កម្ពុជា​បន្ត​ខ្វះ​ខាត​អំបិល​ជាង​៧​ម៉ឺន​តោនសម្រាប់​ផ្គត់​ផ្គង់​តម្រូវការ​ក្នុង​ស្រុក​ក្នុង​ឆ្នាំ​នេះ

កសិករប្រមូលអំបិល (រូបភាព៖ បណ្ដាញសង្គម)

សមាគម​ផលិត​អំបិល​កំពត​-កែប​ ឱ្យ​ដឹង​ថា​ ក្នុង​រដូវប្រាំង​ឆ្នាំ២០១៩នេះ​ សមាគម​ផលិត​អំបិល​បានតែ​ជាង ៣ម៉ឺន​តោន​ប៉ុណ្ណោះ​ ហើយ​ត្រូវ​នាំ​ចូល​ទំហំ​ខ្ទង់ ៥​ម៉ឺន​តោន​ពី​ក្រៅ​ប្រទេស ដើម្បី​បំពេញ​តម្រូវការ​អំបិល​នៅ​ក្នុង​ស្រុក​ ទំហំ​ប្រហែល ១០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ។

ប្រធាន​សមាគម​ផលិត​អំបិល ​លោក​ ប៊ុ​ន បារាំង​ មានប្រសាសន៍​ប្រាប់​ VOD​ ថា​ ការផលិត​អំបិល​នៅ​ឆ្នាំនេះ ​មានការ​កើនឡើង​បើ​ធៀប​នឹង​ឆ្នាំមុន ប៉ុន្តែ លោក​ថា កម្ពុជា​នៅ​តែ​បន្ត​ប្រឈម​មុខ​នឹង​កង្វះ​អំបិល​ដដែល ដែល​លោក​ថា បណ្ដាល​មក​ពី​បញ្ហា​អាកាស​ធាតុ និង​កម្លាំង​ពលកម្ម។

បើ​តាម​ប្រធាន​សមាគម​អំបិល​រូប​នេះ កម្ពុជា​​នៅ​ខ្វះ​អំបិល​ជាង ៧ម៉ឺន​តោន​ទៀត​សម្រាប់​ចែកចាយ​ ហើយ​​សមាគម​គ្រោង​នាំចូល​អំបិល​ជាង ៥ម៉ឺន​តោន​ពីក្រៅ​ប្រទេស​ ដើម្បី​យក​មក​ផ្គត់ផ្គង់​​តម្រូវ​ការ​ក្នុង​ស្រុក។

លោក ប៊ុន បារាំង ប្រាប់​ថា​៖ «នៅពេល​ដែល​យើង​ផលិត​បាន​តិច​ បានតែ​ប៉ុណ្ណេះ​តោន ​គឺ​យើង​ខ្វះ​ហើយ​។ អ៊ីចឹង​ យើង​ត្រូវ​សុំ​ទៅ​ក្រុមប្រឹក្សា​ភិបាល ​ដើម្បី​ឱ្យ​គាត់​គិតថា ​ត្រូវ​នាំចូល​ប៉ុន្មាន​ម៉ឺន​តោន​។ អាហ្នឹង​ស្រេចតែលើ​ក្រុមប្រឹក្សា​ភិបាល​ជា​អ្នក​សម្រេច​»

បើ​តាម​លោក​ ប៊ុ​ន បារាំង​ ដើម្បី​ឆ្លើយតបទៅនឹង​បញ្ហា​កង្វះខាត​អំ​បិ​លជាប់​ៗគ្នា​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ លោក​បាន​ដាក់​សំ​ណើទៅ​ក្រុមប្រឹក្សា​ភិបាល​ក្នុង​ការនាំចូល​ម៉ាស៊ីន​ផលិត​អំបិល​សម្រាប់​ផលិត​វិញ​ តែ​នៅ​មិនទាន់​មានការ​ឆ្លើយតប​យ៉ាងណា​នោះ​ទេ​។

នាយក​គ្រប់គ្រង​គម្រោង​កសិកម្ម​ឈ្លាសវៃ ​លោក​ ប៊ុ​ន សា​នី​កា​ មានប្រសាសន៍​គាំទ្រ​ចំពោះ​ការនាំចូល​ម៉ាស៊ីន​ផលិត​អំបិល​នេះ​ តែ​លោក​បញ្ជាក់​ថា ​បញ្ហា​នៃ​ការផលិត​អំបិល​មិនបាន​គ្រប់​គ្រាន់​នៅ​កម្ពុជា ​មិនមែន​បណ្ដាលមកពី​បញ្ហា​អាកាសធាតុ​នោះ​ទេ ​គឺ​បញ្ហា​ខ្វះ​កម្លាំង​ពលកម្ម​ និង​តម្លៃ​ដែល​ធ្វើ​បាន​មាន​កម្រិតទាប​។

លោក​ព្រមាន​ថា​ ប្រសិនជា​កម្ពុជា​នៅតែ​មាន​បញ្ហា​នេះ​បន្ត​ទៀត​នោះ ​វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អនាគត​អំបិល​កម្ពុជា​ ដែល​ធ្វើ​ឱ្យ​មានការ​នាំចូល​ច្រើនជាង​ការផលិត​ ឬនាំចូល​សុទ្ធ​ ដែល​នៅពេល​នោះ​ហើយ ​ធ្វើ​ឱ្យ​តម្លៃ​អំបិល​នៅ​លើ​ទីផ្សារ​ គឺ​ត្រូវ​បាន​កំណត់​តាម​អ្នកនាំ​ចូល​វិញ​ម្តង​។

លោក ​សា​នី​កា​ ប្រាប់​ថា៖ «យ៉ាង​យូរ​ប្រាំ​ឆ្នាំ​ទៀត ​គឺ​អំបិល​លែង​មាន​ហើយ​។ យើង​ចាប់ផ្ដើម​ទិញ​អំបិល​ពី​គេ​ហើយ​ ហើយ​អំបិល​ គឺជា​វត្ថុធាតុ​មួយ​ដែល​មនុស្ស​ត្រូវការ​បំផុត​ ហើយ​គេ​អាច​ខ្ទប់​ច្រមុះ​យើង​យ៉ាង​ងាយ​ ព្រោះ​អំបិល​អ្នកណា​ក៏​ត្រូវការ​ដែរ​។ លោក​សម្លឹង​មើល​ប្រទេស​ឡាវ​អត់មាន​អំបិល​នឹងគេ​ទេ​! ដូច្នេះ ​គេ​ចង់ថា ​តម្លៃ​ប៉ុន្មាន​ក៏បាន​ដែរ ​យើង​ត្រូវតែ​ទិញ​ដាច់ខាត​។ ដូច្នេះ​ គួរតែ​រក្សា​អំបិល​របស់​យើង​ឱ្យ​មានបាន​ ព្រោះ​បើ​យើង​មិន​ថែរក្សា​ទេ​ គេ​យក​ដី​ហ្នឹង​ទៅ​ធ្វើ​ផ្ទះល្វែង​ ទៅ​ធ្វើជា​រមណីយដ្ឋាន​អី​ហើយ​ ហើយ​ចុងក្រោយ​យើង​គ្មាន​អី​ទេ​»

លោក​ជំរុញ​ឱ្យ​រដ្ឋា​ភិ​បា​លប្រ​មូល​ទិន្នន័យ​នៃ​ផ្ទៃដី​ស្រែអំបិល​ដែល​សល់​ និង​ហាមឃាត់​រាល់​ការ​លក់​ផ្ទៃដី​ស្រែអំបិល​ទាំងអស់​នេះ​ ធ្វើការ​គាំទ្រ​ជំរុញ​ទីផ្សារ​អំបិល​ គាំទ្រ​ដល់​តម្លៃ​អំបិល​ និង​តម្លៃ​ពលកម្ម​ផង​ដែរ​។

VOD មិនទាន់អាចសុំការឆ្លើយបំភ្លឺពីអ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក អ៊ុំ សុថា និងអនុរដ្ឋលេខាធិការក្រសួង ​លោក សុន សេងហួត ដែល​ទទួលបន្ទុកផ្នែកអំបិល​នេះបាននៅឡើយទេ ដោយលោកទាំងពីរប្រាប់​ថា លោកជាប់ប្រជុំ។

កម្ពុជា​ជួបប្រទះ​បញ្ហា​ខ្វះខាត​អំបិល​ចំនួន ៣ឆ្នាំ​ហើយ​ ពោល​គឺ​ចាប់តាំងពី​ឆ្នាំ២០១៧មក​ ខណៈ​ក្នុង​ឆ្នាំ២០១៨​ សមាគម​ផលិត​អំបិល​កំពត​-កែប​ បាន​ដាក់​លិខិត​ទៅ​ក្រសួង​ឧស្សាហកម្ម​ ដើម្បី​រំលាយ​ចោល​ផង​ដែរ​ តែ​ក្រសួង​មិន​អនុញ្ញាត​។

បច្ចុប្បន្ន​ កម្ពុជា​មាន​កសិដ្ឋាន​ផលិត​អំបិល ៧កន្លែង​ក្នុង​ខេត្ត​កែប​ និង​កំពត​ ដោយមាន​ផ្ទៃដី​សរុប​ចំនួន ៤៦០០ហិកតា​ ក្នុង​នោះ​មាន​ក្រុម​ផលិតករ​ជាង​ ២០០នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ