ACUថា​អតីតមេបេអឹម​ខេត្ត​​រតនគិរី​និងស្នងការរងខេត្ត​កណ្តាល​​មិនជាប់ពាក់ព័ន្ធអំពើពុករលួយ

ស្នងការរងខេត្តកណ្ដាល លោក ស្រេង សុខា (ឆ្វេង) និង លោក​ឧត្ដមសេនីយ៍​ត្រី គឹម រស្មី មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​រតនគិរី (ស្ដាំ)។ រូបភាព៖ បណ្ដាញសង្គម

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អះអាងថា អតីតមេបេអឹមខេត្តរតនគិរី និង ស្នងការរងខេត្តកណ្ដាល មិនជាប់ពាក់ព័ន្ធនឹងអំពើពុករលួយទេ។

ក្នុងសន្នីសីទសារព័ត៌មាន នៅថ្ងៃនេះ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង លើកឡើងថា ចំពោះករណីអតីតមេប៉េអឹមខេត្តរតនគិរីលោក លោក គឹម រស្មី អង្គភាពនេះ បានបង្កើតក្រុមការងារស៊ើបអង្គេត ៦ក្រុម  ប៉ុន្តែរកមិនឃើញថា លោក គឹម រស្មីជាប់ពាក់ព័ន្ធនឹងបទល្មើសអំពើពុករលួយនោះទេ។

លោកបន្តថា ទោះបីជាអតីតមេប៉េអឹមរូបនេះ មិនជាប់ព័ន្ធនឹងអំពើពុករលួយក៏ដោយ ប៉ុន្តែរដ្ឋាភិបាលបានបណ្តេញ លោក គឹម រស្មី ចេញពីក្របខ័ណ្ឌ ដោយសារ លោកបានសំញ៉ែងទ្រព្យសម្បត្តិចែកសែក ៥សន្លឹក ស្មើនឹង ៥០ម៉ឺនដុល្លារដល់កូនៗចំនួន ៥នាក់ ក្នុងថ្ងៃខួបកំណើត កាលពីខែកុម្ភៈ ឆ្នាំ២០១៩។

លោកថា៖«សែកដែលលោក គឹម រស្មី ចែកឲ្យលុយ ១០ម៉ឺនដុល្លារ ៥សន្លឹកឱ្យកូន៥នាក់នោះ អត់បានទៅបើកទេ ហើយសែក២សន្លឹក ដូចជាហែកចោលទៀតផង។ សែកទាំងប៉ុន្មានយើងខ្ញុំ រឹបអូសយកបានមកធ្វើជាភស្តុតាង។ កូនដែលហែកសែកចោល និយាយថា សែកនោះចង្រៃអត់លុយហើយ ឪវាអស់បុណ្យទៀត។ យើងបានហៅគាត់មកសួរចម្លើយ មើលទ្រព្យសម្បត្តិរបស់គាត់ ទាំងផ្ទះ ទាំងឡាន និងលុយដាក់នៅធនាគារទាំងអស់»

«យើងមើលទ្រព្យសម្បត្តិរបស់លោក គឹម រស្មី គឺមិនទាន់មានអ្វីដែលអាចជាបញ្ហាទេ ហើយយើងឃើញថា ៥០ម៉ឺនដុល្លារ អត់មានទេ ព្រោះលុយក្នុងធនាគាររបស់គាត់ មានមិនគ្រប់៥០ម៉ឺនដុល្លារផង បានអីបើកសែក! គឺសែកហ្នឹង អត់មានលុយទេ គឺអួតសំញ៉ែងទ្រព្យទេ ដែលបញ្ហាគាត់ខុស គឺការសំញ៉ែងទ្រព្យ។ អ៊ឹចឹងយើងខ្ញុំជម្រាបថា រាជរដ្ឋាភិបាលដកគាត់ សូជម្រាបថា នៅហុងកុង នៅប្រទេសមួយចំនួនទៀតច្បាប់ប្រឆាំងអំពើពុករលួយដាក់ទោសមន្ត្រីរាជការដែលសំញ៉ែងទ្រព្យជាប់គុក  ប៉ុន្តែស្រុកខ្មែរអត់ជាប់គុកទេ គ្រាន់តែរាជរដ្ឋាភិបាលបណ្ដេញចេញ ..នៅកម្ពុជាអត់មានច្បាប់ដាក់គុកករណីសំញ៉ែងទ្រព្យនោះទេ »

កាលពីថ្ងៃទី៩ ខែកុម្ភៈ ព្រះមហាក្សត្រ​ចេញព្រះ​រាជក្រឹត្យ​លុបឈ្មោះ​អតីតមេបញ្ជាការកងរាជអាវុធហត្ថ​ខេត្ត​រតនគិរី ឧត្តមសេនីយត្រី (ផ្កាយ១) លោក គឹម រស្មី ចេញពី​ក្របខណ្ឌ​កងយោធពល​ខេមរភូមិន្ទ បន្ទាប់​ពី​មាន​ការ​​ស្នើសុំរបស់លោ​ក​នា​យ​ករ​ដ្ឋ​ម​ន្ត្រី ​ហ៊ុន សែន។

ការ​ស្នើសុំលុបលោក គឹម រស្មី ចេញពី​ក្របខណ្ឌរដ្ឋនេះ ធ្វើឡើងក្រោយពី​​​មានវីដេអូ​បង្ហោះ​លើ​បណ្តាញ​សង្គម ថា លោក គឹម រស្មី បាន​ចែក​លុយ ១០ម៉ឺនដុល្លារ ឱ្យកូន ៥នាក់ ​និង​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ទៀត​ ក្នុង​ពិធី​ខួបកំណើ​ត​របស់ខ្លួន​។

ចំណែកស្នងការរងខេត្តកណ្ដាលលោក ស្រេង សុខា វិញ លោក ឱម យ៉ិនទៀង ថា ក៏មិនជាប់ពាក់ព័ន្ធនឹងបទល្មើសពុករលួយដែរ

លោកថា៖«ឯស្នងការនេះ ដូចគ្នា អាលុយបង្អួតនោះជាលុយរបស់ខាងស្រី  ទោសសំញ៉ែកដូចគ្នាហ្នឹង»។

ដោយឡែក កាលពីថ្ងៃទី២៨ ខែកុម្ភៈ អង្គភាពប្រឆាំងអំពើពុករលួយ  បាន​ប្រកាស​បើក​ការ​ស៊ើប​អង្កេត​​ទៅ​លើ​ទ្រព្យ​សម្បត្តិ​​របស់​ស្នងការរងខេត្តកណ្ដាល  ក្រោយពី​មាន​ការ​​​ចែករំលែកតាមបណ្ដាញ​សង្គម​ហ្វេសប៊ុក ស្នងការរងរូបនេះបាន​ភ្ជាប់ពាក្យ​ជាមួយ​ស្ត្រី​ម្នាក់ និង​​បាន​ជូន​​ថ្លៃ​បណ្ណាការ​​ជូន​បណ្ណាការ​តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ​ដល់​គូ​ដណ្ដឹង​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ