មន្ដ្រីអង្គការសង្គមស៊ីវិលហៅការសម្ញែងទ្រព្យសម្បត្តិរបស់អតីតមេប៉េអឹមខេត្ដរតនគិរី និងមន្ដ្រីនគរបាលម្នាក់ទៀតថា ជា «រឿងចម្លែក» បន្ទាប់ពីពួកគេរងការស៊ើបអង្កេតអំពីរឿងអាស្រូវពុករលួយ ប៉ុន្ដែ អង្គភាពប្រឆាំងអំពើពុករលួយរកមិនឃើញ ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីចុងសប្ដាហ៍មុនថា ស្ថាប័នមួយនេះរកមិនឃើញថា អតីតមេប៉េអឹមខេត្តរតនគិរី លោក គឹម រស្មី និងស្នងការរងខេត្តកណ្ដាល លោក ស្រេង សុខា បានប្រព្រឹត្តអំពើពុករលួយនោះទេ។
បើតាមលោក ឱម យិនទៀង ចំណាត់ការទៅលើពួកគេទាំងពីរនាក់ គឺដោយសារតែការសម្ញែងទ្រព្យសម្បត្តិជាសាធារណៈតែប៉ុណ្ណោះ។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល យល់ថា ការសម្ញែងទ្រព្យសម្បត្តិរបស់លោក គឹម រស្មី គឺជារឿងចម្លែក ដោយថា លោកមិនសមអួតអាងពីទ្រព្យសម្បត្តិដែលលោកមិនមានពិតប្រាកដ ហើយប្រកាសចែកដល់កូនៗនៅក្នុងពិធីដ៏ធំមួយនោះទេ។
យ៉ាងណាក៏ដោយ លោក ព្រាប កុល សុំមិនធ្វើអត្ថាធិប្បាយណាមួយជុំវិញលទ្ធផលស៊ើបអង្កេតរបស់ ACU នោះទេ ដោយថា ទុកឲ្យមហាជនជាអ្នកវាយតម្លៃទៅចុះ។
លោកបន្ដថា៖ «វាជារឿងមួយដែលយើងយល់ថា ជារឿងចម្លែក។ ចម្លែកត្រង់ថា ឪពុកម្ដាយភូតកុហកកូនរបស់ខ្លួននៅក្នុងពិធីជប់លៀងដ៏ធំមួយ។ ប្រសិនបើជាគាត់អត់មានលុយនៅក្នុងកុងធនាគារទេ ឬអត់លុយសម្រាប់ចែកឲ្យកូន ហើយគាត់ប្រកាសក្ដែងៗចំពោះទឹកលុយ ចេញជាសែក ចេញជាអី នេះជារឿអគុណធម៌របស់ឪពុកម្ដាយ ដែលកុហកកូនជាសាធារណៈ»។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ឃើញដូចគ្នានេះ ដោយលោកថា រឿងនេះអាចមកពីការអនុវត្ដអភិក្រមទី៥ របស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលជាការវះកាត់ដកមន្ដ្រីខិលខូច ឬអសកម្មចេញពីរដ្ឋាភិបាលនោះ។
លោកបន្ដថា៖ «ពីដើមទីមក យើងដូចជាមិនបានដឹងថា ពួកគាត់ត្រូវបានចោទប្រកាន់ពីបទពុករលួយអីផងហ្នឹង។ គ្រាន់តែថា ការសម្ញែងទ្រព្យសម្បត្តិហ្នឹងប្រឈមមុខនឹងការអនុវត្តអភិក្រមរបស់រដ្ឋាភិបាលទេ។ រឿងដែលវាចម្លែកនោះត្រង់ថា មានសែកហើយ តែទៅជាសែកអត់លុយ។ នៅក្នុងពិធីខួបកំណើត ក្នុងពិធីអាពាហ៍ពិពាហ៍ ឬភ្ជាប់ពាក្យអីនេះ ដូចជាមិនមែនពិធីត្រូវលេងសើចយករបស់ក្លែងក្លាយយកមកលេងទេ»។
VOD បានទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ ប៉ុន្ដែ លោកសុំមិនធ្វើអត្ថាធិប្បាយនោះទេ ដោយថា លោកមិនសូវដឹងរឿងនេះ។
លោកបន្ដថា៖ «ទាក់ទងទៅ អេង ហ៊ី ទៅ! គាត់ដឹងរឿងច្រើន អ្នកនាំពាក្យអាវុធហត្ថ គាត់ដឹងរឿងច្រើនជាងបង»។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ប្រាប់ VOD ថា លោក គឹម រស្មី បានក្លាយជាពលរដ្ឋសាមញ្ញធម្មតាហើយ និងមិនស្ថិតក្នុងក្របខណ្ឌកងរាជអាវុធហត្ថនៃក្រសួងការពារជាតិនោះទេ។
លោកបន្ដថា៖ «លោក គឹម រស្មី គាត់ជាអតីតជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនៈគិរី ដែលត្រូវបានដកចេញពីតំណែងហើយ អញ្ចឹងគាត់ជាប្រជាពលរដ្ឋ ហើយខ្ញុំមិនមែនជាអ្នកនាំពាក្យឲ្យទៅគាត់ទៀតទេ បាទ!»។
កាលពីថ្ងៃទី៩ ខែកុម្ភៈ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យលុបឈ្មោះអតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ឧត្តមសេនីយត្រី (ផ្កាយ១) លោក គឹម រស្មី ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ បន្ទាប់ពីមានការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ការស្នើសុំលុបលោក គឹម រស្មី ចេញពីក្របខណ្ឌរដ្ឋនេះ ធ្វើឡើងក្រោយពីមានវីដេអូបង្ហោះលើបណ្តាញសង្គម ថា លោក គឹម រស្មី បានចែកលុយ ឱ្យកូន ៥នាក់ ក្នុងម្នាក់១០ម៉ឺនដុល្លារ និងទ្រព្យសម្បត្តិជាច្រើនទៀត ក្នុងពិធីខួបកំណើតរបស់ខ្លួន។
ចំណែកស្នងការរងខេត្តកណ្ដាល លោក ស្រេង សុខា វិញ លោក ឱម យ៉ិនទៀង ថា ក៏មិនជាប់ពាក់ព័ន្ធនឹងបទល្មើសពុករលួយដែរ។ ស្នងការរងខេត្តកណ្ដាល លោក ស្រេង សុខា បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ដោយបង្ហាញទ្រព្យសម្បត្តិដែលលោកផ្ដល់ជូនគូដណ្ដឹងកាលពីអំឡុងខែកុម្ភៈកន្លងទៅ។ តាមរយៈការបង្ហោះនោះ លោក ស្រេង សុខា បានផ្តល់ថ្លៃបណ្ណាការចំនួន១០ម៉ឺនដុល្លារ ចិញ្ចៀនពេជ្រ និងរថយន្ដលុច្សស៊ីស ៥៧០មួយគ្រឿង ដែលមានតម្លៃ ២២ម៉ឺនដុល្លារអាមេរិក៕