រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង បង្ហាញក្ដីកង្វល់ចំពោះការបំពុលបរិស្ថានតំបន់ឆ្នេរសមុទ្រនៅខេត្តព្រះសីហនុ ខណៈដែលការវិនិយោគលើវិស័យសំណង់ កំពុងកើនឡើងខ្លាំងនៅខេត្តជាប់មាត់សមុទ្រមួយនេះ។
ក្នុងពិធីតែងតាំងអភិបាលខេត្តថ្មីកាលពីថ្ងៃម្សិលមិញនេះ លោក ស ខេង បានបញ្ជាឱ្យក្រុមការងារចម្រុះដឹកនាំដោយរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ចុះពិនិត្យជាបន្ទាន់ រកឱ្យឃើញប្រភពបំពុលទឹកសមុទ្រ។
លោក ស ខេង អះអាងថា ការបំពុលទឹកសមុទ្រនេះ មានច្រើនសណ្ឋានរាប់តាំងពីការបង្ហូរកាកសំណល់ផ្សេងៗពីសណ្ឋាគារចូលសមុទ្រ ការបោះសំរាមចូលសមុទ្រ និងបោះកាកសំណល់សំណង់ស៊ីម៉ង់ត៍ ខ្សាច់ ដែក ចូលសមុទ្រ ជាដើម។ លោក ស ខេង បន្ថែមថា បើសិនជាមិនគិតគូរឱ្យបានហ្មត់ចត់ទេនោះ ទឹកសមុទ្រនៅខេត្តមួយនេះនឹងត្រូវបំពុលខូចអស់ហើយកែលែងបានតែម្តង។
លោក ស ខេង៖ «កំពង់សោមជាប៉ូលសេដ្ឋកិច្ច ព្រោះតែមានឆ្នេរស្អាត និងទឹកសមុទ្រស្អាត។ ឆ្នេរសមុទ្រនៅកំពង់សោម ជាឆ្នេរទាក់ទាញ ដែលជាឆ្នេរលេខមួយ ព្រោះទឹកវាស្អាតគ្មានមេរោគក្នុងទឹក។ ដាច់ខាតត្រូវការពារបរិស្ថាននេះឱ្យខាងតែបាន ការប្តេជ្ញាចិត្តការពារទឹកសមុទ្រជាការងារចាំបាច់ជាងគេបង្អស់ដែលត្រូវធ្វើ។ បើបាត់អាហ្នឹងមួយ ទេសចរអត់មានទេ ការវិនិយោគក៏អត់មានដែរ»។
យុវជនឃ្លាំមើលបរិស្ថាន សាន់ ម៉ាឡា បានគាំទ្រការលើកឡើងរបស់រដ្ឋមន្ត្រីមហាផ្ទៃរូបនេះ ហើយក៏ជំរុញទៅរដ្ឋាភិបាលឲ្យអនុវត្តទៅតាមអ្វីដែលត្រូវបានកំណត់នៅក្នុងច្បាប់។
យុវជន សាន់ ម៉ាឡា ប្រាប់ថា៖ «កន្លងទៅ រដ្ឋាភិបាលតែងចោទយុវជនធ្វើការងារបរិស្ថានថា រាយការណ៍ពីបញ្ហានានាដោយឈរលើចេតនានយោបាយ។ ពួកគាត់តែងគេចវេសមិនដោះស្រាយបញ្ហាជាក់ស្តែងដែលកើតមានឡើងឡើយ។ កន្លងទៅ យើងតែងតែដាក់ការសង្ឃឹមទៅលើរាជរដ្ឋាភិបាល តែរាជរដ្ឋាភិបាលតែងតែរំលាយក្ដីសង្ឃឹមរបស់ពលរដ្ឋ»។
នៅប្រទេសកម្ពុជា ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិឆ្នាំ១៩៩៦ (“ច្បាប់បរិស្ថាន”) គឺជាច្បាប់សំខាន់ក្នុងការការពារ និងគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ។ ជំពូកទីបីនៃច្បាប់បរិស្ថាន តម្រូវឱ្យមានការធ្វើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន សម្រាប់គម្រោងនានា ដែលអាចមានផលប៉ះពាល់លើបរិស្ថាន មិនថា គម្រោងនោះបានមូលនិធិពីរដ្ឋ ឬឯកជននោះឡើយ។
សកម្មជនបរិស្ថាននៃអង្គការចលនាមាតាធម្មជាតិ បានផ្សាយជាបន្តបន្ទាប់តាមបណ្ដាញសង្គមអំពីទីតាំង និងប្រភពនៃកាកសំណល់ ដែលត្រូវបានបង្ហូរចូលទៅក្នុងឆ្នេរសមុទ្រនៅខេត្តព្រះសីហនុ។
នៅក្នុងពិធីបុណ្យសមុទ្រនៅខេត្តកោះកុងកាលពីចុងឆ្នាំមុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅស្ថាប័នពាក់ព័ន្ធ ឲ្យស្ដារមុខមាត់ខេត្តនេះឡើងវិញ ក្នុងនោះមានទាំងការបញ្ចៀសការបង្ហូរទឹកកខ្វក់ និងសំរាមចូលក្នុងសមុទ្រផងដែរ៕









