អាមេរិក ស្នើជាថ្មីទៀតឲ្យរដ្ឋាភិបាលស៊ើបអង្កេតឃាតកម្មលោក កែម ឡី ប្រកបដោយតម្លាភាព

អ្នកស្រី ភោគ សេ ម្តាយលោកបណ្ឌិត កែម ឡី កំពុងជូតរៀបចំរូបថតរបស់កូន នៅមុខចេតិយ៍។ រូបភាព៖ សូត សុខប្រាថ្នា

សហរដ្ឋអាមេរិក ចាត់ទុកការបាញ់សម្លាប់លោក កែម ឡី ថាជាទង្វើដ៏កំសាក និងអំពាវនាវទៅរដ្ឋាភិបាលកម្ពុជាឲ្យស៊ើបអង្កេតឡើងវិញប្រកបដោយតម្លាភាព ដើម្បីផ្តល់យុត្តិធម៌ជូនក្រុមគ្រួសារ ដែលថាកំពុងទន្ទឹងរង់ចំា។

ស្ថានទូតអាមេរិកប្រចាំកម្ពុជា សរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួន នាថ្ងៃទី១១ ខែកក្កដាដូចនេះថា៖ «រដ្ឋាភិបាលសហរដ្ឋអាមេរិកសូមអំពាវនាវសារជាថ្មី ឲ្យរដ្ឋាភិបាលកម្ពុជាធ្វើការស៊ើបអង្កេតពេញលេញ ប្រកបដោយតម្លាភាព និងគួរអោយទុកចិត្តបាន ទៅលើការធ្វើឃាតលើលោក កែម ឡី»។

ក្រៅពីនេះ សហរដ្ឋអាមេរិកលើកឡើងទៀតថា ខ្លួនសូមសម្តែងផងដែរនូវសមានទុក្ខសារជាថ្មីដល់គ្រួសាររបស់លោក កែម ឡី ដែលថានៅកំពុងរង់ចាំ និងនៅសង្ឃឹមនៅឡើយលើការទទួលខុសត្រូវពេញលេញ។ អាមេរិកថា ឃាតកម្មនេះជា«ការសម្លាប់ដ៏កំសាក» និងដោយមិនសមហេតុផលលើរូបលោក កែម ឡី។

ស្ថានទូតអាមេរិក កាលពីឆ្នាំ២០១៧ អំឡុងគម្រប់ខួបមួយឆ្នាំនៃការបាញ់សម្លាប់ បានរំឭកដែរថា អាមេរិក«សង្ឃឹមថា អ្នកប្រព្រឹត្តនឹងត្រូវបានចាប់ឲ្យទទួលខុសត្រូវពេញលេញចំពោះអំពើលីលា និងដ៏កំសាកនេះ»

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា សំណុំរឿងនេះ តុលាការបានស៊ើបអង្កេតរហូតកាត់សេចក្តីរួចហើយ។

អ្នកនាំពាក្យរូបនេះ បន្តថា ម្យ៉ាងទៀតឃាតកម្មនេះសមត្ថកិច្ចចាប់បានឃាតករផ្ទាល់ដៃភ្លាមៗបន្ទាប់ពីឃាតកម្មរួច ដូចនេះ រដ្ឋាភិបាលមិនអាចទៅរកភស្តុតាងឯណាទៀតនោះទេ ហើយរដ្ឋាភិបាលក៏មិនធ្វើតាមការបង្គាប់បញ្ជាណា​មួយដែរ។

លោក មានប្រសាសន៍ថា៖ «អញ្ចឹងទេសរុបមកវិញ ខ្ញុំយល់ថា មជ្ឈដ្ឋានប្រឆាំងទាំងក្នុង និងក្រៅប្រទេស ទោះរដ្ឋាភិបាល ឬតុលាការធ្វើយ៉ាងណា ក៏នៅតែមិនពេញចិត្តគាត់ដែរ»។

លោក​ កែម​ ​ឡី​ ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់សម្លាប់​ នៅក្នុង​ស្តា​ម៉ាត​ ក្នុង​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​តិច​ស្តុ​បបូ​កគោ​ រាជធានី​ភ្នំពេញ​ កាល​ថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០១៦​ ។

 ​ឃាតកម្ម​នេះ​ កើតឡើង​ក្រោយពី​លោក ​កែម​ ឡី​ វិភាគ​បន្ថែម​ទៅលើ​របាយការណ៍​ស៊ើបអង្កេត​របស់​អង្គការ​អន្តរជាតិ​ ​GlobalWitness​ ​ដែល​របាយការណ៍​នោះបានលាតត្រដាង​ពី​ការ​ក្តោប​ក្តាប់​មុខ​ជំនួញ​របស់​គ្រួសារ​«ត្រកូល​ហ៊ុន​»។

៣ឆ្នាំ​មកនេះ​ សមត្ថកិច្ច​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល ​រួម​ទាំង​តុលាការ​ផង​ ចាប់ខ្លួន​បុរស​ម្នាក់​ប៉ុណ្ណោះ​មក​ផ្តន្ទា​ទោស​ គឺ​ឈ្មោះ​ អឿ​ត អាង​ ហៅ​ ​«ជួប​សម្លាប់​» ​ដោយ​កាត់ទោស​ឱ្យ​ជាប់ពន្ធ​នា​គារ​មួយ​ជីវិត​។

ប៉ុន្តែ កាលពីថ្ងៃទី៩ កក្កដា ឆ្នាំ២០១៩នេះ សង្គមស៊ីវិលជាតិ និងអន្តរជាតិ ចំនួន២៤ បានចេញសេចក្តីថ្លែងការណ៍រួមទាមទារទៅរដ្ឋាភិបាលឲ្យវែកមុខរកអ្នកនៅពីក្រោយឃាតកម្មនេះមកផ្តន្ទាទោសបន្ថែមទៀត ដើម្បីពង្រឹងនីតិរដ្ឋ និងផ្តល់យុត្តិធម៌ជូនគ្រួសារសព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ