លោក យន្ត មីន ៖ បញ្ហាទាំងនេះកើតឡើងដោយកំហុសអចេតនារបស់ខ្ញុំទេ

លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ក្នុងពិធីបុណ្យគម្រប់ខួប៧ថ្ងៃនៃអ្នកស្លាប់ដោយសារការបាក់អគារ(រូបដោយ វណ្ណ វិចារ)

នៅចំពោះមុខអ្នកចូលរួមប្រមាណជាង២រយនាក់ ក្នុងពិធីបុណ្យគម្រប់ខួប៧ថ្ងៃរបស់ជនរងគ្រោះ២៨នាក់ស្លាប់ក្នុងហេតុការណ៍បាក់អគារកម្ពស់៧ជាន់ អភិបាលខេត្តព្រះសីហនុ លោកយន្ត មីន បានប្រកាសទទួលកំហុសជាសាធារណៈ និងសូមការយោគយល់ពីកំហុសរបស់ខ្លួន។

លោកយន្តមីន៖« ក្នុងរយៈពេលខ្វះមួយខែ៤ឆ្នាំ ដែលខ្ញុំកាន់តំណែងជាអភិបាលខេត្តនេះ មានបញ្ហាអសកម្មមួយចំនួនដែលកើតមានឡើង។ ខ្ញុំសូមយកឱកាសនេះសូមទោសចំពោះប្រជាពលរដ្ឋទាំងអស់ និងសូមការយោគយល់សណ្ដោសផង ព្រោះបញ្ហាទាំងនេះកើតឡើងដោយកំហុសអចេតនារបស់ខ្ញុំទេ។ សូមឱ្យអ្នកទាំងអស់គ្នា ខិតខំបន្ថែមទៀតដើម្បីអភិវឌ្ឍន៍ខេត្តនេះ ។»

 ក្នុងពិធី មិនមានសាច់ញាតិនិងគ្រួសារជនរងគ្រោះចូលរួមនោះទេ ខណៈដែលមន្ត្រីសាលាខេត្តព្រះសីហនុប្រាប់ថា សាកសពដែលបានស្លាប់សុទ្ធតែនៅឆ្ងាយៗហើយគេធ្វើបុណ្យ នៅលំនៅឋានរៀងៗខ្លួនទើបមិនបានមកចូលរួម។

គ្រួសារសាកសពរងគ្រោះដែលមានកូនបង្កើតនិងកូនប្រសារស្លាប់ដោយសារហេតុការណ៍បាក់អគារនេះ  លោកស្រី ង៉ា មុំ បានប្រាប់វីអូឌីថា អ្នកស្រីមិនបានទទួលដំណឹងថា អាជ្ញាធរមានរៀបចំពិធីបុណ្យនេះទេ ។ ប៉ុន្តែអ្នកស្រីក៏មិនអន់ចិត្តចំពោះបញ្ហានេះដែរព្រោះថា ក្រុមគ្រួសារគាត់ បានរៀបចំពិធីបុណ្យ៧ថ្ងៃជូនកូននិងកូនប្រសារខ្លួនរួចរាល់ហើយ។

អ្នកស្រីង៉ា មុំ បន្តថា នៅពេលខាងរូបគាត់ នឹងត្រូវឡើងពីខេត្តបាត់ដំបងមកកាន់ក្រុងព្រះសីហនុ ក្នុងនាមជាដើមបណ្ដឹងរដ្ឋប្បវេណី  ក្នុងសំណុំរឿងបាក់អគារនេះ។ អ្នកស្រីបារម្មណ៍ពីអនាគតចៅៗទាំងបីដែលម្ដាយឪពុកស្លាប់ចោល និងសូមឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការឱ្យបានម៉ឺងម៉ាត់ រកអ្នកពាក់ព័ន្ធក្នុងរឿងនេះ។

ទាក់ទងនឹងបញ្ហានេះ អ្នកស្រាវជ្រាវបញ្ហាសង្គម លោកបណ្ឌិត មាស នី បានលើកឡើងចំពោះករណីបាក់អគារកម្ពស់៧ជាន់នៅខេត្តព្រះសីហនុថា  សោកនាដកម្មដែលបណ្តាលមកពីការបាក់រលំអគ្គារនៅក្រុងកំពង់សោមនាពេលថ្មីៗនេះវាជាបច្ច័យដែលកើត ចេញពីដំបៅចាស់រាំរ៉ៃនៃអំពើពុករលួយ។  ភាពកង្វះការអនុវត្តន៌ច្បាប់និងនយោបាយខ្នងនិយម ដែលពេលខ្លះអាចធ្វើឱ្យអ្នកបច្ចេកទេសមិនអាចបំពេញតួនាទីបានត្រឹមត្រូវឫមានឥទ្ធិពលគ្រប់គ្រាន់ក្នុងការបំពេញតួនាទីរបស់ខ្លួនបាន។

ហេតុការណ៍បាក់អគារ៧ជាន់ របស់ក្រុមហ៊ុនចិននៅខេត្តព្រះសីហនុកាលពីព្រឹកព្រលឹមថ្ងៃទី២២មិថុនាកន្លងទៅ បានបណ្ដាលឱ្យកម្មករ២៨នាក់ស្លាប់និង២៦នាក់រងរបួស។ បន្ទាប់ពីបាក់អគាររួចមក តុលាការ ខេត្តព្រះសីហនុបានសម្រេចចោទប្រកាន់ជនជាតិចិន៤នាក់ពីបទសម្លាប់មនុស្សដោយអចេតនា។ អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ញឹម វណ្ណដា ត្រូវរបូតតំណែងមកទើត្រឹមងារជាទីប្រឹក្សារាជរដ្ឋាភិបាលចាយប្រាក់ខែក្នុងឋានៈទេសរដ្ឋមន្ត្រីទីប្រឹក្សារាជរដ្ឋាភិបាល។

ចៅហ្វាយខេត្តព្រះសីហនុ លោក យន្ដ មីន ត្រូវបានរាជរដ្ឋាភិបាលទូលថ្វាយព្រះមហាក្សត្រដំឡើងស័ក្តិពីផ្កាយបីទៅផ្កាយបួន ថែមទាំងផ្តល់តួនាទីជារដ្ឋលេខាធិការក្រសួងការពារជាតិ។

បណ្ដាជនខ្មែរមួយចំនួន រាប់ទាំងពលរដ្ឋធម្មតា បុគ្គលិកអង្គការក្រៅរដ្ឋាភិបាល និងចំណោមបញ្ញវ័ន្តផងនោះ បានរិះគន់ព្រមគ្នាៗចំពោះការផ្តល់តំណែងថ្មីឱ្យ លោក យន់មីននេះ។ប៉ុន្តែរាជរដ្ឋាភិបាលមិនបានតបនឹងការរិះគន់ទាំងនេះឡើយ។

របាយការណ៍ក្រសួងមហាផ្ទៃបង្ហាញថា ខេត្តព្រះសីហនុប្រឈមនឹងបញ្ហាមួយចំនួនដូចជា ជម្លោះដីធ្លី ការកើនឡើងនៃបទល្មើសនានាដែលបណ្ដាលមកពីវត្តមានជនជាតិចិនកើនឡើង បញ្ហាសំណង់ឥតច្បាប់ ស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ បទល្មើសគ្រឿងញៀនជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ