សមត្ថកិច្ចប្រមូលជ្រូកកើតជំងឺប៉េស្តនៅខេត្តត្បូងឃ្មុំយកទៅសម្លាប់

សកម្មភាពនាំជ្រូកចូលពីប្រទេសវៀតណាម ត្រូវបានសមត្ថកិច្ច និងមន្ត្រីជំនាញ ចាប់ឃាត់បាន នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០១៩។ រូបភាព៖ សូត សុខប្រាថ្នា

រដ្ឋមន្ត្រីក្រសួងកសិកម្មបញ្ជាទៅអគ្គនាយកដ្ឋានសុខភាពសត្វប្រមូលជ្រូកដែលឈឺនៅតំបន់កំពុងឆ្លងរាលដាលជំងឺប៉េស្តអាហ្វ្រិកនៅក្នុងខេត្តត្បូងឃ្មុំយកទៅសម្លាប់ចោល ចៀសវាងឆ្លងទៅកាន់តំបន់ផ្សេងៗទៀត។​

សេចក្ដីប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយកាលពីម្សិលមិញឱ្យដឹងថា ជំងឺប៉េស្ដជ្រូកអាហ្រ្វិកកំពុងផ្ទុះនៅភូមិកំពង់សេរី និងភូមិសោយ ឃុំមាន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។

ក្នុងសេចក្តីប្រកាសនោះ លោក វេង សាខុន ឱ្យមន្ត្រីជំនាញបំផ្លាញជ្រូកដែលឈឺ និងមានវិធានការការពារនៅតំបន់នោះ។​

ក្រសួងបានបញ្ជាក់ថា ជំងឺប៉េស្ដជ្រូកអាហ្រ្វិកមិនឆ្លងប៉ះពាល់ដល់មនុស្សទេ ប៉ុន្ដែ ជំងឺនេះបណ្ដាលឲ្យជ្រូកឈឺ និងងាប់ក្នុងអត្រាខ្ពស់រហូតដល់ ១០០% ដែលបង្កឱ្យមានការខាតបង់ធ្ងន់ធ្ងរដល់អ្នកចិញ្ចឹមប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ចាន់ ហេង មានប្រសាន៍ថា មន្ត្រីជំនាញកំពុងធ្វើការងារនេះ ចំណែករបាយការណ៍ជាក់លាក់ពីចំនួនសត្វជ្រូកដែលត្រូវសម្លាប់មិនទាន់ដឹងច្បាស់នៅឡើយ។

លោកថា៖ «គ្រាន់តែដឹងថា ពេទ្យឱ្យមន្ត្រីជំនាញពេទ្យចុះចាត់វិធានការបសុព្យាបាលហើយ ចុះទៅបាញ់ថ្នាំហើយ ពាក់ព័ន្ធជំងឺដែលផ្ទុះជំងឺ យើងកម្ទេចចោល ហើយហាមជ្រូកមិនឱ្យចេញចូលលក់ដូរនៅក្នុងហ្នឹង ចេញពីហ្នឹងក៏មិនឱ្យ ចូលមកក៏មិនឱ្យដែរ»។

ក្រៅពីខេត្តត្បូងឃ្មុំនោះ លោក ចាន់ ហេង ថា នៅស្រុក​អង្គ​រ​បុរី ខេត្តតាកែវ ក៏មានជ្រូកងាប់ដែរ  ។ករណីនេះ ម​ន្ត្រីជំនាញបានចុះ​បូម​ឈាមសត្វ​យក​ទៅ​ពិ​និត្យ​នៅ​វិទ្យា​ស្ថាន​សុខភាព​សត្វ​ និង​ផលិតកម្ម ប៉ុន្តែ មិនទាន់ទទួលបានលទ្ធផលនៅឡើយ។

ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​ លោក ស្រ៊ុន ពៅ មានប្រសាសន៍ថា ជំងឺប៉េស្ដជ្រូកអាហ្រ្វិកនឹងរីករាលដាលទូទាំងប្រទេសកម្ពុជា​នាពេលខាងមុខ បើសិនជារដ្ឋាភិបាលមិនអាចទប់ស្កាត់ការលួចនាំជ្រូកពីប្រទេសវៀតណាមបាននោះ។

លោកថា៖ «នៅកម្ពុជាយើង ខ្ញុំជាក់លាក់ថា វានឹងរីករាយដាលបន្តទៀត មិនអាចទប់ស្កាត់បានទេ ព្រោះការនាំចូលជ្រូកសេរី ដូចខ្ញុំបានជម្រាបអ៊ីចឹង រហូតដល់លួចនាំសាច់ធ្វើហើយ ដែលងាប់ មិនដឹងឈឺពីអង្កាល់ទេ​ យកជាសាច់ដឹកមកមួយចំហៀងៗ ថាវាគ្រប់បែបគ្រប់សកម្មភាពទាំងអស់ ដែលគាត់ធ្វើបាន គាត់នឹងធ្វើហើយ និងតាមព្រំដែនកម្ពុជា-វៀតណាម»។

លោក ស្រ៊ុន ពៅ បន្តថា បើសិនជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិករីករាលដាលទូទាំងប្រទេសនោះ លោកថា នឹងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច និងសុខភាពរបស់ប្រជាពលរដ្ឋ។ លោកបន្តថា មូលហេតុដែលមានការលួចនាំចូលជ្រូកតាមច្រកព្រំដែនពីប្រទេសវៀតណាមមកកម្ពុជានៅតែបន្តកើតមាន ដោយសារ អាជ្ញាធរឃុបឃិតគ្នាជាមួយក្រុមឈ្មួញ។

​កាលពី​ថ្ងៃ​ទី៣០ ខែ​ឧសភា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ លោក វេង សាខុន បាន​ចេញសារាចរ​ណែនាំមួយប្រាប់​ឱ្យ​មន្ទីរ​កសិកម្ម​ជាប់​ព្រំ​ដែន​វៀតណាម​ទាំង​អស់​បង្កើន​ការ​ប្រុង​ប្រយ័ត្នចំពោះ​​​ការនាំចូល​ជ្រូក​​ពី​វៀតណាម ជា​ពិសេស​ខេត្ត​រតនគិរី មណ្ឌលគិរី ព្រៃវែង កំពត និង​ខេត្ត​កណ្ដាល​​ ។

ក្រោយពីជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​​ផ្ទុះ​ឡើង​ក្នុង​ប្រទេស​ចិនកាល​ពី​ខែ​សីហា ឆ្នាំ​២០១៨ ហើយ​បាន​រីក​រាលដាល​ដល់​ប្រទេស​វៀតណាម​នៅ​ដើម​ឆ្នាំ​នេះ។ រហូតដល់ខែមិថុនា អាជ្ញាធរវៀតណាមសម្លាប់សត្វជ្រូកជាង ២លាន ៥សែនក្បាល ខណៈជំងឺនេះឆ្លងស្ទើរទូទាំងប្រទេស។

អាជ្ញាធរកម្ពុជាបញ្ជាក់ថា នៅក្នុងខែមីនាឆ្នាំនេះ ជំងឺប៉េស្តជ្រូកឆ្លងចូលកម្ពុជាលើកដំបូងនៅក្នុងខេត្តរតនគិរី។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ