ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ផ្តល់យោបល់ទៅរដ្ឋាភិបាលកម្ពុជាឲ្យធ្វើការស្ទង់មតិអំពីបច្ចុប្បន្នភាពនៃការបង់ប្រាក់ក្រៅផ្លូវការនៅក្នុងប្រព័ន្ធយុត្តិធម៌ ដើម្បីទប់ស្កាត់កុំឲ្យមហាជនប្រើហិង្សាកាត់ក្តីជនសង្ស័យក្រៅប្រព័ន្ធច្បាប់។
របាយការណ៍ចុះថ្ងៃទី១៨ ខែកក្កដា ឧត្តមស្នងការអង្គការសហប្រជាជាតិ បានលើកឡើងថា ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៨ អំពើហិង្សាដែលហៅថា «ការកាត់ទោសដោយមហាជន» បានកើតឡើង៧៣ករណី ក្នុងនោះ ៥៧ករណី ជនសង្ស័យត្រូវបានសម្លាប់ (២២ករណី ត្រូវបានសម្លាប់បន្ទាប់ពីមានការចោទថាបានប្រព្រឹត្តិមិនល្អក្នុងសង្គម ដូចជា លួច ឬបទល្មើសដទៃទៀត រួមទាំងគ្រោះថ្នាក់ចរាចរណ៍ ហើយ៣៥ករណី ត្រូវបានសម្លាប់ដែរបន្ទាប់ពីមានការចោទពីអំពើអាបធ្មប់) និង១៦ករណីទៀត ជនសង្ស័យបានរងរបួស។
ការិយាល័យ (OHCHR) បានអះអាងថា ទិន្នន័យនេះ ខ្លួនបានធ្វើទស្សនកិច្ចចំនួន៣៩ដង ចុះដល់ទីកន្លែងកើតហេតុនៃការកាត់ទោសដោយមហាជន ធ្វើកិច្ចសម្ភាសន៍យកព័ត៌មានជាង១៩០លើក ជាមួយជនរងគ្រោះ គ្រួសារជនរងគ្រោះ អ្នកជិតខាង សាក្សី និងជនល្មើសដែលត្រូវចោទប្រាកាន់។
ស្ថាប័នអង្គការសហប្រជាជាតិមួយនេះ បញ្ជាក់ថា អ្នកផ្តល់បទសម្ភាសន៍ជាច្រើននាក់ បានបង្ហាញពីភាពគ្មានទំនុកចិត្តលើមន្ត្រីនគរបាល ប្រព័ន្ធតុលាការ និងប្រព័ន្ធគ្រប់គ្រងពន្ធនាគារ ថាមានអំពើពុករលួយ។
របាយការណ៍ថា អ្នកផ្តល់បទសម្ភាសន៍ថា បើពួកគេប្តឹង អាជ្ញាធរតម្រូវឲ្យបង់លុយ ចំណែកអ្នកប្រព្រឹត្តជាប់ទោសក្នុងរយៈពេលខ្លី ធ្វើឲ្យពួកគេភ័យខ្លាចថា ជនទាំងឡាយទទួលទោសមិនទាន់កែប្រែឥរិយាបថនោះ អាចនឹងសងសឹកអ្នកចោទប្រកាន់វិញ ធ្វើឲ្យពួកគេគិតថា «ការកំចាត់ចោលជាក់ស្តែងនូវជនទាំងឡាយដែលធ្វើឲ្យប៉ះពាល់សណ្តាប់ធ្លាប់សង្គម គឺជាមធ្យោបាយតែមួយគត់ ដើម្បីស្តារឡើងវិញនូវសន្តិសុខ និងសន្តិភាពយូរអង្វែង»។
ការិយាល័យឧត្តមស្នងការបានសន្និដ្ឋានថា ការកាត់ទោសដោយមហាជននៅកម្ពុជា ក៏ដូចជា នៅក្នុងប្រទេសដទៃជុំវិញពិភពលោក បានរីកធំធាត់ ដោយសារកង្វះជំនឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌ និងនីតិរដ្ឋ ឥរិយាបថរើសអើងក្នុងសង្គម ភាពក្រីក្រ និងកង្វះការអប់រំ ពិសេសការអប់រំផ្នែកសិទ្ធិមនុស្ស។
ស្ថាប័នជំនាញផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិនេះបានផ្តល់អនុសាសន៍ថា អាជ្ញាធរត្រូវតែថ្កោលទោសជាសាធារណៈរាល់អំពើកាត់ទោសដោយមហាជន ត្រូវធ្វើការស្ទង់មតិអំពីបច្ចុប្បន្នភាពនៃការបង់ប្រាក់ក្រៅផ្លូវច្បាប់នៅក្នុងប្រព័ន្ធយុត្តិធម៌ ដើម្បីជាមធ្យោបាយមួយនៃការស្វែងយល់នៃអំពើពុករលួយ និងកសាងទំនុកចិត្តនៅក្នុងសហគមន៍។ អាជ្ញាធរ ត្រូវធ្វើការសិក្សាអំពីសុចរិតភាពតុលាការ ដូចដែលបានព្រមព្រៀងនៅក្នុងសូចនាករតាមដានរួមរបស់ក្រុមការងារបច្ចេកទេស ស្តីពីកំណែទម្រង់ប្រព័ន្ធច្បាប់ និងយុត្តិធម៌។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា របាយការណ៍នេះ ភាគច្រើនអាចទទួលយកបានសម្រាប់យកមកពិចារណា។ ប៉ុន្តែ លោកថា ដើម្បីទប់ស្កាត់បញ្ហានេះ គេត្រូវសហការគ្នាជាប្រព័ន្ធ មានទាំងសង្គមស៊ីវិលផងដែរ ដោយមិនត្រូវរង់ចាំតែស្តីបន្ទោសលើប្រព័ន្ធយុត្តិធម៌ ហើយមិនពន្យល់ពលរដ្ឋឲ្យយល់ពីច្បាប់នោះទេ។
លោក បានថា៖ «អ្នកខ្លះពេលដែលព្រឹត្តិការណ៍ហ្នឹងកើតឡើង ចោទប្រកាន់តែសមត្ថកិច្ចនិងតុលាការទេ ដូចជា អ្នកវិភាគ អ្នកអត្ថាធិប្បាយ ដើម្បីតែរិះគន់សមត្ថកិច្ច តិះទៀនប្រព័ន្ធច្បាប់ តិះទៀនប្រព័ន្ធតុលាការ ប៉ុន្តែ អត់បានពន្យល់អប់រំពលរដ្ឋឲ្យយល់ថា ទង្វើនេះជាទង្វើខុសច្បាប់ទេ ដើម្បីតែរិះគន់រដ្ឋាភិបាល រិះគន់សមត្ថកិច្ច ខ្លួនហាក់ដូចជាលើកទឹកចិត្តឲ្យពលរដ្ឋធ្វើបែបហ្នឹង អញ្ចឹងត្រូវចូលរួមទាំងអស់គ្នា»។
អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា ផ្តល់ជាយោបល់ថា ដើម្បីទប់ស្កាត់តុលាការមហាជន រដ្ឋាភិបាលត្រូវបណ្តុះបណ្តាលដល់មន្ត្រីពាក់ព័ន្ធឲ្យយល់ដឹងពីសិទ្ធិមនុស្ស បន្តការផ្សព្វផ្សាយឲ្យពលរដ្ឋយល់ដឹង ទប់ស្កាត់អំពើពុករលួយ ដើម្បីឲ្យពលរដ្ឋមានជំនឿលើប្រព័ន្ធយុត្តិធម៌ឡើងវិញ។
លោក បន្តថា៖ «ការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជាយើង គួរតែពង្រឹងឲ្យបានខ្លាំងក្លាឡើងវិញ។ បើសិនជាក្រុមន្ត្រី ឬសមត្ថកិច្ចរូបណាដែលបានអនុវត្តមិនបានត្រឹមត្រូវ ឬគ្មានសមត្ថភាពធ្វើការរបស់ខ្លួនឲ្យបានត្រឹមត្រូវទេ ត្រូវមានវិធានការ»។
យ៉ាងនេះក្តី ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ចាត់ទុកថា ការខិតខំប្រឹងប្រែងដើម្បីបំបាត់អំពើពុករលួយ ពង្រឹងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា មានសារសំខាន់ក្នុងការទប់ស្កាត់ការប្រើអំពើហិង្សា កាត់ទោសជនសង្ស័យក្រៅប្រព័ន្ធតុលាការ៕