ចិន​ផ្ដល់​យានយន្ត​ជាង​១០​គ្រឿង និង​សម្ភារៈ​ដោះ​មីន​​ដល់​កម្ពុជា

ពិធីចុះហត្ថលេខាទទួលសម្ភារៈនិងរថយន្តរវាងអាជ្ញធរមីនកម្ពុជា និងតំណាងភាគីចិន។​ (រូបថត៖ ហ្វេសប៊ុក អាជ្ញាធរមីន)

សាធារណរដ្ឋប្រជាមានិត​ចិន​បាន​ផ្ដល់​ជំនួយ​ជា​សម្ភារៈ​បច្ចេកទេស​ដោះ​មីន​មួយ​ចំនួន​ដល់​រដ្ឋាភិបាល​ តប​តាម​ការ​ស្នើ​សុំ​របស់​កម្ពុជា​កាល​ពី​កន្លង​ទៅ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​២៤ មិថុនា អាជ្ញាធរ​មីន​ឲ្យ​ដឹង​ថា​ប្រទេស​ចិន​តាម​រយៈ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​បាន​ផ្ដល់​សម្ភារៈ​ដើម្បី​បម្រើ​ដល់​ការ​ដោះ​មីន​នៅ​កម្ពុជា​ដែល​រួម​មាន​ រថយន្ត​​៤​គ្រឿង ម៉ូតូ​១០ គ្រឿង ម៉ាស៊ីន​រាវ​មីន​៤០​គ្រឿង ប្រអប់​សម្ភារៈ​១១០​ឈុត សំលៀកបំពាក់​ការពារ ៤០​កំប្លេ មួក​ការពារ​៤០​មួក ដ្រូន​៥​គ្រឿង ម៉ាស៊ីន​បំផ្ទុះ ១១៥គ្រឿង ឯកសណ្ឋាន ១០០០កំប្លេ និង​ទឹក​ថ្នាំ​ម៉ាស៊ីន​ព្រីន​៦៩​ប្រអប់​ផង​ដែរ។

អនុប្រធាន​ទី​១ នៃ​អាជ្ញាធរ​មីន​លោក លី ធុជ បាន​លើក​ឡើង​ក្នុង​សន្ទរកថា​របស់​លោក​ថា​គិត​មក​ត្រឹម​ឆ្នាំ​២០១៩ នេះ​ជា​ឆ្នាំ​ទី​៤​ហើយ​ដែល ​ប្រទេស​ចិន​បាន​ផ្ដល់​ជំនួយ​ដោះ​មីន​ដល់​កម្ពុជា ដែល​បាន​ចូលរួម​យ៉ាង​ច្រើន​ក្នុង​យុទ្ធនាការ​បោស​សម្អាត​មីន​។

លោក​ថា៖ «ទោះ​ជា​យ៉ាង​នេះ​ក្ដី​អាជ្ញាធរ​មីន បាន​នឹង​កំពុង​ខិតខំ​ស្វែង​រក​ការ​គាំទ្រ​បន្ថែម​ទៀត​ សម្រាប់​មធ្យោបាយ​ធ្វើ​ដំណើរ​ជា​រថយន្ត​នៅ​តាម​បណ្ដា​ខេត្ត​ចាំ​បាច់ និង​អាទិភាព​មួយ​ចំនួន ហើយ​អាជ្ញាធរ​មីន ក៏​កំពុង​ស្វែង​ការ​គាំទ្រ​ និង​ជំនួយ​ពី​មហាមិត្ត​ចិន ក្នុង​ការ​សាងសង់​អគារ​ទីស្នាក់ការ​ថ្មី ឲ្យ​សម​ជា​ស្ថាប័ន​មួយ​សម្រាប់​បម្រើ​ការងារ​មនុស្ស​ធម៌​នៅ​កម្ពុជា»។

រដ្ឋាភិបាល​កម្ពុជា​កំណត់​យក​ឆ្នាំ​២០២៥ ជា​ឆ្នាំ​ដែល​បោស​សម្អាត​មីន​ឲ្យ​អស់​ពី​កម្ពុជា ដោយ​ត្រូវ​ការ​ថវិការ​សម្រាប់​បោស​សម្អាត​ប្រមាណ​ជាង​៣៥៤លានដុល្លារអាមេរិក។

គិត​ត្រឹម​ខែ​ ឧសភា ឆ្នាំ​២០១៩ កម្ពុជា​បាន​បោស​សម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​បាន​ជិត​២០០០គីឡូមែត្រការ៉េ ក្នុង​នោះ​យក​បាន​គ្រាប់​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​បាន​ជិត​៤លានគ្រាប់ ខណៈ​នៅ​សល់​ផ្ទៃ​ដី​ជាង​២ពាន់គីឡូម៉ែត្រការ៉េ​នៅ​មិន​ទាន់​រំដោះ​អស់៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ