បាក់ការដ្ឋានសំណង់ឃ្លាំងចិនមួយកន្លែងទៀតនៅខេត្តព្រះសីហនុ

ឃ្លាំងសង់ពីដែកមួយកន្លែងរបស់ជនជាតិចិន ស្ថិតនៅតាមផ្លូវបេតុងចុះពីចំណោតលោកយាយម៉ៅទៅភូមិថ្មីក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ បានបាក់រលំរាបដល់ដីកាលពីថ្ងៃត្រង់ថ្ងៃ០៣ កក្កដា ២០១៩។ រូបភាព៖ បណ្ដាញសង្គម

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ឲ្យដឹងថា ក្រោយពេលភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃពុធម្សិលមិញ មានករណីបាក់សំណង់ការដ្ឋានឃ្លាំងមួយកន្លែងទៀតរបស់ជនជាតិចិនទើបសាងសង់បាន៦០ភាគរយ។​

លោក ឃាង ភារម្យ ឲ្យ VOD ដឹងនៅថ្ងៃនេះថា កាលពីថ្ងៃម្សិលមិញ សំណង់ប្រភេទឃ្លាំងមួយកន្លែងដែលធ្វើឡើងពីដែក និងដំបូលប្រក់ស័ង្កសី ស្ថិតនៅភូមិថ្មី សង្កាត់លេខ៣ បានបាក់រលំ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ប៉ុន្ដែ លោកថា ការបាក់រលំលើកនេះ មិនបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ។

យ៉ាងណាដ៏ដោយ លោកថា មន្ដ្រីជំនាញកំពុងសិក្សារកមូលហេតុ និងត្រួតពិនិត្យបច្ចេកទេស និងគុណភាពសំណង់ឃ្លាំងដែលបានបាក់រំលំនេះ។

លោកបន្ដថា៖ «សំណង់នេះជាមួយជាន់ទេ ផ្ទាល់ដី ហើយកំពុងសាងសង់បាន៦០ភាគរយ ការដែលបាក់នេះមិនបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋទេ។ យើងអត់ទាន់កំណត់មូលហេតុបានទេ ព្រោះក្រុមការងារជំនាញកំពុងធ្វើការ សិក្សានៅលើទីតាំងនៅឡើយ»។ 

កាលពីថ្ងៃទី២២ ខែមិថុនាកន្លងទៅ សំណង់អគារចិនមួយកម្ពស់៧ជាន់ ស្ថិតនៅកណ្ដាលក្រុងព្រះសីហនុ បានបាក់រលំ និងសង្កត់កម្មករចំនួន ២៨នាក់ស្លាប់ និង២៦នាក់ទៀតរងរបួស។

អតីតអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បញ្ជាក់ថា អគារដែលបាក់នេះធ្វើឡើងដោយខុសច្បាប់ ហើយលោកបានហាមឃាត់ពីរលើកដែរ តែក្រុមហ៊ុនចិននេះមិនព្រមស្តាប់។​

ក្រោយករណីបាក់អគារនេះ រដ្ឋាភិបាលបានបង្កើត​គណៈកម្មការ​មួយ ដើម្បីឲ្យត្រួតពិនិត្យ​សំណង់អគារទាំងអស់​នៅក្នុង​ខេត្ត​ព្រះសីហនុ ​ដោយក្រុមការងារនេះ​មាន​សមាសភាព​មន្ដ្រីចំនួន​១៥នាក់ មកពី​ក្រសួង​ដែនដី ទីស្តីការ​គណៈរដ្ឋមន្ត្រី ក្រសួងបរិស្ថាន និង​អាជ្ញាធរខេត្ត​ព្រះសីហនុ។

ប៉ុន្ដែ ជាង១០ថ្ងៃមកហើយចាប់តាំងពីព្រឹត្តិការណ៍បាក់រលំអគារកម្ពស់៧ជាន់នេះ ក្រុមជំនាញនៅមិនទាន់បង្ហាញលទ្ធផលស៊ើបអង្កេតរបស់ខ្លួនអំពីករណីបាក់អគារ៧ជាន់នេះនោះទេ ក្រៅតែពីចំណាត់ការរបស់តុលាការខេត្តព្រះសីហនុ ដែលបានសម្រេចឃុំខ្លួនជនជាតិចិនប្រុសស្រី៤នាក់ ពីបទ «មនុស្សឃាតដោយអចេតនា» និងបទ «សមគំនិតក្នុងអំពើមនុស្សឃាតដោយអចេតនា»៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ