វិភាគ៖ តើសេដ្ឋកិច្ចកម្ពុជាកំពុងស្ថិតនៅកន្លែងណាក្នុងបណ្ដាប្រទេសអាស៊ាន?

កម្មការិនីកំពុងធ្វើការងារនៅក្នុងរោងចក្រមួយកន្លែង។ រូបភាព៖ បណ្ដាញសង្គម

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៧ ដែលរហូត​មកដល់​ពេលនេះ​ សមាគមនេះមានសមាជិក១០ប្រទេស ក្នុងនោះ៤ប្រទេសត្រូវបានគេចាត់ទុកជាប្រទេសដែលមានសេដ្ឋកិច្ចទន់ខ្សោយ។

ប្រទេសដែលមានសេដ្ឋកិច្ចទន់ខ្សោយនេះមាន កម្ពុជា ឡាវ មីយ៉ានម៉ា និងវៀតណាម ដែលហៅកាត់ថា ក្រុមប្រទេស CLMV។ ក្រុមប្រទេសទាំងនេះ​ត្រូវបានអន្តរជាតិផ្ដល់ការអនុគ្រោះពន្ធពិសេស​ ដើម្បីលើកស្ទួយសេដ្ឋកិច្ចឲ្យបានស្មើមុខមាត់​ជាមួយ​ប្រទេសផ្សេងទៀតក្នុងតំបន់។

​ទោះជាយ៉ាងណា ការប្រែប្រួលនៃនយោបាយក្នុងតំបន់ កំពុងធ្វើឲ្យប្រទេសទាំង​​នេះផ្លាស់ប្ដូរតាមនោះដែរ​។ ប្រទេស​វៀតណាម​ទទួលបាន​ការវិនិយោគពីបរទេសជាបន្តបន្ទាប់ ប្រទេសឡាវនៅរក្សាភាពស្ងប់ស្ងៀមដដែល ខណៈប្រទេស​មីយ៉ាន់ម៉ា និង​កម្ពុជារងការរិះគន់ និងព្រមានដកការអនុគ្រោះពន្ធជាបន្តបន្ទាប់។

កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ អឺរ៉ុបបានព្រមានកម្ពុជា និងមីយ៉ាន់ម៉ា ក្នុងការដកប្រពន្ធអនុគ្រោះពន្ធ។​ មូលហេតុនៃការគំរាមដក ដោយចោទកម្ពុជាថា រំលោភសិទ្ធិមនុស្ស សិទ្ធិយោបាយ សិទ្ធិការងារ និងធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យ ជាដើម។​ ចំណែក មីយ៉ាន់ម៉ា ពាក់ព័ន្ធហិង្សា ធ្វើទារុណកម្ម រំលោភផ្លូវភេទ ដុតបំផ្លាញផ្ទះ និងសម្លាប់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា បណ្តាលឱ្យជនជាតិភាគតិចនេះជិត១លាននាក់រត់ឆ្លងដែនទៅប្រទេសបង់ក្លាដេស។​

បើយើងពិនិត្យលើនយោបាយការបរទេសវិញ ខណៈដែលសេដ្ឋកិច្ចមីយ៉ានម៉ា​កំពុងរីកចំរើនប្រទេសនេះ​បាន​ប្រើ​នយោបាយទន់ភ្លន់​ជាមួយអន្តរជាតិ​ដើម្បីរក្សាការអនុគ្រោះពន្ធ​ ចំណែកកម្ពុជានៅតែប្រកាន់ធ្វើនយោបាយរឹងត្អឹងប្រឈមកាន់តែខ្លាំង។

ទាំងនេះ វាបង្កើតជាសំនួរថា តើសេដ្ឋកិច្ចកម្ពុជារឹងមាំ​ក្នុងការឈប់ពឹង​លើបរទេស ឬនៅ ហើយកម្ពុជាស្ថិតនៅកន្លែងណានៅអាស៊ាន?

របាយការណ៍​របស់​មូលនិធិ​រូបិយប័ណ្ណ​ពិភព​លោក​​ កាល​ពី​ខែ​មេសា​កន្លង​ទៅ ​ឲ្យ​ដឹង​ថា ​ចំណូល​ប្រចាំ​ឆ្នាំ​របស់​ពលរដ្ឋម្នាក់​ក្នុង​ប្រទេស​ CLMV គឺ​​ពលរដ្ឋ​ឡាវ​អាច​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ ដែល​ក្នុង​មួយ​ឆ្នាំ​ពលរដ្ឋឡាវ​ម្នាក់​អាច​រក​ចំណូល​បាន​ជិត​៣ពាន់ដុល្លារ វៀតណាម​២ពាន់៧រយ​ដុល្លារ កម្ពុជា​១ពាន់​៦រយ​ដុល្លារ និង​មីយ៉ាន់ម៉ា​១ពាន់​២រយ​ដុល្លារ។

បាន​ន័យ​ថា ​ចំណូល​សេដ្ឋកិច្ចរបស់​ប្រជាជន​​កម្ពុជា​បច្ចុប្បន្ន​ខ្ពស់​ជាងប្រជាជន​​មីយ៉ាន់ម៉ា​មួយ​ប៉ុណ្ណោះ ​តែ​ទោះ​ជាយ៉ាង​ណា​ សម្រាប់​ប្រធានសមាគមអនាគតយុវជនកម្ពុជាអាស៊ាន លោក ស្រ៊ុន ស្រ៊ន មាន​ប្រសាសន៍​ថា ការ​វាយ​តម្លៃមួយ​មិន​ត្រូវ​វាយ​តម្លៃ​ដោយ​យោង​តាម​ចំណូល​របស់​ប្រជាជននោះ​ទេ។

លោក ​ស្រ៊ុន ស្រ៊ន៖ «យើង​និយាយ​ត្រឹម​៥​ឆ្នាំ​ចុង​ក្រោយ ​ពី​ឆ្នាំ​២០១៥ ដល់​២០១៩ ​​គឺ​យើង​តាម​អត់​ទាន់​ភូមា​ទេ។ តាម​អត់​ទាន់​ហ្នឹង​គឺ​មាន​ចំណុច​ពីរ។​ ចំណុច​ទី​១​ គឺ​ទំនាក់ទំនង​ការបរទេស​របស់​ភូមា ​គឺ​គេ​មាន​លក្ខណៈ​ទូលំ​ទូលាយ​ជាង​នៅ​ពេល​ដែល​គេ​បើក​ទ្វារ​សេដ្ឋកិច្ច​ នៅពេល​ អង់សាន ស៊ូជី ​ត្រូវ​បាន​ដោះ​លែង។ ព្រោះ​ភូមា​នៅ​ឆ្នាំ​២០១៣ និង​១៤ គឺ​ចង្អៀត​មែនទែន តែ​នៅពេល​ខ្ញុំ​ទៅ​នៅ​ឆ្នាំ​២០១៥-១៦ និង​១៧​​ បី​ឆ្នាំ​ចុង​ក្រោយ ​គឺវិនិយោគ​របស់​គេ​កើន​ឡើង​យ៉ាង​គំហុក​ អញ្ចឹង​បើ​ប្រៀបធៀប​ជា​មួយ​ភូមា​ ចំណុះ​ប្រជាជន​គេ​៥០ ទៅ​៦០​លាននាក់ ខណៈ​យើង​ត្រឹម​១៦លាន​ អញ្ចឹង​ទំហំ​សេដ្ឋកិច្ច​របស់​យើង​រត់​អត់​ទាន់​ភូមា​ទេ»។

ចំពោះ​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ លោក​បណ្ឌិត​ មាស នី យល់ថា នៅ​ពេល​ដែល​ប្រទេស​មួយ​មាន​ការ​នាំ​ចូល​ច្រើ​ន​ជាង​នាំ​ចេញ គ្មាន​ការគ្រប់គ្រង​ពី​ការ​នាំ​ចូល ហើយ​សេដ្ឋកិច្ច​នៅ​ពឹង​លើ​បរទេស​​នោះ​ សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​ជា​សេដ្ឋកិច្ច​មួយ​ទន់ខ្សោយ​នៅ​ឡើយ។ លោក​បន្ថែម​ថា ​តាម​រយៈ​ស្ថានភាព​សេដ្ឋកិច្ច​ និង​នយោបាយ​ដ៏​ផុយ​ស្រួយ​នៅ​ក្នុង​ប្រទេស កម្ពុជា​គឺ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​មួយ​ដែល​ក្រោម​គេ​នៅ​អាស៊ាន។

លោក​បណ្ឌិត​ មាស នី៖ «ទោះ​បី​ជា​យ៉ាង​ម៉េច​ មីយ៉ាន់​ម៉ា​ក៏​នៅ​តែ​មាន​ស្ថានភាព​សេដ្ឋកិច្ច​ខ្ពស់​ជា​ង​យើង ហើយ​​ស្ថានភាព​នយោបាយ​មាន​ភាព​រឹង​មាំ​ជាង ​ព្រោះ​គេ​ដូចជា​មិន​សូវ​មាន​អស្ថិរភាព​នយោបាយ​ដូច​យើង​។ មីយ៉ាន់ម៉ា​ គេ​បើក​ចំហ​ក្រោយ​យើង​មែន ​តែ​គេ​ហាក់​ដូច​ជា​មាន​ការ​រឹង​មាំ​មិន​ប្រទុស្ត​ប្រតាយ​ដូច​យើង។ សម្រាប់​យើង​ (កម្ពុជា) បាន​ចំណាយ​ពេល​ឈ្លោះ​គ្នា​ច្រើន​ជាង​ចំណាយ​ពេល​អភិវឌ្ឍ​ជាតិ»។

កត្តា​ដែល​ធ្វើ​ឲ្យ​អ្នក​វិភាគ​វាយ​តម្លៃ​បែប​នេះ​ គឺ​បណ្ដាល​មក​ពី​ការ​បញ្ហា​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា បញ្ហា​ជម្លោះ​ដី​ធ្លី បំណុល​របស់​រដ្ឋ និង​ប្រជាជន បញ្ហា​ចំណាកស្រុក និង​ការ​ចំណាយរបស់​រដ្ឋ​​ច្រើន​ជាង​ចំណូល​ដែល​ទទួល​បាន​។

សម្រាប់​លោក ​ស្រ៊ុន ស្រ៊ន លើក​ឡើង​ថា ​ប្រសិន​ជា​បញ្ហា​នេះ​នៅ​តែ​អូសបន្លាយ​យ៉ាង​យូរ​១០​ឆ្នាំ​ទៀត​ កម្ពុជា​មិន​ត្រឹម​តែ​មិន​អាច​ងើប​ចេញ​ពី​ប្រទេស​ដែល​ក្រី​ក្រ​ជាង​គេ​នៅ​តំបន់​នោះ​ទេ វា​រឹត​តែ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ខ្មែរ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​បរទេស​ទាំង​អស់ ក្នុង​ពាក្យ​មួយ​ដែល​លោកថា​ជា​ «សេដ្ឋកិច្ច​ទាសករ»

លោកថា៖ «គឺ​បាន​ន័យ​ថា​ ពលរដ្ឋ​ខ្មែ​រត្រូវ​ធ្វើ​ចំណាក​ស្រុក​ស្ទើរ​តែ​ពាក់​កណ្ដាល​ប្រទេស​ បាន​ន័យ​ថា ​ក្នុង​ចំណោម​៨ ទៅ៩លាន​ដែល​ពេញ​កម្លាំង​ហ្នឹង​មាន​៤​ ទៅ​៥​លាន​ហើយ​ដែល​ចេញ​មិន​មែន​១លាន​ ទៅ​២លានកន្លះ​ដូច​ឥឡូវ​ទេ។ ហើយ​ចំណុច​ទី​ពីរ​ គឺ​បំណុល​ពលរដ្ឋ​ជំពាក់​មីក្រូ​ឥណទាន បូក​ជា​មួយ​បំណុល​របស់​រដ្ឋ​នឹង​រឹត​ក​សេដ្ឋកិច្ច​របស់​យើង។ ដូច្នេះ​ ក្នុង​រយៈពេល​១០​ឆ្នាំ​ទៀត​ បើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ដែល​រដ្ឋាភិបាល​បាន​ដាក់​ មិន​​អាច​ដល់​ថ្នាក់​ឃុំ​សង្កាត់ទេ​ គឺ​សេដ្ឋកិច្ច​ខ្មែរ​ទៅ​ជា​ទាសករ​បរទេស​ទាំង​អស់​ បាន​ន័យ​ថា ​ដី​ខ្មែរ​ៗ​ធ្វើ​អត់​បាន​ទេ​​មាន​តែ​ចំណាក​ស្រុក​ និង​ជួល​ដី​ឲ្យ​ឯកជន​»។

ក្នុង​របាយការណ៍​របស់​ធនាគារ​ពិភព​លោក​ចេញ​ផ្សាយ​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​ បាន​ទស្សន៍ទាយ​ថា ​សេដ្ឋកិច្ច​កម្ពុជា​ដែល​កំពុង​ឡើង​ខ្ពស់​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​អាច​នឹង​ធ្លាក់​ចុះ​វិញ​ខ្លះ​ ដោយ​សារ​ការ​ថយ​ចុះ​នៃ​សំណង់ និង​បញ្ហា​ប្រឈម​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA របស់​អឺរ៉ុប ​ដែលធ្វើ​ឲ្យ​​អង្គការ​អន្តរជាតិ​នេះ​បាន​ទាយ​ទុក​ជា​មុន​ថា ​អាច​នឹង​ធ្លាក់ពី​៧,៥​ភាគ​រយ​ នៅ​ពេល​បច្ចុប្បន្ន​ ដល់​៦,៧​ភាគរយ​ នៅ​ឆ្នាំ​២០២១។

ក្នុងរបាយការណ៍របស់ធនាគារពិភពលោកដូចគ្នាចេញផ្សាយកាលពីខែមិថុនា បានវាយតម្លៃ​សេដ្ឋកិច្ច​របស់​មីយ៉ាន់ម៉ា​ថា ​នឹង​ឡើងពី​៦,៥ នាពេលបច្ចុប្បន្ន ទៅ៦,៧ នាឆ្នាំ២០២១។

សម្រាប់​លោក​បណ្ឌិត​ មាស នី វិញព្រមាន​ថា ក្នុង​ពេល​ដែល​កម្ពុជា​មិន​អាច​ប្រកួត​ជា​មួយ​ប្រទេស​ក្នុង​តំបន់​ផង​នោះ ​ប្រសិន​ជា​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA បន្ថែម​ទៀត​ កម្ពុជា​នឹង​ប្រឈម​កាន់​តែ​ខ្លាំង​លើ​បញ្ហា​សេដ្ឋកិច្ច​របស់​ខ្លួន ដែល​នៅ​ពេល​នោះ​ហើយ​វា​នឹង​រុញ​កម្ពុជា​ឲ្យ​ជំពាក់​បំណុល​បរទេស​កាន់​តែ​ធ្ងន់ ហើយ​កាន់​តែ​ក្រោម​គេ​បន្ត​ទៀត​ផង​ដែរ។

ជាងនេះទៅទៀត អ្នកសេដ្ឋកិច្ចជាន់ខ្ពស់ប្រចាំតំបន់អាស៊ីនៃ ផាតធើន ម៉ាក្រូអេកូណូមិក (Pantheon Macroeconomics) លោក មីគែល ចាន់កូ (Miguel Chanco) លើកឡើងថាការផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា វានឹងធ្វើឲ្យមីយ៉ាន់ម៉ាវ៉ាដាច់កម្ពុជាកាន់តែលឿន ជាងនេះទៅទៀតនោះ ក្រុមហ៊ុន និងរោងចក្រមួយចំនួនប្រហែលងាកទៅកាន់មីយ៉ាន់ម៉ាកាន់តែច្រើនថែមទៀតផងដែរ។

លោកថា៖ «ការកាត់ EBA ពីកម្ពុជា វានឹងពន្លឿនសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ាឲ្យកាន់តែកៀកកម្ពុជាបន្ថែមទៀត។ ជាពិសេស វានឹងទាក់ទាញរោងចក្រកាត់ដេរបន្ថែមទៀតឱ្យបង្កើតនៅក្នុងប្រទេស ដូចជា មីយ៉ាន់ម៉ាដែលមានលក្ខខណ្ឌអំណោយផលដល់ការនាំចូលទៅកាន់ទីផ្សារអឺរ៉ុប»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន នៅ​តែ​ថ្លែង​ជា​សាធារណៈ​ម្តង​ហើយ​ម្ដង​ទៀត​ថា ​ក្រោម​កំណែ​ទម្រង់​ថ្មី​របស់​រដ្ឋាភិបាល​អាណត្តិ​នេះ ​នឹង​ធ្វើ​ឲ្យ​កម្ពុជា​រស់​បាន​បន្តទៀត ដោយ​ខ្លាំង​ក្លា​ទោះ​​បី​គ្មាន ​EBA ក៏​ដោយ លើស​ពី​នេះ​ រដ្ឋាភិបាល​ក៏​ប្រកាស​ផង​ដែរ​ថា កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កំរិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​ខាង​មុខ​ផង​ដែរ។

សម្រាប់​អ្នក​វិភាគ​លើក​ឡើង​ថា​ លោក​មើល​មិន​ឃើញ​ថា​ មាន​ចំណុច​ណា​ដែល​អាច​ឲ្យ​សេដ្ឋកិច្ចប្រទេស​នេះខ្លាំង ដែល​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​អាច​រស់​ស្រួល​នោះ​ទេ ប្រសិន​ជា​អ្នក​នយោបាយ​ខ្មែរ​មិន​ស្រុះ​ស្រួល​គ្នាដើម្បី​រក្សា​ប្រយោជន៍​ជាតិ ខណៈ​រដ្ឋាភិបាល​នៅ​រវល់ដេញ​គូរ​ប្រកួត​របស់​ខ្លួនចេញ​ពី​ឆាក​នយោបាយ​ ដោយ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ដល់​បញ្ហា​សេដ្ឋកិច្ចដែល​កំពុង​កើត​មាន​​ដូច​ពេល​បច្ចុប្បន្ននេះនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ