ពលរដ្ឋដែលប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍ប្រឡាយមួយនៅស្វាយរៀង ជំរុញឲ្យអាជ្ញាធរផ្តល់សំណង

នៅថ្ងៃទី16 ខែកក្តដា ឆ្នាំ2019 សហគមន៍ មានជ័យ ស្ថិតក្នុងឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង បានទៅដាក់ញ្ញាត្តិនៅសាលាស្រុករំដួល រឿងជម្លោះដីធ្លីកន្លងមក។ រូបភាព៖ ហ្វេសប៊ុក សម្ព័ន្ធសហគមន៍កសិករកម្ពុជា CCFC Cambodia

ប្រជាពលរដ្ឋនៅស្រុករំដួល ខេត្តស្វាយរៀង ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ប្រឡាយមួយ បានទាមទារទៅអាជ្ញាធរឲ្យ​ដោះស្រាយសំណងជូនពួកគេ ខណៈពួកគេរង់ចាំ​រយៈពេល៦ឆ្នាំមក​ហើយ។

ពលរដ្ឋជាង៥០នាក់មកពីឃុំចំនួន២ គឺឃុំធ្នា និងឃុំម៉ឺនជ័យ ដែលអះអាងថា តំណាងឲ្យពលរដ្ឋ១៥២គ្រួសារ បានប្រមូលផ្តុំគ្នាមុខសាលាស្រុករំដួល នៅថ្ងៃនេះ ដើម្បីដាក់ញត្តិជំរុញទៅអាជ្ញាធរស្រុកពន្លឿនដោះស្រាយសំណង។

អ្នកស្រី ម៉ែន ដាវី ដែលអះអាងថា ជាតំណាងពលរដ្ឋនៅឃុំម៉ឺនជ័យប្រាប់ វី.អូ.ឌី ថា ពលរដ្ឋចំនួន៨ភូមិនៅឃុំធ្នា និងឃុំម៉ឺនជ័យ បានបាត់បង់ដីលំនៅឋាន និងស្រែ ដោយសារគម្រោងអភិវឌ្ឍន៍ប្រឡាយទឹកមួយខ្សែររបស់រដ្ឋាភិបាល។

តំណាងពលរដ្ឋរូបនេះឲ្យដឹងថា ផលប៉ះពាល់នោះកើតឡើងដោយសារអាជ្ញាធរបានអភិវឌ្ឍខុសគោលការណ៍ ដោយថា ប្រឡាយចាស់មានប្រវែងទទឹងតែ២៦ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែ ក្រោយអភិវឌ្ឍន៍ អាជ្ញាធរបានពង្រីករហូតទៅដល់ពី៧០ ទៅ១០០ម៉ែត្រ ទើប​ប៉ះពាល់ដីធ្លីពលរដ្ឋក្នុងទំហំច្រើនបែបនេះ។

អ្នកស្រី បន្ថែមថា៖ «នៅថ្ងៃនេះ ពួកខ្ញុំបានទៅដាក់ញត្តិបន្ថែម ដើម្បីបញ្ជាក់ប្រាប់អជ្ញាធរស្រុកថា ពួកខ្ញុំមិនមែនប៉ះពាល់តែផ្ទះសម្បែង ឬដីភូមិទេ គឺប៉ះពាល់ដីស្រែទៀត ដោយពុំមានដីសម្រាប់បង្កបង្កើនផលទេ។ អីចឹង ត្រូវឲ្យគាត់ដោះស្រាយឲ្យផលប៉ះពាល់ដីស្រែ។ ពេលពួកគាត់អត់ដីសម្រាប់បង្កបង្កើនផល អីចឹង បានធ្វើអ្នកភូមិខ្លះសម្រេចចិត្តចំណាកស្រុកទៅធ្វើការងារនៅបរទេស​​»

តំណាងពលរដ្ឋនៅឃុំធ្នា អ្នកស្រី វ៉ា ថាវី និយាយថា គ្រួសារអ្នកស្រីបានរងផលប៉ះពាល់ច្រើន​ជាងគេដោយបាត់បង់ដីស្រែ ដីភូមិ និងផ្ទះសម្បែងថែមទៀត ដោយរហូតមកពេលនេះ ពុំទទួលបានសំណងឡើយ ហើយថា ពេលនាំគ្នាតវ៉ាតែងតែរងការគំរាមកំហែងពីអាជ្ញាធរថែមទៀត។

តំណាងពលរដ្ឋរូបនេះបន្តថា ក្រោមគម្រោងអភិវឌ្ឍន៍ស្តារប្រឡាយប្រព័ន្ធធារាសាស្រ្តរបស់រដ្ឋាភិបាលនេះ មិនបានផ្តល់ផលចំនេញដល់ប្រជាពលរដ្ឋនៅសហគមន៍គាត់នោះទេ ដោយថា ប្រឡាយនោះជ្រៅ និងជញ្ជាំងខ្ពស់ៗ ដែលអ្នកភូមិមិនអាចមានមធ្យោបាយយកទឹកមកប្រើប្រាស់បានឡើយ។

អ្នកស្រី បន្ថែមថា៖ «នៅក្នុងឃុំធ្នាខ្ញុំ រងប៉ះពាល់ផ្ទះពលរដ្ឋអស់ច្រើនដែរ ខ្លាំងជាងគេ គ្រួសារខ្ញុំហ្នឹងហ្មង។ ខ្ញុំអស់ដីផ្ទះ ដីភូមិ ដីស្រែ។ ជុំវិញរឿងនេះ អ្នកភូមិខ្លះគេដាក់ពាក្យប្តឹង អ្នកខ្លះគេជាសមាជិកគណបក្សប្រជាជន គេអត់តវ៉ា គេអត់ប្តឹងទេ ទោះគេអស់ផ្ទះអស់ដីក៏គេអត់រវល់ដែរ។ ក្រៅពីហ្នឹងមានគេផ្តិតមេដៃដាក់ពាក្យប្តឹង ប៉ុន្តែ ដល់ឥលូវមានការគំរាមកំហែងខ្លាំងពេក ធ្វើឲ្យអ្នកភូមិខ្លះភ័យខ្លាចមិនហ៊ានតវ៉ា។ បើគ្រាន់តែយើងប្រជុំដប់នាក់ ប៉ូលីសឃុំគេមកព្រោងព្រាត»

មេឃុំម៉ឺនជ័យ លោក ម៉ៃ វឿន បានទទួលស្គាល់ថា ក្រោមគម្រោងអភិវឌ្ឍន៍ស្តារប្រឡាយដែលមានឈ្មោះថា «ប្រឡាយមេកីចក» ដែលតភ្ជាប់ពីរមាសហែក ខេត្តស្វាយរៀង គឺពិតជាបានបង្កផលប៉ះពាល់ដល់ពលរដ្ឋជាច្រើនគ្រួសារពិតមែន រួមទាំងពលរដ្ឋនៅក្នុងឃុំរបស់លោកផងដែរ។

មេឃុំរូបនេះបញ្ជាក់ថា តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ពេលកន្លងមក បានឲ្យដឹងថា ពលរដ្ឋដែលរងផលប៉ះពាល់ក្រោមគម្រោងអភិវឌ្ឍន៍ស្តារប្រឡាយនេះ គឺពុំត្រូវទទួលបានការដោះស្រាយសំណងជូននោះទេ ដោយថា រស់នៅលើដីប្រឡាយខុសច្បាប់។

លោក ថា៖ «ពលរដ្ឋបានទៅរស់នៅលើដីប្រឡាយ ប៉ុន្តែ ដីហ្នឹងយើងមិនបានឲ្យគាត់ដាច់ទេ។ យើងឲ្យគាត់នៅបណ្តោះអាសន្ន បើគាត់ទាមទារសំណងអីចឹង ខ្ញុំមិនមានលទ្ធភាពដោះស្រាយទេ។ ឯកសាររបស់ក្រសួងធនធានទឹកមានទាំងអស់គ្នា យើងចង់តវ៉ាយ៉ាងម៉េចយ៉ាងម៉ា តវ៉ាទៅ»

អភិបាលស្រុករំដួល លោក សុខា រាម មានប្រសាសន៍ថា ករណីវិវាទដីធ្លីរវាងពលរដ្ឋ និងគម្រោងអភិវឌ្ឍន៍ប្រឡាយនោះ គឺហួសពីដែនសមត្ថកិច្ចរបស់អាជ្ញាធរស្រុកក្នុងការដោះស្រាយ ដោយថា វាបានចូលទៅដល់ដៃតុលាការទៅហើយ។

លោក មានប្រសាសន៍ថា៖ «រឿងរបស់ពួកគាត់ប៉ះពាល់ប្រឡាយហ្នឹង ពួកគាត់បានដាក់ពាក្យទៅតុលាការហើយ អីចឹងអាជ្ញាធរមិនអាចធ្វើអីបានទេ អាហ្នឹងមានតែតុលាការជាអ្នកដោះស្រាយ។ ប៉ុន្តែ ខ្ញុំទទួលញត្តិរបស់ពួកគាត់ហ្នឹង ស្អែក ឬខានស្អែកហ្នឹង ខ្ញុំនឹងជួបជាមួយតំណាងរបស់គាត់ ខ្ញុំជម្រាប​ជូនគាត់ឲ្យច្បាស់អំពីរឿងហ្នឹង»

ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សារៀន មានប្រសាសន៍ថា ករណីវិវាទដីធ្លីរបស់ពលរដ្ឋខេត្តស្វាយរៀងនេះ គឺអាជ្ញាធរអនុវត្តផ្ទុយពីច្បាប់ភូមិបាល និងមិនបានពិនិត្យមើលស្ថានភាពជាក់ស្តែងនៃការរស់នៅរបស់ប្រជាពលរដ្ឋ។

លោក ថេង សាវៀន បានចាត់ទុកការលើកឡើងរបស់អាជ្ញាធរស្រុកដែលថា ហួសពីដែនសមត្ថកិច្ចក្នុងការដោះស្រាយនោះថា ជាការមិនទទួលខុសត្រូវ និងខកខានក្នុងការបំរើសេវាសាធារណៈទៅដល់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លោក បន្ថែមថា៖ «អីចឹង យើងស្នើទៅរដ្ឋាភិបាល ក៏ដូចជា តុលាការហ្នឹងពន្លឿនការដោះស្រាយឲ្យបានឆាប់ជូនពលរដ្ឋ ព្រោះថា រដូវនេះជារដូវបង្កបង្កើនផល។ អីចឹង ពលរដ្ឋត្រូវការដីធ្លីសម្រាប់បង្កបង្កើនផល ដើម្បីលើកកម្ពស់​សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់។ បើយើងមិនបានដោះស្រាយទេ វានឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ និងជីវភាពគ្រួសារផងដែរ»

តំណាងពលរដ្ឋអះអាងថា ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយគម្រោងអភិវឌ្ឍន៍ស្តារប្រឡាយមួយខ្សែនៅស្រុករំដួល ខេត្តស្វាយរៀងនោះ តាំងពីឆ្នាំ២០១៤ ដោយថា កាលពីដំបូងមានពលរដ្ឋជាង៣០០គ្រួសារបានរងផលប៉ះពាល់ ប៉ុន្តែ មានពលរដ្ឋតែ១៥២គ្រួសារហ៊ានចេញមុខតវ៉ាដោយសារភ័យខ្លាច ក្រោយអាជ្ញាធរគំរាមកំហែង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ