កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ហៅកាត់ថា UNDP និងអង្គការដៃគូបានរកឃើញថាពលរដ្ឋខ្មែរជាង ១ម៉ឺន ៥ពាន់នាក់ បានបាត់បង់ជីវិត និងបំផ្លាញលុយអស់ជាង ៦៥៧លានដុល្លារ ដែលស្មើនឹង ៣ភាគរយនៃ GDP សរុបរបស់ជាតិ ទៅលើថ្នាំជក់ក្នុងមួយឆ្នាំៗ ។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលប៉ាន់ប្រមាណស្ដីពីការសិក្សាអំពីផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលថ្នាំជក់នៅព្រឹកនេះ អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់នៃ UNDP ប្រចាំកម្ពុជា លោក Richard Colin Marshall បានលើកថា ការបាត់បង់ជីវិតពលរដ្ឋ និងការខ្ជះខ្ជាយលុយយ៉ាងច្រើនសម្បើមនេះ វាប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ខណៈដែលសេដ្ឋកិច្ចប្រទេសនេះស្ថិតក្នុងប្រទេសដែលមានចំណូលទាបនៅឡើយនោះ។
លោកបន្ថែមថា៖ «មានអ្នកស្លាប់ដោយថ្នាំជក់នេះប្រមាណជាង ១៥ពាន់នាក់ក្នុងមួយឆ្នាំ ដែលភាគច្រើនគឺក្នុងចំណោមពលរដ្ឋដែលមានប្រាក់ចំណូលទាប។ ថ្នាំជក់មិនត្រឹមតែជាបញ្ហាសុខភាពមួយសម្រាប់កម្ពុជាបច្ចុប្បន្ននោះទេ តែវាក៏ជាបញ្ហាសម្រាប់ការអភិវឌ្ឍបន្ទាប់ផងដែរ។ ការប្រើប្រាស់ថ្នាំជក់ វាមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍជាតិនោះទេ វាធ្វើឲ្យពលរដ្ឋកាន់តែជួបភាពក្រីក្រ ប៉ះពាល់ដល់សង្គម និងបរិស្ថាន»។
មន្ត្រីកម្មវិធីសុខភាព និងអភិវឌ្ឍន៍នៃ UNDP លោក Dudley Tarlton បានលើកឡើងក្នុងបទបង្ហាញរបស់លោកថា បញ្ហាធំមួយដែលធ្វើឲ្យពលរដ្ឋកម្ពុជាខ្ជះខ្ជាយលុយ និងសុខភាពទៅលើថ្នាំជក់នេះ បណ្ដាលមកពីការយកពន្ធលើថ្នាំជក់នៅកម្ពុជានៅកម្រិតទាបនៅឡើយ ដែលធ្វើឲ្យថ្នាំជក់មានតម្លៃថោក និងងាយស្រួលទិញ។
លោក Dudley Tarlton៖ «ការដំឡើងពន្ធ និងផ្ដល់នូវផលចំណេញច្រើន ជាពិសេសផ្ដល់ផលចំណេញដល់ក្រុមដែលមានប្រាក់ចំណូលទាប ដែលពួកគេត្រូវចាកចេញពីបារី និងផ្ដល់អត្ថប្រយោជន៍ផ្នែកសុខភាពផងដែរ។ ដែលគេមិនត្រូវចំណាយទៅលើបារី អញ្ចឹងគេទទួលបានផលប្រយោជន៍ច្រើន»។
បើតាមលោក Dudley ក្រៅពីដំឡើងពន្ធលើថ្នាំជក់ រដ្ឋាភិបាលគួរមានវិធានការពង្រឹងការអនុវត្តច្បាប់ពិនិត្យថ្នាំជក់ ហាមការជក់បារីតាមទីសាធារណៈ និងជំរុញឲ្យមានការសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តច្បាប់ឲ្យខ្លាំងថែមទៀត។
រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក អឿ បូរារ័ត្មន័ មានប្រសាសន៍ទទួលស្គាល់ចំពោះការរកឃើញនេះ និងថាយករឿងនេះយកទៅពិភាក្សាជាមួយក្រសួង ក៏ដូចជាភាគីពាក់ព័ន្ធដើម្បីឆ្លើយតបផងដែរ។
លោក អឿ បូរារ័ត្មន៍៖ «របាយការណ៍ការសិក្សាប៉ាន់ប្រមាណនេះជាឯកសារសំខាន់មួយបន្ថែមទៀតក្នុងការផ្ដល់ជាភស្តុតាង និងអនុសាសន៍ដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់អនុវត្តការត្រួតពិនិត្យផលិតផលប្រកបដោយប្រសិទ្ធិភាព។ ក្រសួងសុខាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ នឹងបន្តការខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ការប្រើប្រាស់ ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព»។
បើតាមមន្ត្រីជំនាញរបស់ UNDP ប្រសិនបើរដ្ឋាភិបាលអាចអនុវត្តវិធានការដូចដែលបានលើកឡើងបានសម្រេចនោះ វានឹងជួយសង្គ្រោះពលរដ្ឋបានជិត ៦ម៉ឺននាក់ និងបញ្ចៀសការខាតបង់សេដ្ឋកិច្ចបានជិត ១ពាន់ ៩រយលានដុល្លារ ក្នុងរយៈពេល ១៥ឆ្នាំខាងមុខ។
កាលពីចុងខែមេសាកន្លងទៅ អង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានរកឃើញថា មានពលរដ្ឋកម្ពុជាជាង ២លាននាក់កំពុងប្រើប្រាស់ថ្នាំជក់ ដែលចំនួននេះមានការកើនឡើងជាបន្តបន្ទាប់នៅប៉ុន្មានឆ្នាំចុងក្រោយ។ អង្គការនេះជំរុញទៅកាន់រដ្ឋាភិបាលឲ្យបង្កើនពន្ធលើផលិតផលថ្នាំជក់ ដើម្បីកាត់បន្ថយអ្នកប្រើប្រាស់ ខណៈរដ្ឋាភិបាលលើកឡើងថា ខ្លួនកំពុងពិនិត្យលើបញ្ហានេះផងដែរ៕