មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសចិន បានប្រាប់ទៅអង់គ្លេសកុំឱ្យជ្រៀតជ្រែកបញ្ហាដែលកំពុងកើតមាននៅហុងកុង ព្រោះនេះជាបញ្ហាចិនសុទ្ធសាធ។
ការអំពាវនាវរបស់រដ្ឋាភិបាលក្រុងប៉េកាំង បានធ្វើឡើងបន្ទាប់ពីអង់គ្លេសប្រកាសគាំទ្រពេញទំហឹងនូវការប្រើប្រាស់សិទ្ធិ និងសេរីភាពរបស់ពលរដ្ឋហុងកុងក្នុងការធ្វើបាតុកម្មដោយអហិង្សា។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang កាលពីថ្ងៃទី១ ខែកក្កដា បានថ្លែងថាចាប់តាំងពីអង់គ្លេសបានប្រគល់ដែនដីហុងកុងឱ្យចិនវិញនៅឆ្នាំ១៩៩៧មក អង់គ្លេសមិនមានទំនួលខុសត្រូវណាមួយទៀតទេចំពោះតំបន់ស្វយ័តមួយនេះ។ លោក បន្តថា បញ្ហាហុងកុងជាបញ្ហារឿងផ្ទៃក្នុងរបស់ចិនសុទ្ធសាធ ហើយមិនអនុញ្ញាតឲ្យប្រទេសណាមួយលូកដៃចូលជាដាច់ខាត។
លោក Geng Shuang បានបញ្ជាក់ផងដែរថា ចិនប្រឆាំង និងបដិសេធយ៉ាងដាច់អហង្ការចំពោះការជ្រៀតជ្រែក និងការរិះគន់ជាញឹកញយពីសំណាក់អង់គ្លេសជុំវិញបញ្ហាផ្ទៃក្នុងហុងកុង។ លោក បន្ថែមថា អង់គ្លេសគួរតែដឹងពីឋានៈរបស់ខ្លួន បញ្ឈប់ការលូកលាន់គ្រប់រូបភាព ហើយគួរតែធ្វើអ្វីដែលនាំមកនូវការរីកចម្រើន និងស្ថិរភាពនៅក្នុងទឹកដីហុងកុង។
ក្នុងខួបគម្រប់២២ឆ្នាំនៃការប្រគល់ទឹកដីហុងកុងឱ្យចិនវិញ រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស លោក Jeremy Hunt បានលើកឡើងថា អង់គ្លេសតាមដានយ៉ាងយកចិត្តទុកដាក់ពីបាតុកម្មនៅហុងកុង។ លោក បានរំលឹកថា ក្នុងកិច្ចព្រមព្រៀងរួមគ្នារវាងអង់គ្លេស និងចិន ហុងកុងជាទឹកដីដែលមានភាពស្វយ័តខ្ពស់ ហើយសិទ្ធិ និងសេរីភាពរបស់ពលរដ្ឋហុងកុងក៏បានចែងយ៉ាងច្បាស់ផងដែរ។
រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេសរូបនេះ ក៏បានសរសេរបន្ថែមលើបណ្ដាញ Twitter របស់លោក ថា អង់គ្លេសគាំទ្រពលរដ្ឋហុងកុងក្នុងការប្រើប្រាស់សិទ្ធិរបស់ពួកគេ។ ប៉ុន្តែ លោកបន្តថា អង់គ្លេសមិនគាំទ្រនោះទេការប្រើប្រាស់ហិង្សា។
ទោះយ៉ាងណាក៏ដោយ អង់គ្លេសជឿជាក់ថា គោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ» នូវតែជាមធ្យោបាយមួយដ៏ល្អបំផុត ដើម្បីបន្តរក្សាហុងកុងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងពាណិជ្ជកម្មសម្រាប់សកលលោកទាំងមូល។
កាលពីថ្ងៃទី១ ខែកក្កដា ក្នុងពេលដែលរដ្ឋាភិបាលប្រារព្ធខួប២២ឆ្នាំដែលអង់គ្លេសប្រគល់ទឹកដីហុងកុងឲ្យចិន ពលរដ្ឋហុងកុងបាននាំគ្នាធ្វើបាតុកម្ម។ បាតុកម្មនោះបានប្រែក្លាយជាហិង្សារវាងក្រុមបាតុករ និងសមត្ថកិច្ច។ ក្រុមបាតុករ បានសម្រុកចូលក្នុងអាគារសភាហុងកុង ដែលជាហេតុធ្វើឲ្យសមត្ថកិច្ចបាញ់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកពួកគេ។
ក្រុមបាតុករ បានទាមទារឱ្យរដ្ឋាភិបាលទម្លាក់ចោលទាំងស្រុងសេចក្តីស្នើច្បាប់ធ្វើបត្យាប័នអ្នកទោស ស្នើឱ្យមេដឹកនាំហុងកុង លោកស្រី Carrie Lam ចុះចេញពីតំណែង និងស៊ើបអង្កេតការប្រើប្រាស់អំពើហិង្សារបស់ប៉ូលីសទៅលើក្រុមបាតុករ។
ដោយឡែក រដ្ឋាភិបាលក្រុងប៉េកាំង បានហៅបាតុកម្មកាលពីថ្ងៃចន្ទថា ជាការជាន់ឈ្លីនីតិរដ្ឋ និងបំផ្លាញស្ថិរភាពរបស់ដែនដីហុងកុង ដែលទង្វើទាំងនេះមិនអាចលើកលែងបាននោះទេ។ ក្រុងប៉េកាំង បានប្រកាសគាំទ្ររាល់ចំណាត់ការរបស់រដ្ឋាភិបាលហុងកុង ដើម្បីរក្សាសណ្តាប់ធ្នាប់ ការរីកចម្រើន និងស្ថិរភាពដែនកោះមួយនេះ៕