បទយកការណ៍៖ កម្មកររស់រានមានជីវិតពីសោកនាដកម្មបាក់​អគារ ខ្លាចរអានឹង​ធ្វើ​ការងារសំណង់បន្តទៀត

ជនរងគ្រោះក្នុងករណីរលំអគារនៅព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នា២០១៩ កំពុងតែសម្រាកព្យបាលនៅមន្ទីរពេទ្យ។ រូបភាព៖ សូត សុខប្រាថ្នា

ព្រឹត្តិការណ៍បាក់​រលំអគារនៅខេត្តព្រះសីហនុ ចេះតែរសាត់បាត់ពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់ពលរដ្ឋខ្មែរមួយចំនួន។ រីឯសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីដោយមានសពខ្លះបញ្ចុះ ហើយសពខ្លះទៀតបូជារួចហើយ​។

ចំណែកអ្នករងរបួសក៏ត្រូវបានគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញជាបន្តបន្ទាប់ ក្រោយពេលអាការៈរបស់ពួកគេបានធូរស្បើយហើយនោះ។ ​

ពេលវេលាចេះតែបន្តដើរទៅមុខឥតឈប់ឈរ ប៉ុន្តែ សម្រាប់អ្នករស់នៅមានជីវិតក្នុងព្រឹត្តិការណ៍រលំអគារនេះវិញ ពួកគេនៅតែនឹកឃើញ ដោយពួកគេថា ហេតុការណ៍អាក្រក់នោះនៅតែលងបន្លាចជីវិតពួកគាត់ជាប្រចាំ។

ការចងចាំនេះបានដាស់តឿនស្មារតីរបស់ពួកគាត់ឱ្យខ្លាចរអា មិនហ៊ានឱ្យត្រឡប់ទៅធ្វើការងារនេះទៀតឡើយ ដោយម្នាក់ៗគិតថា នឹងរកមុខរបរ ឬការងារផ្សេងធ្វើជំនួសវិញ។

ជនរស់រានមានជីវិតដែលកប់ក្នុងគំនរអគារយូរជាងគេ និងជួយសង្រ្គោះបាន​ក្នុងចំណោមកម្មករ ២នាក់ដែលនៅមានជីវិតក្រោយគេនោះ លោក រស់ ស៊ីថា រៀបរាប់ថា រយៈពេល៣ថ្ងៃ ២យប់ ដែលលោក និងក្មួយប្រុសជាប់ក្នុងគំនរអគារនោះ លោកបានបួងសួងដល់ទេវតា ហើយខ្លួននឹងកោរសក់​ ព្រមទាំងធ្វើបុណ្យថ្វាយ ប្រសិនបើខ្លួនអាចមានជីវិតរស់។

ក្រៅពីបួងសួង លោកក៏គិតរួចហើយថា នឹងមិនធ្វើការងារសំណង់នេះទៀតឡើយ ត្បិតរូបភាពដ៏សែនរន្ធត់​ទាំងអម្បាលម៉ាន តែងមកលងបន្លាចលោកជានិច្ច។

ជនរងគ្រោះករណីរលំអគារនៅព្រះសីហនុ
ជនរងគ្រោះ ដែលរួចផុតជីវិតពីគំនរអគារចុងក្រោយ ​នៅខេត្តព្រះសីហនុ លោក រស់ ស៊ីថា ជាកម្មករមកពីខេត្តព្រៃវែង ដែលកំពុងសម្រាកនៅមន្ទីរពេទ្យ។ រូបភាព៖ ជន ចាន់រ៉ែន

លោករៀបរាប់បន្ត៖ «ខ្ញុំចង់ឱ្យផ្តល់យុត្តិធម៌ដល់អ្នកដែលរងគ្រោះ ហើយអ្នកដែលបានស្លាប់បាត់បង់ជីវិតទៅហ្នឹង។ សូមឱ្យសមត្ថកិច្ចគាត់ជួយដោះស្រាយអីយ៉ាងម៉េចដល់ពួកគាត់ដែលបានរងគ្រោះដល់ជីវិត ផ្តល់ភាពយុត្តិធម៌ដល់ពួកគាត់ឱ្យបានសមស្របនូវអ្វីដែលគួរទទួលបាន។ បង! តើនឹងត្រូវធ្វើអីបន្តទៀត? ខ្ញុំមិនទាន់ដឹងទេ »។

ជាជនរងគ្រោះស្រីចុងក្រោយគេដែលនៅមានជីវិត ថ្លែងក្នុងទឹកមុខស្រពាប់ស្រពោន ត្បិតឪពុកម្តាយបានស្លាប់ចោលភ្លាមៗក្នុងពេលរលំអគារ​កម្ពស់៧ជាន់នោះ យុវតី អូន ណេង មានវ័យ១៦ឆ្នាំ មកពីខេត្តក្រចេះ ថា ខ្លួនគ្មានបំណងបន្តការងារជាកម្មករសំណង់ទៀតនោះឡើយ ដោយគ្រាន់តែឮក៏មានអារម្មណ៍ភិតភ័យរួចទៅហើយ។

ជនរងគ្រោះករណីរលំអគារនៅព្រះសីហនុ
យុវតី អូន ណេង ដែលជាស្ត្រីចុងក្រោយ បានរួចផុតជីវិតពីការបាក់អគារ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ២២មិថុនា។ រូបថត៖ សូត សុខប្រាថ្នា

កញ្ញា អូន ណេង បន្តថា៖ «និយាយទៅពិបាកណាស់ និយាយមិនចង់ចេញទេ។ ចាស៎! នៅតែស្រម៉ៃដដែលៗ នៅតែនឹកឃើញពួកគាត់ (ឪពុកម្តាយ) គ្រាន់តែឮឡានស៊ីរ៉ែន ឡើងញ័រខ្លួនអស់ហើយ »។

ជាកម្មករសំណង់ដែលមានស្រុកកំណើតពីខេត្តត្បូងឃ្មុំ លោក ញ៉ ចាន់ណេត បានឱ្យដឹងថា ហេតុការណ៍រលំអគារនេះ បណ្តាលឱ្យលោកត្រូវបាត់បង់ប្អូនបង្កើតម្នាក់ដែលជិតនឹងចូលរោងការទៅហើយ រីឯ​លោក និងប្រពន្ធវិញ ត្រូវរងរបួសធ្ងន់ ដោយប្រពន្ធលោកត្រូវបាក់ជើងឆ្វេង ​។

និយាយដោយសំឡេងខ្សាវៗ ដោយមុខ ដៃ ជើង និងដងខ្លួនមានស្នាមរបួសជាច្រើនកន្លែងផងនោះ កម្មករសំណង់រូបនេះ រំលឹកថា ក្នុងគំនរអគារនោះ លោកមិនមានសង្ឃឹមថា នៅមានជីវិតទេ ប៉ុន្តែ ចេះតែនិយាយលួងប្រពន្ធថា មិនអីៗ ហើយប្រាប់ប្រពន្ធថា នេះជាការយល់សប្តិប៉ុណ្ណោះ ដើម្បីឱ្យប្រពន្ធមានកម្លាំងចិត្តឆ្លងផុតពីសេចក្តីស្លាប់។

ជនរងគ្រោះករណីរលំអគារនៅព្រះសីហនុ
កម្មករសំណង់ដែលមានស្រុកកំណើតពីខេត្តត្បូងឃ្មុំ លោក ញ៉ ចាន់ណេត សម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោយរងគ្រោះនៅក្នុងហេតុការណ៍បាក់រលំអគារកំពស់៧ជាន់ នៅព្រះសីហនុ។ រូបភាព៖ ជន ចាន់រ៉ែន

លោក បន្ថែមថា៖ «ពិបាកធ្វើចិត្តណាស់នៅក្នុងហ្នុង ព្រោះប្រពន្ធឈឺៗ គាត់ស្រែក ហើយអារម្មណ៍មួយត្រូវលួងគាត់កុំឱ្យគាត់ស្លុតផង អារម្មណ៍​មួយស្រវេស្រវាខ្លួនឯងផង ភ័យផងអីផង។ ដូចថាខ្ញុំអស់សង្ឃឹមហើយ ថាគិតថាគ្មាននរណាចិញ្ចឹមកូនតូចៗពីររបស់ខ្ញុំនៅផ្ទះទេ»។

សោកនាដកម្ម​បាក់រលំអគារដែលជាការវិនិយោគរបស់ជនជាតិចិន កាលពីថ្ងៃទី២២ ខែមិថុនា បណ្តាលឱ្យពលរដ្ឋចំនួន២៨នាក់ស្លាប់ និងរងរបួសចំនួន២៦នាក់។

លោកនាយករដ្ឋមន្ត្រី បានអះអាងថា ជំនួយដែលបានមកពីសប្បុរជននានា ព្រមទាំងព្រះមហាក្សត្រផង ដោយជូនជន​រងគ្រោះដែលស្លាប់ក្នុងម្នាក់ទទួលបានថវិកាជាង៩ម៉ឺនដុល្លារ និងមានសពខ្លះនៅតំបន់ខ្លះអាចទទួលបានជាង១០ម៉ឺនដុល្លារ ហើយអ្នករបួសទទួលបានម្នាក់ជាង១ម៉ឺនដុល្លារ ដោយឡែកកម្មករ២នាក់ ដែលមានជីវិតចុងក្រោយគេទទួលបានថវិកា​ជាង២ម៉ឺនដុល្លារ ឬលើសពីនេះ។

លោក បញ្ជាក់កាលពីថ្ងៃម្សិលមិញទៀតថា ប្រសិនបើក្រុមគ្រួសារ និងជនរងគ្រោះអាចប្រើប្រាស់ថវិកានោះចំគោលដៅ ពួកគេនឹងអាចរួចផុតពីភាពក្រីក្រផងដែរ។

ក្រោយប្រកាសបញ្ចប់បេសកកម្មរុករកជនរងគ្រោះ នៅយប់ថ្ងៃទី២៤ ខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហៅសោកនាដកម្មនេះថា ជាការឈឺចាប់របស់ជាតិ។ លើសពីនេះ លោកថា វាជាបទពិសោធន៍ ឬមេរៀនមួយសម្រាប់រដ្ឋាភិបាលលោក ដោយមិនត្រូវអនុញ្ញាតឱ្យរឿងនេះកើតឡើងទៀតឡើយ។

ភ្លាមនោះ លោក ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ត្រូវបង្កើតគណៈកម្មការបន្ទាន់មួយ ដើម្បីសិក្សា និងស្រាវជ្រាវរាល់សំណង់​នៅខេត្តព្រះសីហនុទាំងអស់ និងត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់សំណង់ដែលកំពុងសាងសង់ដោយខុសច្បាប់។

​វិស្វករអាជីពនៅខេត្តព្រះសីហនុម្នាក់ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ និយាយថា វិស័យសំណង់បានរីកដុះដាលច្រើននៅកម្ពុជាបច្ចុប្បន្ន គឺជាសញ្ញាវិជ្ជមានមួយក្នុងការអភិវឌ្ឍ។ ប៉ុន្តែ អ្នកជំនាញរូបនេះក៏បង្ហាញក្តីបារម្ភផងដែរ ចំពោះសំណង់ជាច្រើនពិសេសប្រភេទសំណង់កសាងដោយគ្រឿងបង្គុំពីដែក និងពីបេតុង មិនបានគិតគូរពីគ្រឹះដិតដល់ទេ។

លោកថា មានសំណង់អគារខ្លះទៀត សសរ និងធ្នឹមភាគច្រើនមិនចំផ្ទិតឡើយ ហើយការសាងសង់ទាំងនោះធ្វើឡើងដោយ​ប្រញាប់ប្រញាល់មិនបានគិតគូរដល់គុណភាព និងសុវត្ថិភាពសំណង់ឡើយ។

លោក បន្តថា៖ «សំណូមពរថា មុននឹងអនុញ្ញាតការសាងសង់ មន្ត្រីជំនាញ មន្ត្រីជំនាញគួរតែពិនិត្យឱ្យបានល្អិតល្អន់ទៅលើប្លង់ពីរ ដែលគូសចេញមក។ ប្លង់ទី១ គឺប្លង់ស្ថាបត្យកម្ម ឬដែលយើងហៅងាយថា ប្លង់រូបរាងរបស់អគារ ប្លង់បាតរបស់អគារ។ ប្លង់ទី២ គឺប្លង់គ្រឿងបង្គុំ ឬ ប្លង់យកទៅធ្វើឆ្អឹងខាងក្នុង។ អីចឹង វាមានធាតុបីដែលចូលរួម ទីមួយក្រុមស្ថាបត្យករដែលគូសប្លង់ស្ថាបត្យកម្មចេញមក ហើយទីពីរ ក្រុមខាងធ្វើលទ្ធផលតេស្តដីយកលទ្ធផលហ្នឹង និងប្លង់ហ្នឹងទៅជំនាញវិស្វករដើម្បីឱ្យគាត់សិក្សា»។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ អះអាងថា មន្ត្រីជំនាញ ដែលដឹកនាំដោយក្រសួងរៀបចំដែនដី កំពុង​ស្រាវជ្រាវ និងពិនិត្យភាពស្របច្បាប់ ព្រមទាំងគុណភាពសំណង់ដែលកំពុងសាងសង់ក្នុងខេត្តនេះ ប៉ុន្តែ លោកមិនទាន់ទទួលបានរបាយការណ៍លម្អិតនោះទេ។ 

ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា លោក សុខ គីន កត់សម្គាល់ថាមិនមែនតែកម្មករលើវិស័យនេះទេដែលភ័យខ្លាចចំពោះសោកនាដកម្មនេះ ប៉ុន្តែ ពលរដ្ឋទូទៅក៏មានការតក់ស្លុតខ្លាំងដែរ។  លោកថា បញ្ហានេះពិតជាធ្វើឱ្យកម្មករសំណង់មួយចំនួនខ្លាចរអា តែក៏មានកម្មករទ្រាំធ្វើការងារនេះបន្តទៀត ព្រោះតែគ្មានជម្រើសផ្សេង។

លោកថា បញ្ហាបែបនេះនឹងអាចកើតឡើងទៀត ប្រសិនបើរដ្ឋាភិបាលគ្មានយន្តការដោះស្រាយជាក់លាក់។

លោកបន្តថា៖ «រដ្ឋាភិបាលគួរតែប្តូរយន្តការក្នុងការអនុវត្តសកម្មភាពទាំងអស់ហ្នឹង ព្រោះកន្លងមក វាមិនមែនតែម្តងទេករណីហ្នឹង ប៉ុន្តែ ករណីនេះវាធ្ងន់ធ្ងរ។ ប្រសិនបើរដ្ឋាភិបាល ក៏ដូចជា ក្រសួង ​ស្ថាប័នពាក់ព័ន្ធ ប្រើយន្តការដដែល​ក្នុងការអនុវត្តសកម្មភាព​ ខ្ញុំគិតថា នៅតែមានបញ្ហា​បន្តទៀត »។

កាលពីថ្ងៃម្សិលមិញ សហព័ន្ធសហជីព អង្គការ សមាគម សហគមន៍ជាតិ និងអន្តរជាតិចំនួន១០១ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយជំរុញទៅរដ្ឋាភិបាលត្រូវត្រួតពិនិត្យគុណភាពសំណង់ និងសុវត្ថិភាពកម្មករសំណង់នៅទូទាំងប្រទេសឱ្យកាន់តែប្រសើរ។ ​

ការស្នើនេះ ដោយពួកគេរកឃើញថា បញ្ហាគ្រោះថ្នាក់លើវិស័យសំណង់កើតមានជាហូរហែចាប់តាំងពីឆ្នាំ២០១៣មក បង្កឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើន ហើយការរលំបាក់អគារបណ្តាលឱ្យកម្មកររាប់សិបនាក់ស្លាប់ និងរបួសនៅខេត្តព្រះសីហនុកាលពីថ្ងៃទី២២ ខែមិថុនា រឹតតែជាក្តីកង្វល់ ដែលទាមទារឱ្យរដ្ឋត្រូវមានវិធានការម៉ឺងមាត់ និងជាបន្ទាន់ចំពោះវិស័យនេះបន្ថែមទៀត៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ