តុលាការគ្រោងបើកសវនាការសំណុំរឿងអតីតបុគ្គលិកអាស៊ីសេរី២រូបនៅចុងខែនេះ

អតីត​អ្នកកាសែត​ពីរ​រូប​របស់​វិទ្យុ​អាស៊ីសេរី ​(RFA)​ ទើបបញ្ចាប់សវនាការនៅសាលា​ឧទ្ធរណ៍​ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ជាន់​ខ្ពស់​មួយ​នេះ​ ដក​ការ​ឃ្លំាមើល​របស់​តុលាការ​ ​និង​ប្រគល់​សម្ភារៈ​ដែល​បាន​រឹប​អូស ​ក្រោយ​ពេល​សមត្ថកិច្ច​ចាប់ខ្លួន​កាល​ពី​ចុងឆ្នាំ​២០១៧។ រូបភាព៖ ហួត វុទ្ធី

សាលាដំបូងរាជធានីភ្នំពេញ គ្រោងបើកសវនាការលើសំណុំរឿងអតីតបុគ្គលិកអាស៊ីសេរី២រូប នៅចុងខែកក្កដានេះ ពាក់ព័ន្ធបទចោទថា «ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មាន ដែលអាចធ្វើឲ្យអន្តរាយដល់ការការពារជាតិ»

ក្នុង​លិខិតចុះថ្ងៃទី១ ខែកក្កដា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង ប្រាប់ទៅមេធាវី លោក សំ ចំរើន ដែលការពាក្តីឱ្យអតីតបុគ្គលិកអាស៊ីសេរីទាំង២រូប​ថា សវនាការលើកូនក្តី គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ​ នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែកក្កដា។

អតីតបុគ្គលិកអាស៊ីសេរីទាំងពីររូបនេះ ត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៧ នៅពេលពួកគាត់បង្កើតស្ទូឌីយូថតចម្រៀង ដោយចោទថា គ្មានការអនុញ្ញាត។

ករណីនេះ ព្រះរាជអាជ្ញា បាន​ចោទ​ប្រកាន់ពី​បទ «ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលបង្កឲ្យមានការអន្តរាយដល់ការការពារជាតិ» តាម​មាត្រា ៤៤៥ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។

ប៉ុន្តែ ក្រោយឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេលជាង ៩ខែ លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ត្រូវបានតុលាដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន។

នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ Human Rights Watch លោក ប៊្រែដ អាដាំ ហៅការចោទប្រកាន់នេះថា ជារឿងនយោបាយ យាយីទៅលើបណ្តាញសារព័ត៌មាន ដែលហ៊ានផ្សព្វផ្សាយចំនុចខ្វះចន្លោះរបស់រដ្ឋាភិបាល និងទាមទារឲ្យទម្លាក់បទចោទ ដើម្បីធានាសេរីភាពសារព័ត៌មាន៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ