សមត្ថកិច្ច ​រារាំងអ្នកមាន​ជម្លោះដីធ្លីនៅខេត្ត​កោះកុងមិន​ឲ្យ​ឈរ​​ក្បែរ​របង​ស្ថានទូតចិន

សមត្ថកិច្ចរារាំង អ្នកមានជម្លោះដីធ្លីមកពីស្រុកគិរីសាគរ និងបទុមសាគរ ខេត្តកោះកុង ដែលកំពុងមានជម្លោះដីធ្លីបាននាំគ្នាទៅតវ៉ានៅមុខស្ថានចិនជាថ្មីទៀត នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩។ រូបភាព៖ ខាន់ លក្ខិណា

សមត្ថកិច្ច ​រារាំងអ្នកមាន​ជម្លោះដីធ្លី​មកពីខេត្ត​កោះកុងមិន​ឱ្យ​ទៅ​ឈរ​នៅ​ក្បែរ​របង​ស្ថានទូតចិន ដោយ​សមត្ថកិច្ច​ថា​ ដើម្បីការពារសុវត្ថិភាពស្ថានទូត។

​នៅព្រឹកនេះ អ្នកមានជម្លោះដីធ្លីមកពីស្រុកគិរីសាគរ និងបទុមសាគរ ខេត្តកោះកុង ដែលកំពុងមានជម្លោះដីធ្លីបាននាំគ្នាទៅតវ៉ានៅមុខស្ថានចិនជាថ្មីទៀត ដើម្បីឱ្យស្ថានទូតហៅម្ចាស់ក្រុមហ៊ុន ញូញៀន ឌឹវើ​លុប​មែន​ គ្រុប មកបំភ្លឺ ករណីដែលក្រុមហ៊ុនចោទពួកគេថា បានទទួលសំណងរួចហើយ។ ប៉ុន្តែ​ ការ​តវ៉ា​នេះ​ ត្រូវ​ក្រុម​សមត្ថកិច្ច​រារាំង​ដោយ​មិន​អនុញ្ញាត​ឱ្យ​ពួកគេ​ទៅ​ឈរ​នៅ​ក្បែរ​របង​ស្ថានទូត​ឡើយ​។

ក្រុម​សន្តិសុខដែលចុះទៅរារាំងសកម្មជនដីធ្លីបានប្រាប់អ្នកសារព័ត៌មាន វី.អូ.ឌី ថា ការ​ដែលពួកគាត់រារាំងមិនឱ្យអ្នកតវ៉ាឈរជាប់របងស្ថានទូត លោកថា ធ្វើទៅតាមបញ្ជាថ្នាក់លើ។

​តំណាង​ពលរដ្ឋ​នៅ​ឃុំ​កោះ​ស្តេច ស្រុក​គិរី​សាគរ​ អ្នកស្រី​ សាំង​ ពុយ​ បង្ហាញការខកចិត្តចំពោះអាជ្ញាធរដែលរុញច្រាន និងចាប់ពួកគាត់មិនឱ្យឈរនៅក្បែររបងស្ថានទូតចិន។

អ្នកស្រី ថា៖ «យើងរស់នៅតាំងពីដូនតាមក សុខៗក្រុមហ៊ុនមកយក យុត្តិធម៌អត់?​  ពេលយើងមកទាមទារ ត្រូវអារសាច់ឈាមគ្នាឯង ពូជសាសន៍គ្នាជាន់ឈ្លីទៀត»។

ពលរដ្ឋម្នាក់ទៀត អ្នកស្រី ព្រាប​ រដ្ឋា លើកឡើងថា ពួកគាត់មកតវ៉ាជាថ្មីនេះ ដោយសារ រដ្ឋាភិបាល និងស្ថានទូតចិនមិនព្រមដោះស្រាយឱ្យពួកគាត់ ខណៈដែលជម្លោះដីធ្លីនេះ មានរយៈពេលជាង១០ ឆ្នាំមកហើយ។

 អ្នកស្រីមាន​ប្រសាសន៍​៖ «គាត់ដេញពួកយើងតាំងពីមុខស្ថានទូតមកដល់កន្លែងហ្នឹង ហើយយើងឈរនៅមុខស្ថានទូត អត់មានបង្កបញ្ហាអ្វីដល់ចរាចរណ៍ផង។ យើងគ្រាន់តែឈរកៀនជញ្ជាំងស្ថានទូតដេញពួកយើង រុញពួកយើង ចាប់បោះដូចសត្វដូចធាតុ។ សួរថា យុត្តិធម៌នៅកន្លែងណា ការប៉ះពាល់ដីធ្លីពេលដែលពួកយើងឡើងមកតវ៉ាម្ដងៗ រុញផង ច្រានផង ស្មានតែពួកយើងចង់មក អត់មកទេ ប៉ុន្តែ វាអត់ជម្រើស។ វាអត់មានដំណោះស្រាយសម្រាប់ពួកខ្ញុំ កុហកពួកយើងម្ដងហើយម្ដងទៀតគ្មានថ្ងៃណាបានស្បើយទេ ពួកខ្ញុំឈឺចាប់ បានពួកខ្ញុំមកនេះ»។

អ្នកស្រី អះអាងថា ពួកគាត់មិនដែលទទួលបានសំណងពីក្រុមហ៊ុន ញូ​ញៀន នោះទេ ចាប់តាំងពីជម្លោះរហូតដល់បច្ចុប្បន្ននេះ។

មន្រ្តីសម្របសម្រួលអង្គការលីកាដូប្រចាំខេត្ត​កោះកុង លោក​ ហ៊ួរ​ អ៊ី​ន ជំរុញ​ទៅ​ស្ថាន​ទូតចិន និងរដ្ឋាភិបាល ត្រូវ​ទទួលខុសត្រូវ​ និង​ដោះស្រាយ​សំណង​ជូន​ប្រជាពលរដ្ឋ​ ដើម្បី​កុំ​ឱ្យ​ពលរដ្ឋដើរតវ៉ាដោយសារបញ្ហាដីធ្លីបន្តទៀត។

លោកថា៖ «[រដ្ឋាភិបាល]មានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយ ក៏ដូចបង្ហាញឱ្យប្រជាជនទូទាំងប្រទេស ជារដ្ឋមន្ត្រីដែលមានចិត្តចង់ជួយប្រជាពលរដ្ឋ អាហ្នឹងគួរតែពន្លឿនក្នុងការដោះស្រាយទៅ មិនគួរឱ្យប្រជាពលរដ្ឋឡើងមកតវ៉ា ២ ខែឬ៣ ខែម្ដង នៅភ្នំពេញអ៊ីចឹងទេ។ ហើយចំពោះស្ថានទូតចិន គួរតែធ្វើការសិក្សាស្រាវជ្រាវឱ្យច្បាស់ដែរ តើពលរដ្ឋពិតជាបានទទួលសំណង ឬមិនមែន? បើសិនជាប្រជាពលរដ្ឋទទួលបានសំណង ពិតជាមានឯកសារហើយ ក្នុងការប្រគល់ និងទទួលលុយ។ អ៊ីចឹង ដោយសារ ប្រជាពលរដ្ឋមិនបានទទួលសំណង ហើយអ៊ីចឹងគាត់នៅតែបន្តតវ៉ាទៀត»។

កាលពី​ឆ្នាំ២០០៨​ រដ្ឋាភិបាល​បានសម្រេច​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ទំហំ​ ៣ម៉ឺន​ ៦ពាន់​ហិ​កតា​ ស្ថិតនៅ​ក្នុង​ស្រុក​បទុម​សាគរ​ និង​ស្រុក​គិរីសាគរ​ ខេត្តកោះកុង​ ទៅដល់​ក្រុមហ៊ុន​ចិន​ ញូ​ញៀន​ ឌឹវើ​លុប​មែន​ គ្រុប​ (Union​ Development​ Group​) ដើម្បី​ធ្វើការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​ និង​រមណីយដ្ឋាន​ទេសចរណ៍​ស្របតាម​ស្តង់ដារ​អន្តរជាតិ​។

របាយ​កា​រ​ណ៍​ និង​ការវិភាគ​ផ្លូវច្បាប់​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ (CLEC​) ឆ្នាំ២០១២​ បាន​រក​ឃើញថា​ គម្រោង​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន​ ញូ​ញៀន​ (UDG​) បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ ១​,១៤៣គ្រួសារ​ ត្រូវ​បង្ខំ​ឱ្យ​បោះបង់ចោល​ដីធ្លី​ប្រមាណ​ជាង ១០​០០០ហិ​កតា​ និង​ផ្ទះ ១៥០០ខ្នង​ ត្រូវ​បង្ខំ​ឱ្យ​រុះរើ​ និង​ឈូស​ឆាយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ