ប្រទេសចិន បានប្រកាសហាមមិនឲ្យមានការនាំចូលសាច់គ្រប់ប្រភេទពីកាណាដាជាបណ្ដោះអាសន្ន ព្រោះតែរកឃើញថាផលិតផលសាច់ជ្រូកមួយចំនួនដែលនាំចូលមកពីប្រទេសអាមេរិកខាងជើងមួយនេះមានផ្ទុកសារធាតុដែលហាមឃាត់។
តាមការចុះផ្សាយលើគេហទំព័រស្ថានទូតចិនប្រចាំប្រទេសកាណាដា គយប្រទេសកុម្មុយនីស្តមួយនេះ បានឲ្យដឹងថាថ្មីៗនេះពូកគេបានពិនិត្យឃើញថាក្នុងសាច់ជ្រូកកាណាដាមានសារធាតុដែលធ្វើឲ្យជ្រូកមានសាច់ច្រើនជាងខ្លាញ់។ ប្រទេសជាច្រើននៅលើពិភពលោកហាមមិនឲ្យប្រើសារធាតុនេះនោះទេ។ ប្រភពដដែលឲ្យដឹងថា ភ្លាមៗក្រោយពីទទួលបានព័ត៌មាននេះភាគីចិន បានជូនដំណឹងនេះទៅភាគីកាណាដាឲ្យធ្វើការស៊ើបអង្កេតជាបន្ទាន់។
តាមការឲ្យដឹងពីស្ថានទូតចិន ក្រោយការស៊ើបអង្កេតជាបន្តបន្ទាប់ បានបង្ហាញថាវិញ្ញាបនបត្របញ្ជាាក់ពីសុខភាពសត្វដែលភ្ជាប់ទៅនឹងសាច់ជ្រូកត្រូវនាំចេញទៅកាន់ប្រទេសចិនគឺវិញ្ញាបនបត្រក្លែងក្លាយ។ អាជ្ញាធរកាណាដា បានរកឃើញវិញ្ញាបនបត្ររហូតដល់១៨៨ គឺក្លែងក្លាយ ។
វិញ្ញាបនប័ត្រក្លែងក្លាយទាំងនេះ ត្រូវបានបញ្ជូនទៅអាជ្ញាធរនិយ័តករចិនតាមរយៈ ប្រកាសវិញ្ញាបនបត្រផ្លូវការរបស់កាណាដា។ ចិន ថាករណីនេះវាបានឆ្លុះបញ្ចាំងថាប្រព័ន្ធត្រួតពិនិត្យការនាំចេញសាច់កាណាដាមានការខ្វះចន្លោះផ្នែកសុវត្ថិភាព។
ភាគីចិន បានស្នើសុំរដ្ឋាភិបាលកាណាដាផ្អាកជាបណ្ដោះអាសន្នការចេញវិញ្ញាបនបត្រសម្រាប់សាច់ដែលនាំចេញទៅប្រទេសចិនចាប់តាំងពីថ្ងៃទី២៥ ខែមិថុនាមកម្ល៉េះ។
ប៉ុន្តែអ្នកវិភាគមួយចំនួន យល់ថាការហាមឃាត់ការនាំសាច់គ្រប់ប្រភេទពីកាណាដាពេលនេះ ជាការសងសឹករបស់ចិនដែលកាណាដា ចាប់ខ្លួនលោកស្រី Meng Wanzhou ដែលជាអគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei ។
អគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou ត្រូវបានអាជ្ញាធរប្រទេសកាណាដា ចាប់ខ្លួនកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ តាមសំណើរបស់សហរដ្ឋអាមេរិកដោយសារតែក្រុមហ៊ុន Huawei បានល្មើសនឹងទណ្ឌកម្មរបស់អាមេរិកដែលមិនអនុញ្ញាតឲ្យក្រុមហ៊ុនណាមួយរកស៊ីជាប្រទេសអ៊ីរ៉ង់។ ភា្លមៗក្រោយការចាប់ខ្លួន ក្រសួងការបរទេសចិន បានប្រាប់ទៅអាជ្ញាធរកាណាដាឲ្យដោះលែងលោកស្រី Meng Wanzhou ដោយគ្មានលក្ខខណ្ឌ។ ចិន ព្រមានថា បើមិនមានការដោះលែងអគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei ឲ្យបានឆាប់នោះទេ កាណាដា នឹងជួបផលលំបាកធ្ងន់ធ្ងរជាមិនខាន។ ទោះបីជាមានការព្រមានខ្លាំងៗពីភាគីចិនបែបណាក៏ដោយ អាជ្ញាធរកាណាដានៅតែបន្តនីតិវិធីក្នុងសំណុំរឿងអគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei រូបនេះ៕









