បទយកការណ៍៖ កាស៊ីណូ មន្ទីរពេទ្យ និងគេហដ្ឋាន នៅ​ព្រះសីហនុ ​ជីកអណ្តូងកាន់តែជ្រៅ ព្រោះខ្វះទឹកនៅរដូវប្រាំង

សំណង់អគារថ្មីៗនៅខេត្តព្រះសីហនុ ដែលកំពុងតែសាងសង់ ក្នុងខែមិថុនា ឆ្នាំ២០១៩។ រូបភាព៖ ជន ចាន់រ៉ែន

អណ្តូង​ទឹក​នៅ​មន្ទីរពេទ្យ​ធំមួយក្នុង​ទីក្រុង​ព្រះសីហនុបាន​រីងស្ងួតហួតហែង​កាលពីខែមីនា។ អាងស្តុក​ទឹក​បានរីងស្ងួត ទឹកបូមចេញពីម៉ាស៊ីន​ហូរ​តក់ៗ កន្លែង​អាជីវកម្ម និង​ផ្ទះ​ ពលរដ្ឋ​បង្ខំចិត្ត ​ជីកអណ្តូងជ្រៅ​ជាងមុន ដើម្បី​ស្វែង​រកដំណក់​ទឹកចិត្ត​ចុងក្រោយ​នៅ​ក្នុង​ក្រុងព្រះសីហនុ។

លោក វុទ្ធី ជា​មន្ត្រីម្នាក់នៅ​ក្រសួង​សុខាភិបាល​ បាន​និយាយថា នៅថ្ងៃមួយនោះ អ្នក​ជំងឺប្រហែល​១៨០​នាក់​គ្មាន​ទឹកប្រើប្រាស់សូម្បីចាក់បង្អន់និង ​លាងដៃនោះទេ។ លោកលើ​ក​ជា​សំណួរ​ថា “​បងគិតទៅមើល…ថា តើ​មន្ទីរពេទ្យ​របស់​ យើង​ធំក្លិន​យ៉ាងណា?”។

លោកសុំ​មិនប្រាប់ឈ្មោះ​ដោយ​សារខ្លាចប៉ះពាល់ដល់​ការងារ​របស់​លោក។ លោក វុទ្ធី បាន​និយាយថា ដោយ​សារ​វិនិយោគិន​ចិន​ភាគច្រើន​បាន​ចំណាយ​ប្រាក់​ច្រើន​សន្ធឹកសន្ធាប់​ទៅលើ​ការអភិវឌ្ឍអចល​នទ្រព្យថ្មី សណ្ឋាគារនិង​កាស៊ីណូនៅ​ទីក្រុង​ឆ្នេរ​សមុទ្រនេះ វាជា​លើក​ទី​១​ហើយ ដែលមន្ទីរពេទ្យបង្អែក​ចម្ការចេក បង្ខំចិត្ត​ដឹកទឹកពីក្រៅ។ នៅ​ឆ្នាំ​នេះ មន្ទីរពេទ្យ​បង្អែកចម្ការចេកបាន​ជីក​អណ្តូង​ថ្មីបីបន្ថែមទៀត ប៉ុន្តែ​វាមិន គ្រប់គ្រាន់ទេ។

ស្ថានភាព​រឹតតែអាក្រក់ជាងនេះ នៅពេលដែល​សណ្ឋាគារមួយ​នៅក្បែរនោះ​បានជីកអណ្តូង​ជ្រៅនៅជាប់​ខាងក្រោយ​មន្ទីរ​ពេទ្យនេះ។

ស្របពេល​អង្គការសហប្រជាជាតិ​និង​សមាគមអាស៊ានព្យាករណ៍​អំពី​គ្រោះ​រាំងស្ងួតនៅ​ប្រទេសកម្ពុជា​ថាកាន់តែញឹកញាប់និង​ធ្ងន់​ធ្ងរជាងមុន ទីក្រុង​ព្រះស៊ីហនុ​ប្រឈមនឹង​បញ្ហា​កាន់តែ​ខ្លាំងឡើង​

ក្នុង​ការ​ផ្គត់​ផ្គង់តម្រូវការ​ទឹក​កាន់តែកើន​ច្រើន​ឡើង​នៅ​តាម​អាជីវកម្មផ្សេងទៀត ហើយគ្រួសារពលរដ្ឋ​មាន ​ការ​ចំណាយ ​ថ្លៃប្រើប្រាស់ទឹកច្រើនជាងមុន​និង​ការ​ផ្គត់​ផ្គង់ផ្អាកជាបន្តបន្ទាប់ផងដែរ។

ការអភិវឌ្ឍតំបន់ក្រុងយ៉ាងឆាប់រហ័ស

ការ​ប្រើប្រាស់ទឹករដ្ឋនៅទីក្រុងព្រះសីហនុកើន​ឡើងច្រើនជាង​ទ្វេដង​ចាប់​តាំង​ពី​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៨ ហើយ​កាលពីឆ្នាំ​ទៅ​ មាន​ការ​ប្រើ​ប្រាស់​ទឹកច្រើន​ជាង១០លានម៉ែត្រ​គូប​ នេះបើយោងតាម​តួលេខ ពីអង្គភាព​​រដ្ឋាករទឹកខេត្តព្រះសីហនុ។

លោក ផន រតនៈ ប្រធាន​អង្គភាព​រដ្ឋាករទឹកខេត្ត​ព្រះសីហនុមាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ទីក្រុង​ព្រះសីហនុ ​ត្រូវ​ការ​ទឹក៤០.០០០​ម៉ែត្រគូប​ក្នុង​មួយ​ ថ្ងៃ។ លោក​ រតនៈ មាន​ប្រសាសន៍​ថា “​ការផ្គត់ផ្គង់​ទឹកមិន​គ្រប់គ្រាន់ទេ ពីព្រោះ​តម្រូវការ​ខ្ពស់ពេក ដោយសារតែ​មានសកម្មភាពសាងសងកើនឡើងឆាប់រហ័ស​ពី​ ក្រុមវិនិយោគិនចិន​ ក្នុង​ខេត្ត​ព្រះសីហនុ”។

លោក​បាន​បន្ថែមថា សព្វថ្ងៃ រដ្ឋាករទឹក​ពឹងផ្អែក​ទាំង​ស្រុង​លើ​ក្រុម​ហ៊ុនឯក​ជន​ ដើម្បី​ឆ្លើយ​តបនឹង​តម្រូវ​ ការ​កើន​ឡើង​ក្នុងខេត្ត។ ក្រុមហ៊ុន​នោះ គឺក្រុមហ៊ុន​ អានកូ វ៉ធើរ សឹបផ្លាយ (Anco Water Supply) ដែល​នាយកក្រុម​ហ៊ុននេះ គឺលោក កុក អាន ជា​សេដ្ឋីនិង​ជា​សមាជិកព្រឹទ្ធសភារបស់​គណបក្ស​កាន់អំណាច។ ជាមួយនឹង​តម្លៃ​១២០០​រៀល ក្នុងមួយ​ម៉ែត្រគូប (ប្រហែល ០,៣០ ដុល្លារ) អង្គភាពរដ្ឋាករទឹកខេត្តត្រូវ​ ចំណាយ​អស់​ ១៥.៦០០​ដុល្លារ​​ក្នុងមួយថ្ងៃលើ​ថ្លៃទឹក។

រដ្ឋាការទឹកបានលក់ទឹកនេះបន្តទៅសាធារណជន​ក្នុង​អត្រាខ្ពស់ជាងនេះ ប្រសិនបើ​ពួកគាត់ប្រើប្រាស់លើស​ ពី​៣ម៉ែត្រ​គូប​ក្នុងមួយថ្ងៃ។ លោក ណាំ គីតេង ជា​នាយក​ក្រុម​ហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ (Anco Water Supply) បាន​មាន​ប្រសាសន៍ថា មុន​ខែឧសភា​ឆ្នាំ​២០១៨ ក្រុមហ៊ុនអានកូ​ត្រូវ​បាន​អនុញ្ញាតឲ្យ​តំឡើង​បណ្តាញ ​ចែកចាយ​ទឹក​នៅតាម​តំបន់​ជាយក្រុងសម្រាប់​ភោជនីយដ្ឋាន សណ្ឋាគារ កាស៊ីណូ និង​ទីតាំងអាជីវកម្មផ្សេងៗទៀតនិង​តំបន់សេដ្ឋកិច្ច​ពិសេសប៉ុណ្ណោះ។

ប៉ុន្តែ​​ចាប់តាំងពីពេលនោះមក អង្គភាព​រដ្ឋាករទឹកបាន​ពឹងផ្អែក​លើ​ក្រុម​ហ៊ុនអានកូក្នុងការ​ផ្គត់ផ្គង់ទឹកដល់​ គ្រួសារពលរដ្ឋផងដែរ។ លោក គីតេង មាន​ប្រសាសន៍ថា រដ្ឋាករទឹក​បាន​បញ្ឈប់​ការ​ផលិត​ទឹកស្អាត​របស់ខ្លួន​ដោយ​សារអតីត​ប្រភព​ទឹកសា​បបឹងព្រែកទប់មិន​អាច​យក​មក​ចម្រោះ​បាន​តទៅទៀត​ ពីព្រោះ​មាន​ការ​ចាក់ ដីលប់​សម្រាប់​ការ​អភិវឌ្ឍនាពេល​អនាគត។

លោក រតនៈ​ មាន​ប្រសាសន៍ថា ការ​ចម្រាញ់ទឹកស្អាតពី​បឹងនេះ​ត្រូវ​បាន​បញ្ឈប់​ ដោយ​សារគម្រោងអភិវឌ្ឍ ​និង​ដោយ​សាររដ្ឋាភិបាល​មាន​ប្រភព​ទឹកស្អាត​មួយ​ទៀត​គឺក្បាលឆាយ​ ជា​អាងដែល​មានទឹកស្តុក​គ្រប់គ្រាន់។

លោក គីតេង មាន​ប្រសាសន៍ថា ក្រុមហ៊ុនមាន​លទ្ធភាពផ្គត់ផ្គង់ទឹកគ្រប់គ្រាន់​ ដើម្បី​ឆ្លើយ​តបនឹងតម្រូវ​ការ​ទឹកដែលកំពុង​កើនឡើង​ក្នុង​ខេត្តនេះ។ លោកមាន​ប្រសាសន៍ថា ក្រុមហ៊ុនអានកូចាប់ផ្តើម​ប្រើប្រាស់​អាងស្តុកទឹកទី​២​កាល​ពីចុងឆ្នាំមុន​ ដោយ​បង្កើន ​ការ​ផ្គត់ផ្គង់ទឹកប្រចាំថ្ងៃរបស់ខ្លួន​ពី​៤០.០០០ម៉ែត្រគូប ​ដល់១០០.០០០ម៉ែត្រគូប​។

សកម្មភាពសាងសង់ច្រើនពេក

លោក កែវ វី អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រងគ្រោះមហន្តរាយបាន​មាន​ប្រសាសន៍ថា កង្វះទឹកប្រើប្រាស់​ ក្នុង​ខេត្តព្រះសីហនុ​បានចាប់ផ្តើម​ពីខែកុម្ភៈ​ គឺកើត​ឡើង​ពីរ​ខែ​ឆាប់ជាងឆ្នាំមុន។

លោកមាន​ប្រសាសន៍ថា “​ដោយសារតែ​មាន​ការ​សាងសង់ច្រើនពេកការ​ផ្គត់ផ្គង់ទឹកប្រចាំថ្ងៃមិនគ្រប់គ្រាន់ទេ”។

អាជ្ញាធរខេត្ត​បាន​ឲ្យ​ដឹងថា ពី​ឆ្នាំ​២០០៥​ដល់​ឆ្នាំ​២០១៦​ យ៉ាងហោចណាស់​មាន​គម្រោង​ សាងសង់ថ្មី​៥០​ ត្រូវ​បាន​អនុញ្ញាតសម្រាប់អាគារដែល​មាន​កម្ពស់​ចាប់​ពី​៥ជាន់​ដល់​៣៥ជាន់។ ចំណែក​ក្នុងឆ្នាំ​២០១៧គម្រោង​អគារថ្មី​ចំនួន​១១​ទៀត​ដែល​មាន​កម្ពស់ចាប់ពី​៨ជាន់ដល់​៤២​ជាន់​ត្រូវ​បាន​អនុញ្ញាត។

មក​ដល់​ឆ្នាំ​២០១៨ គម្រោង​អគារ​ថ្មី​៧៥​ទៀត​ដែល​មាន​កម្ពស់យ៉ាងហោចណាស់​៥ជាន់ត្រូវ​បាន​អនុញ្ញាត ហើយ​ល្បឿននៃការសាសង់ទើបតែកើន​ឡើង​​​ក្នុងរយៈពេល​បី​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៩​នេះ ដោយ​មាន​គម្រោង សាងសង់ថ្មី​៤០​គម្រោង​ត្រូវ​បាន​អនុញ្ញាតរួច​ហើយ។

ចំនួ​ន​ភ្ញៀវ​ទេសចរណ៍​ចិន​មក​ទស្សនាប្រទេសកម្ពុជាក៏កើន​ឡើង​ជារៀង​រាល់​ឆ្នាំ។ ក្នុង​ឆ្នាំ​២០១៧ ប្រទេសចិនបាន ​វ៉ាដាច់​​ប្រទេសវៀតណាមក្លាយ​ជា​ប្រភព​ភ្ញៀវ​ទេសចរណ៍ប្រចាំឆ្នាំ​ខ្ពស់បំផុត ដោយ​ក្នុង​ ឆ្នាំ​២០១៧​ មាន​ភ្ញៀវទេសចរណ៍​ចិន​១,២​លាន​នាក់ ចំណែក​ក្នុងឆ្នាំ​២០១៨​ មាន​ភ្ញៀវ​ទេសចរណ៍​ចិន​ ប្រហែល​២លាន​នាក់​បាន​ចូល​មក​ទស្សនាប្រទេសកម្ពុជា។

ចំនួន​ភ្ញៀវចិន​មក​ស្វែង​រក​ការវិនិយោគក៏កើន​ឡើង​៧៥​ភាគរយ​ផងដែរ​ គឺ​កើន​ពី​ប្រហែល​៩១.០០០​នាក់​ក្នុង ​ឆ្នាំ​២០១៥ ដល់ជិត​ ១៦០.០០០​នាក់​ក្នុង​ឆ្នាំ​២០១៧ នេះបើយោងតាម​តួលេខក្រសួង​ទេសចរណ៍។

ឧស្សាហកម្មកាស៊ីណូដែលកំពុងកើន​ឡើង​ក៏ជួប​បញ្ហា​ខ្វះខាតទឹក​ផងដែរ​។ លោក ឡុង ចាន់រ៉ាក់ យ៉ា ប្រធាន​ផ្នែក​រដ្ឋបាលនៅ​ New Golden Wealth Casino បាន​និយាយថា សណ្ឋាគារនិង​ កាស៊ីណូ ​ក្នុងក្រុង​ព្រះសីហនុ​ដែល​បាន​បើក​ដំណើរ​ការ​កាល​ពីចុង​ឆ្នាំ​២០១៨ ក៏មាន​បញ្ហា​ខ្វះខាតទឹក សម្រាប់ភ្ញៀវ​ប្រើប្រាស់​ផងដែរ។

លោក ចាន់រ៉ាក យ៉ា បាន​និយាយថា សណ្ឋាគារនិងកាស៊ីណូ​ដែល​មាន​១៨០​បន្ទប់​នេះ​ បាន​តម្លើងម៉ាស៊ីនបូមទឹកចំនួនពីរពីរ​ ដើម្បី​​បូមទឹក​ដាក់​អាស្តុក​ទឹក​ចំណុះ ១០.០០០ម៉ែត្រគូប​ទាំងបីរបស់សណ្ឋាគារនិងកាស៊ីណូ។ ប៉ុន្តែ​ការ​បូមទឹកនេះ​លែងមាន ​ប្រសិទ្ធិ​ភាព​នៅ​ត្រឹម​ខែ​មករា​ ហើយ​កាស៊ីណូ​ត្រូវ​ចំណាយ​ប្រាក់​ ៩០​ដុល្លារ​រៀង​រាល់ថ្ងៃឬក៏ពីរថ្ងៃម្តង ដើម្បី​ឲ្យ​គេដឹកទឹក​មក​ផ្គត់ផ្គង់។

ចាន់រ៉ាក យ៉ា និយាយថា “​វាប៉ះពាល់គ្រប់គ្នា​ មិន​ថាតែ​ពលរដ្ឋក្នុងក្រុងនេះទេ ពីព្រោះនៅពេល​ទឹកអត់ចេញ​ អត់មានប្រើ ទាំងប្រជាពលរដ្ឋធម្មតា ទាំង​សណ្ឋាគារនិងកាស៊ីណូ ​អត់​មាន​ទឹកប្រើដូចគ្នាហ្នឹង”។ កាលពីខែ​មីនា កាស៊ីណូ ឈប់ទិញទឹកពីក្រៅ នៅពេល​ពួកគេ​បានត​ភ្ជាប់បំពង់ទឹក​ជាមួយក្រុមហ៊ុនអានកូ វ៉តធើរ សឹបផ្លាយ បន្ថែមពីលើ​ការតភ្ជាប់​បណ្តាញ ទឹក​ដែល​មាន​ស្រាប់​ជាមួយ​អង្គភាព​រដ្ឋាករ​ទឹក​ខេត្ត។

អ្នក​សារព័ត៌មាន​មិន​អាច​សុំការបញ្ជាក់ថា តើ​កាស៊ីណូនេះ​ត្រូវ​បាន​បើក​ដំណើរ​ការដោយដែគូរវិនិយោគ ​ជនជាតិ​ចិនមែនឬយ៉ាងណានោះទេ។ លោកឧកញ៉ា ភូ ទុនហេង ដែល​មាន​ឈ្មោះ​ជា​ប្រធាន ​ក្រុម​ប្រឹក្សាភិបាល​ របស់ ​កាស៊ីណូនេះ​ ក្នុង​បញ្ជី​អាជីវកម្មរបស់​ក្រសួង​ពាណិជ្ជកម្ម នោះ​មិនអាច​ទាក់ទង ដើម្បី​សុំ​ការ​អត្ថាធិប្បាយ ​បាន​ទេ។

ការធ្វើអាជីវកម្ម អំឡុងពេលមានគ្រោះរាំងស្ងួត

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យ​មន្ត្រីមូលដ្ឋានជីកអណ្តូង​ ដើម្បី​ត្រៀម​សម្រាប់ពេល​ រាំង​ស្ងួត។

“​ឆ្នាំ​នេះអាជ្ញាទូទាំង​ប្រទេស​ត្រូវ​ត្រៀម​ជីកអណ្តូង​ជំនួស​ឲ្យ​ការ​ដឹកទឹក​ទៅ​ចែកជូននៅ​តំបន់ដែល​ខ្វះខាត ទឹកនៅឆ្ងាយៗ។ វាគឺជាមធ្យោបាយ​ល្អ​មួយ​ បើទោះបីជា​យើង​ត្រូវ​ជីកជ្រៅជាងមុន​ក៏ដោយ” នេះបើ​តាម ​ប្រសាសន៍លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ដែលបាន​ថ្លែងកាលពីខែ​មីនា​និង​ត្រូ​វបាន​ដកស្រង់ ដោយ កាសែត​ភ្នំពេញប៉ុស្តិ៍។

លោក វុទ្ធី បាន​មាន​ប្រសាសន៍ថា មុខរបរជីកអណ្តូង​និង​លក់​ទឹក​ចាប់​ផ្តើម​រកកម្រៃបាន​ច្រើន​គួរសម។ តម្លៃជីកអណ្តូង​បានកើត​ពីប្រហែល​១០០​០​ដុល្លារ​កាលពីដើមឆ្នាំ​នេះ ដល់​ប្រហែល​២.៥០០​ដុល្លារ​ ហើយវាពិតជា​ពិបាក​រកជួល​ណាស់ ដោយ​សារតម្រូវ​ការអណ្តូង​ទឹកថ្មី​។ លោកបាន​បន្ថែមថា “ដោយ​សារយើង​គឺជា​អ្នក​ផ្តល់សេវាសុខភាព​រដ្ឋ ដូច្នេះ​យើង​ត្រូវ​បាន​ផ្តល់​អាទិភាព ពីព្រោះ [ អ្នក​ជីកអណ្តូង ] ជាប់មមាញឹក​ជាមួយ​អតិថិជន”។

លោក ម៉េង មាន ជា​ម្ចាស់​ក្រុម​ហ៊ុនជីកអណ្តូង​មាន​មូលដ្ឋាននៅទីក្រុងភ្នំពេញ​ បាននិយាយថា អតិថិជនរបស់​លោកភាគច្រើន​គឺក្រុម​ហ៊ុន​ចិននិង​ក្រុមហ៊ុនអចលនទ្រព្យ​ផ្សេងទៀតដែល​ជួលឲ្យ​ជនជាតិ​ចិននៅ ក្រុងព្រះសីហនុ។ លោក ម៉េង មាន បាន​និយាយថា ជា​មធ្យម​ដណ្តូង​មួ​យ​មាន​តម្លៃ​ប្រហែល​២០០០ដុល្លារអាស្រ័យ​លើ​ទីតាំង​និង​ជម្រៅ​របស់​វា។ លោកពន្យល់ថា “​កាលណាអ្នក​ជីក​កាន់តែ​ជ្រៅ​ តម្លៃក៏កាន់តែ​ថ្លៃដែរ។

តាម​ធម្មតា អណ្តូងមាន​ជម្រៅពី​៤០​ទៅ​៥០ម៉ែត្រ ប៉ុន្តែឥឡូវនេះ អណ្តូងនៅ​ក្រុងព្រះសីហនុ​ច្រើន​តែ​ មាន​ជម្រៅ ​​​ប្រហែល​៧០​ទៅ​៨០ម៉ែត្រ ហើយ​អណ្តូងខ្លះ​អាចមាន​ជម្រៅ​ជ្រៅ​ដល់​១០០​ម៉ែត្រ​ក៏មាន។

លោក ម៉េង មាន បាន​និយាយថា “មុខរបរជីកអណ្តូង​កាន់តែ​កាក់កបទៅៗ​ ចាប់តាំងពីឆ្នាំ​មុន ដោយសារតែមាន​កង្វះខាតទឹកកាន់តែ​ច្រើន​ឡើងៗ ហើយ​អាកាសធាតុ​កាន់តែ​ក្តៅឡើងៗ”។

លោក ប្រាក់ សុវណ្ណ ប្រធាន​មន្ទីរអភិ​វឌ្ឍជនបទខេត្ត​ព្រះសីហនុនិយាយថាមាន​ការ​កើន​ឡើង​ចំនួន​អណ្តូង​ច្រើនគួរ​ឲ្យ​កត់សម្គាល់​ ហើយវាសឹងតែមួយ​ផ្ទះមាន​អណ្តូង​មួយ​ទៅហើយ។

ប៉ុន្តែខណៈ​ការ​ជីអណ្តូងថ្មី​អាចផ្តល់​ទឹកខ្លះក៏ដោយ ក៏​អណ្តូងទាំង​នោះ​នៅតែពឹងផ្អែកលើ​ បរិមាណ​ទឹក ក្នុងទឹកក្រោមដីដែលមាន​កំណត់។

លោក ហេង សុថុនរិទ្ធិ​ ប្រធាន​មន្ទីរធនធាន​ទឹកនិង​ឧតុនិយម​ខេត្តព្រះសីហានុមាន​ប្រសាសន៍​ថា មន្ទីររបស់​លោកកំពុង​ពិចារណា​កសាងស្រះស្តុក​ទឹក ដើម្បី​ត្រៀម​សម្រាប់គ្រោះរាំងស្ងួតនាពេលអនាគត។

លោក សុថុនរិទ្ធិ មាន​ប្រសាសន៍ថា រដូវប្រាំងអូសបន្លាយ​​ បូករួម​នឹងការ​ជីក​អណ្តូង​ ស្នប់​តាម​សណ្ឋាគារ និង​កាស៊ីណូ​ផងនោះបាន​ស្រូប​យក​ប្រភពទឹកក្រោម​ដី​។ លោក​មាន​ប្រសាសន៍ថា “យើង​ប្រើ​ប្រាស់ទឹក ហើយ​មិនយូរ​មិន​ឆាប់ វានឹង​អស់ជាមិនខានយើងមិនបានលើកចិត្តអោយពួកគាត់ជីកអណ្តូងទេ”។

គ្រោះរាំងស្ងួតនឹងកើតមាន​​ច្រើនឆ្នាំទៅមុខទៀត

របាយ​ការណ៍​ដែលចេញ​ផ្សាយ​កាលពីខែ​មេសាដោយ​គណៈកម្មការសង្គមនិង​សេដ្ឋកិច្ច​អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីនិង​ប៉ាស៊ីហ្វិក (ESCAP) និង​សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (Asean) បាន​ឲ្យ​ដឹងថានៅទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍ “​នឹង​មាន​គ្រោះរាំងស្ងួត​ច្រើនឆ្នាំទៅមុខទៀត ហើយ​តំបន់​ដែល​ជួប​​គ្រោះរាំងស្ងួត​ ទំនងជា​ផ្លាស់ប្តូរ​ពីតំបន់មួយ​ទៅ​តំបន់មួយ​ទៀតនិង​រាល​ដាលធំជាងមុន​”។

ស្របពេល​តំបន់ដែល​ជួប​គ្រោះរាំងស្ងួតច្រើន​កើត​មាន​នៅតំបន់ខ្លះ​ក្នុង​ប្រទេស​វៀតណាមនិង​ឥណ្ឌូណេស៊ីនោះនៅពេលនេះ គេរំពឹងថា គ្រោះ​រាំង​ស្ងួតនឹង​រាល​ដាលធំជាងមុន។ របាយ​ការណ៍​ដដែលនេះ​បាន​ឲ្យ​ដឹងថា “​នៅពេលអនាគត​ ដ៏ខ្លី​នេះ បើទោះបីជា​ឥទ្ធិពល​បាតុភូតអែលនីណូមិនសូវ​ធ្ងន់ធ្ងរ ប៉ុន្តែ​តំបន់ជួប​គ្រោះរាំងស្ងួត ​នឹង​រីករាល​ដាល​មក​ប្រទេសកម្ពុជា”។

អំឡុង​ឆ្នាំ​២០១៥ដល់ឆ្នាំ​២០១៦ប្រជាពលរដ្ឋប្រហែល​២,៥លាននាក់​នៅប្រទេសកម្ពុជាបានរងផលប៉ះពាល់​ដោយ​សារ គ្រោះរាំង​ស្ងួត កង្វះទឹក​ ដីខ្សោះជីវជាតិ ការបាត់បង់បសុសត្វនិង​ផលិតកម្មកសិកម្ម ធ្លាក់ចុះ ដោយសារ តែ​បាតុភូត​អែលនីណូ នេះបើយោងតាម​របាយការណ៍​របស់​ UNESCAP ។

លោក ស៊ឹម សារ៉ាក់ អាយុ​៦០​ឆ្នាំ​ ជាអតីតកសិករ​មកពីខេត្តកំពង់​ស្ពឺ​បានចំនាកស្រុកនិង​មករកស៊ីលក់ទឺកនៅខេត្តព្រះសីហនុ​កាល​ពី​ខែកុម្ភៈ​ ដោយ​ទិញ​ពីគ្រួសារ ប្រជាពលរដ្ឋក្នុង មូលដ្ឋាន​ដែល​នៅមាន​លទ្ធភាព​បូមពីអណ្តូងរបស់ពួកគេ។

លោកនិយាយថាភាគច្រើន​លោកដឹកទឹកលក់​ឲ្យ​កាស៊ីណូ​និង​សណ្ឋាគារ​ទើបសង់ថ្មដែល​ភ្ញៀវ​ចិន​ស្នាក់នៅ​និង​លក់ឲ្យ​ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន​ដែលត្រូវ​ការ​ទឹកប្រើប្រាស់ជាលក្ខណៈ​គ្រួសារ។តាមរយៈ​មុខ​របរ​ដឹកទឹកលក់ លោក សារ៉ាក់ និយាយថា លោកអាច​រកចំណូល​បាន​ប្រហែល​១០០០ ដុល្លារ ទៅ២០០០​ដុល្លារ ក្នុងមួយខែ “​ប្រសើរជាងកាល​ដែលខ្ញុំធ្វើ​ស្រែចម្ការនៅផ្ទះឆ្ងាយ​ណាស់”។ កាលលោកជាកសិករ លោកអាច​រកចំណូល​បាន​ ប្រហែល​២៥០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយខែ។

លោក Philip Hirsch ជា​អ្នក​ជំនាញ​ផ្នែក​គ្រប់គ្រងធម្មជាតិនិង​នយោបាយ​បរិស្ថាន នៅតំបន់អាស៊ីអាគ្នេយ៍ មាន​ប្រសាសន៍ថា គួរ​ផ្តល់អាទិភាព​ចំពោះ​ការ​ប្រើ​ប្រាស់ទឹកក្នុងគ្រួសារនិង​ការ​ទទួល​ទាន បន្ទាប់ មក​ការប្រើប្រាស់​ សម្រាប់​ផ្នែក​កសិកម្មនិង​ឧស្សាហកម្ម​ និង​បន្ទាប់មកទៀតគឺ​ការ​ប្រើប្រាស់​បែប​ខ្ជះខ្ជាយ។

លោកមាន​ប្រសានស៍ថា “​ការ​ផ្តល់​អាទិភាព​លើការបម្រុង​ទឹកសម្រាប់​ការប្រើប្រាស់ទឹកក្នុងសង្គមគ្រួសារ​ច្រើន​ ជាង​ការ​បម្រុងទឹកសម្រាប់​ ការ​ប្រើប្រាស់​របស់​អាជីព​កម្មដ៏មាន​ឥទ្ធិពល ​នោះគឺជា​គោលការ​មួយ” ដែល​តម្រូវឲ្យមាន​ ការ​រៀប​ចំ​វិធានការ​សមស្រប​ទៅតាម​ប្រភពទឹកនិង​ប្រព័ន្ធផ្គត់ផ្គង់។

ពួកគេចូលមកកាន់តែច្រើន កាន់តែពិបាករកទឹកប្រើ

លោក គីម ស៊ា ជា​ចៅសង្កាត់នៅក្រុងព្រះសីហនុនិយាយថា ប្រជា​ពលរដ្ឋ៥០០​គ្រួសារក្នុង​សង្កាត់ របស់​លោ​កខ្វះ​ទឹក​ប្រើ​ប្រាស់អស់រយៈ​ពេល​ប្រហែល​២៥​ថ្ងៃ ហើយ​ត្រូវ​ទិញទឹកគេយក​មក​ប្រើ​។

លោក​ គីម ស៊ា បានសួរ​ទៅអាជ្ញាធរខេត្ត​ថា ហេតុអ្វីបាន​ជា​តំបន់​របស់​លោក​បូមទឹកមិនចេញ ប៉ុន្តែសំខាន់បំផុត​តំបន់សំណង់ សណ្ឋាគារថ្មីដ៏ច្រើនតាម​ឆ្នេរម៉េចទឹកអាចប្រើប្រាស់បានទៅដល់។ លោក គីម ស៊ា បាននិយាយថា “ពីមុន​យើង​គ្មាន​បញ្ហា​ទឹកទេ មុន​ពេល​ចិន​ចូលមក”​។ ដោយ​លោក​បាន​បន្ថែមថា បញ្ហា​នេះបានកើត​មាន​ក្នុង ​រយៈ​ពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ស្របពេល​វិស័យអចលនទ្រព្យ​ក្នុងស្រុ​កចាប់ផ្តើម​រីក​ដុះដាល។ លោក​បាន ​និយាយថា “​ពួកគេមកកាន់តែ​ច្រើន កាន់តែពិបាក​រកទឹកបូម”។

អ្នក​ខ្លះនិយាយថា អសមត្ថភាព​របស់​អាជ្ញាធរសាធារណៈ​ក្នុងការ​ផ្គត់​ផ្គង់ទឹក​ហាក់ដូចជា​មិន​ ឆ្លុះ​បញ្ចាំងលើ​ការ​ចំណាយ​របស់​ពួក គាត់ដែលត្រូវ​បង់​នោះទេ។ ដោយ​បាន​រស់នៅ​ក្នុងសង្កាត់នេះ ​តាំងពីឆ្នាំ​១៩៨១​ និង​បាន​ភ្ជាប់បណ្តាញ​ទឹក​រដ្ឋ​កាល​ពី​ឆ្នាំ​២០១០នោះ លោក អ៊ុក ចែម អាយុ​៦៧​ឆ្នាំ បាន​និយាយថា “​រៀង​រាល់​ខែ យើង​បាន​ចំណាយ​ប្រហែល​ពី​១០ដុល្លារ​ទៅ​១២,៥​ដុល្លារ​​ដើម្បី​ទិញ​ទឹកបន្ថែម​ពីលើ​ការបង់ថ្លៃ​ទឹករដ្ឋាករ​​ប្រចាំខែ​ [ប្រហែល​២៥ដុល្លារ]”។

លោក អ៊ុក ចែម​ បាន​និយាយថា “​ខ្ញុំ​មិន​ដឹងមូលហេតុអ្វីបានជា​តម្លៃនៅ​ដដែល​ បើទោះបីជា​យើង​គ្មានទឹក ប្រើ​ប្រាស់គ្រប់គ្រាន់”។ លោក រតនៈ ប្រធាន​អង្គភាព​រដ្ឋាករទឹកខេត្តព្រះសីហនុ​មាន​ ប្រសាសន៍ថា លោកមិន​បានដឹងពីបញ្ហា​ណាមួយដូចដែល​លោក ចែម លើក​ឡើង​នោះ ទេ ប៉ុន្តែថា ពលរដ្ឋគួរ​ផ្តល់​ដំណឹង​ទៅ​អង្គភាពរដ្ឋាករ​ទឹក​ ប្រសិនបើ​មាន​បញ្ហា​នេះកើត​ឡើង។

លោក អ៊ុក ចែម បាននិយាយថា ថ្ងៃខ្លះត្រូវប្រើពេល​កន្លះម៉ោង​ទើប​បាន​ទឹកពេញមួយធុង។ លោក​និយាយថា មាន​ពលរដ្ឋ ប្រហែល៥០​គ្រួសារ​ខ្វះទឹកប្រើ​ក្នុងភូមិ​របស់​លោក​ អំឡុង​ពេល​មាន​ការ​ខ្វះខាតទឹក។

លោក ចែម បាន​បន្ថែមថា “​ក្នុងភូមិរបស់​យើង​ យើងមិន​អាច​ប្រើទឹកខ្ជះខ្ជាយ​បានទេ។​ ជួនកាល​យើងមិន​ហ៊ាន​បោកសម្លៀកបំពាក់ញឹកញាប់ទេ គឺត្រឹមតែពីរ​ដងប៉ុណ្ណោះ​ក្នុង​មួយ​ខែ”៕


*​ វុទ្ធី​ គឺជា​ឈ្មោះ​ដែលអ្នកសរសេរព័ត៌មានបានប្រើ​តំណាង​ឲ្យ​មន្ត្រីក្រសួងសុខាភិបាល​ម្នាក់​​បម្រើ​ការ​នៅ​មន្ទីរពេទ្យបង្អែក​ចម្ការចេកក្នុង​ខេត្តព្រះសីហនុ។ លោក​បាន​ថ្លែ​ង​ក្នុង​លក្ខខណ្ឌមិន​បញ្ចេញ​ឈ្មោះពិត​ ដើម្បីចៀសវាង​កុំឲ្យ​ប៉ះពាល់​​ដល់​ការ​ងារ​របស់​លោក។

(រាយការណ៍បន្ថែមដោយ កញ្ញា ចាន់ មុយហុង និងលោក Matt Surrusco)

អត្ថបទដើមពី www.newnaratif.com

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ