សា​សន្តិសុខ​តំបន់​ចាប់​ពី​ពេល​នោះ​មក។

នាយករដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា​ លោក ទៀ បាញ់ និងមន្រ្តី​ជាន់​ខ្ពស់​កម្ពុជាមួយចំនួនទៀត បាន​ប្រតិកម្ម​ជាបន្តបន្ទាប់​ចំពោះការលើកឡើងរបស់​​នាយករដ្ឋមន្រ្តី​សឹង្ហបុរី លោក លី សៀនឡុង ដែល​​ថា ​វៀតណាមបាន​ឈ្លាន​ពានកម្ពុជានៅឆ្នាំ​១៩៧៩។ ទោះយ៉ាងណា​ក៏ដោយ ការឆ្លើយ​ឆ្លង​រវាងមេដឹកកម្ពុជា និងសឹង្ហបុរី បាន​បញ្ចប់​ក្រោយ​រដ្ឋមន្រ្តីក្រសួងការបរទេស​ប្រទេស​ទាំងពីរបាន​ជជែក​គ្នា​តាម​ទូរសព្ទកាលពីថ្ងៃទី​៧ ខែមិថុនា។

លោក លី ស៊ានឡុង ត្រូវបាន​សារព័ត៌មាន​ Straits Times របស់​សឹង្ហបុរី ដកស្រង់សម្តី​ក្រោយ​ជំនួបជាមួយនាយករដ្ឋមន្រ្តី​វៀតណាម​ថា​ លោក បាន​បញ្ជាក់​ប្រាប់​ពីមូលហេតុ​ទាក់​ទងនឹង​ការឡើងរបស់លោកជុំវិញ​​បញ្ហាសង្រ្គាម​នៅ​កម្ពុជា និង​ជំហររបស់​សឹង្ហបុរី​ពាក់ព័ន្ធនឹង​ប្រវត្តិសាស្រ្តមួយនេះទៅកាន់​ភាគី​វៀតណាម​ផងដែរ។ លោក ថា​ដូចដែល​គេដឹងជាទូទៅប្រទេសទាំងពីរយល់​ឃើញ​ផ្សេងគ្នា​ពីបញ្ហានេះ។

លោក លី ស៊ានឡុង បន្ថែម​ថា​ភាគី​ទាំងពីរនូវតែ​រក្សា​ជំហ​បន្តបង្កើន​មិត្តភាព​នឹងគ្នា​។ ទោះយ៉ាងណាក៏ដោយ នាយករដ្ឋមន្រ្តី​​រូបនេះ​បញ្ជាក់​ថា​តាមការយល់​ឃើញរបស់​សឹង្ហបុរី មូលដ្ឋាននៃការ​បន្តដំណើរទៅមុខ​រួមគ្នា​គឺភាពស្មោះត្រង់​ក្នុងការទទួល​ស្គាល់​ពី​អ្វី​ដែល​បានកើតឡើង​នៅ​ក្នុងអតីតកាល​ ដើម្បីកសាងទំនុកចិត្ត និង​អាចធ្វើ​ការឲ្យកាន់​តែជិតស្និតជាមួយគ្នា។

ទាក់​ទង​នឹង​បញ្ហា​វត្តមាន​របស់​វៀតណាមនៅកម្ពុជា​នាឆ្នាំ១៩៧៩នេះ លោក លី សៀនឡុងក៏បាន​ជួបគ្នា​ដាច់​ដោយ​ឡែក​ជាមួយលោក​​នាយករដ្ឋមន្រ្តីហ៊ុន​ សែន​ ផងដែរ កាលពីថ្ងៃ​សៅរ៍កន្លងទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ