លោក ហ៊ុន សែន ជំរុញឱ្យមន្ត្រី​របស់​លោក​តាម​ដាន​កុមារកំព្រា​ដែល​ឱពុក​ម្តាយ​ស្លាប់នៅក្នុងការ​បាក់​រលំអគារ​នៅ​ខេត្ត​ព្រះ​សីហនុ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងបេសកកម្មត្រួតពិនិត្យការជួយសង្គ្រោះជនរងគ្រោះដោយសារការបាក់រលំអាគារ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។ រូបថត៖ ជន ចាន់រ៉ែន

លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ នៅ​ព្រឹក​ថ្ងៃច័ន្ទ​នេះ បាន​ជម្រុញ​បន្ថែមទៀត​ទៅ​មន្រ្តី​របស់លោក ឲ្យ​តាន​ដាន ​និង​ជួយ​តម្រង់​ទិស​ដល់​កុមារកំព្រា​ ដែល​ឱពុក​ម្តាយ​របស់​ពួកគេ​បាន​ស្លាប់​នៅក្នុងការ​បាក់​រលំអគារ​៧ជាន់នៅ​ខេត្ត​ព្រះ​សីហនុ​កាលពី​ចុង​ខែមិថុនានេះ។

ថ្លែង​ក្នុង​កម្មវិធីផ្ទេរការ​គ្រប់គ្រង​សាលា​កុមារ​ពិការភ្នែក​ គរ​ និង​ថ្លង់ ក្នុង​រាជធានីភ្នំពេញ នៅ​ព្រឹក​ថ្ងៃច័ន្ទ​ ទី១ ខែកក្កដានេះ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បាន​លើកឡើងថា​ ការផ្តល់ថវិកាជូនគ្រួសារអ្នកស្លាប់ មានករណីខ្លះមានភាពងាយស្រួល ប៉ុន្តែ ករណីខ្លះទៀតមិនងាយស្រួលនោះឡើយ។ លោក​ស្នើអាជ្ញាធរពាក់ព័ន្ធទាំងអស់បន្តតាមដានលើករណីទាំងនេះបន្ថែមទៀត ដើម្បីធានាថា ថវិកាផ្តល់ជូននោះប្រើប្រាស់ចំគោលដៅ។

ដោយ​ថ្លែងសំដៅដល់​កុមារ​កំព្រា​ទាំងឱពុក​ និង​ម្តាយ​ ដែល​បាន​ទទួល​ប្រាក់​ឧបត្ថម្ភពី​រាជរដ្ឋាភិបាល លោក ហ៊ុន សែន​ លើកឡើងថា​ កុមារកំព្រាទាំងនោះ​មិន​អាច​ប្រើប្រាស់​លុយចំគោលដៅ ហើយ​ទទូច​ទៅ​មន្រ្តី​របស់​លោក​ឲ្យ​ជួយតម្រង់ទិស។​

លោកមានប្រសាសន៍ថា៖ «ប៉ុន្តែរឿង ដូចជាកើតឡើងនៅកំពង់ឆ្នាំងមួយករណី កើតឡើងនៅបាត់ដំបងមួយករណី ឪពុកម្តាយស្លាប់ទាំងអស់ នៅសល់កូនជាអនីតិជន។ អីចឹង យើងត្រូវទទួលខុសត្រូវតាមមើលរឿងនេះតទៅទៀត។ ដោយមិនត្រូវទុកឱ្យកូនក្មេងនេះ គ្នាមិនបានទទួលការអប់រំរៀនសូត្រនោះទេ។ អីចឹង អាជ្ញាធរគ្រប់ទីកន្លែងទាំងអស់ត្រូវតាមមើលអាបញ្ហាអស់ទាំងហ្នឹង។ ឪពុកម្តាយរបស់ពួកគាត់បានស្លាប់អស់ទៅហើយ ជួនកាលពួកគេមិនអាចប្រើលុយហ្នឹងចំគោលដៅ យើងត្រូវជួយតម្រង់ទិស»។

កាលពីថ្ងៃទី ២២ ខែមិថុនា អគារកម្ពស់៧ជាន់ ដែលជាការវិនិយោគរបស់ជនជាតិចិននៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានបាក់រលំទាំងស្រុង បណ្តាលឱ្យកម្មករខ្មែរដែលស្នាក់នៅក្នុងអគារចំនួន ២៨នាក់បានស្លាប់ និង ២៦នាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល។

យោងតាម​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ មានករណី​ចំនួន​៣​ដែល​ឱពុក​ម្តាយ​របស់ពួកគេ​បាន​ស្លាប់​នៅក្នុង​ហេតុ​ការណ៍​បាក់រលំអគារ​នោះ។ ករណី​មួយនៅខេត្ត​ក្រចេះ គឺ​កូន​ៗរបស់ជនរងគ្រោះ​ជានីតិជន​ដែល​រដ្ឋាភិបាល​អា​ច​ប្រគល់​ប្រាក់ជូន ចំណែក​ករណី​នៅ​ខេត្ត​កំពង់​ឆ្នាំ​ង​ និង​ខេត្ត​បាត់​ដំបង​ គឺ​កូន​ៗ​របស់ជូនរងគ្រោះ​នៅជាអនីតិជន ដែល​​រដ្ឋាភិបាល​មិនអាច​ប្រគល់​ប្រាក់ឲ្យកុមារ​ទាំងនោះ​ដោយ​ផ្ទាល់បាន។

ក្រោយហេតុការណ៍នេះ តុលាការខេត្តព្រះសីហនុ សម្រេចឃុំខ្លួន និង ចោទ​ប្រកាន់ជនជាតិចិនចំនួន៤នាក់ ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា បង្ក​ឲ្យ​មាន​របួស​ដោយ​អចេតនា និង​ធ្វើ​ឲ្យ​ខូច​ខាត​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស ព្រមទាំងបទ​សម​គំនិត​ក្នុង​អំពើ​មនុស្ស​ឃាត​ដោយ​អចេតនា សម​គំនិត​ក្នុង​អំពើ​បង្ក​ឱ្យ​មាន​របួស​ដោយ​អចេតនា និង​សម​គំនិត​ក្នុង​អំពើ​ធ្វើ​ឱ្យ​ខូច​ដោយ​ចេតនា៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ